(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ រួមទាំងអភិបាលរងខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ទ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញទទួលសម្ភារៈបរិក្ខារពេទ្យចម្រុះ ចំនួន១៥០កេស ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ហ៊ុន ម៉ាណែត និងលោកស្រីពេជ ចន្ទមុនី ប្រធានក្រុមប្រឹក្សាភិបាល TYDA ដែលបានចាត់ឱ្យក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំយកមកផ្តល់ជូនដល់រដ្ឋបាលខេត្តត្បូងឃ្មុំ។
លោក ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ នូវទឹកចិត្តដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេ ក៏ដូចជាលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុនី ដែលបាននាំយកមកឧបត្ថម្ភផ្តល់ជូនសម្ភារៈបរិក្ខារពេទ្យចម្រុះយ៉ាងច្រើនទាំងនេះ ដើម្បីចែកជូនក្រុមគ្រូពេទ្យ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ប្រយុទ្ធទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ជាបន្តទៀត។
ចំពោះសម្ភារៈបរិក្ខារពេទ្យទាំង១៥០កេស រួមមាន៖ សម្ភារៈរុំ និងថែទាំរបួស សម្ភារៈជំនួយការពិនិត្យជំងឺទូទៅ និងរោគស្ត្រី ជំនួយការងារមន្ទីរពិសោធន៍ ជំនួយការវះកាត់ និងបរិក្ខារផ្សេងៗ ជាច្រើនទៀត៕