(ភ្នំពេញ)៖ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ គឺជាខួបគម្រប់ ២៣ឆ្នាំហើយ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានគេប៉ុនប៉ងធ្វើឃាត និងបាញ់គ្រាប់រ៉ូកែតបេ៤០ រហូតដល់ទៅ៤គ្រាប់សំដៅចូលក្បួនរថយន្តរបស់សម្តេច ហើយក្នុងនោះមានគ្រាប់រ៉ូកែតមួយគ្រាប់ ដែលក្រុមឃាតកបាញ់សម្តៅរថយន្តសម្តេចនោះ មិនហោះទៅត្រូវរថយន្តសម្តេចបែរជាហោះទៅត្រូវផ្ទះប្រជាពលរដ្ឋនាំឲ្យពលរដ្ឋម្នាក់បានស្លាប់។

ព្រឹត្តិការណ៍ប៉ុនប៉ងធ្វើឃាតនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដែលមិនអាចបំភ្លេចបានឡើយ។ សម្តេចតេជោ ហ៊ុន សែន តែងបានរំលឹកពីការធ្វើឃាតនេះ តែមិនបានរៀបរាប់ឲ្យបានលំអិតពីព្រឹត្តិការណ៍នេះឡើយ។

កាលពីរាត្រីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលជាអ្នកស្ថិតនៅក្នុងព្រឹត្តិការណ៍នេះដែរ បានចេញមករៀបរាប់រំលឹកព្រឹត្តិការណ៍នោះយ៉ាងលំអិត ដើម្បីចែកជូនប្រជាពលរដ្ឋខ្មែរបានជ្រាបពីព្រឹត្តិការណ៍ដ៏សំខាន់របស់ខ្មែរ ក្នុងគ្រាដែលវិបត្តិនៃភ្លើងសង្គ្រាមមិនទាន់បិទបញ្ចប់ទាំងស្រុងនោះ។

ខាងក្រោមនេះ គឺខ្លឹមសារទាំងស្រុងនៃព្រឹត្តិការណ៍ប៉ុនប៉ងធ្វើឃាតសម្តេចតេជោ ហ៊ុន សែន ដែលរៀបរាប់ដោយលោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ៖

ថ្ងៃនេះសម្តេចតេជោរំលឹកពីខួបទី២៣ នៃការប៉ុនប៉ងធ្វើឃាតសម្តេចនៅសៀមរាប។ ខ្ញុំសូមអនុញ្ញាតរំលឹករឿងនេះ ព្រោះកាលនោះខ្ញុំនៅជាប់នឹងការងារនេះ។ បើនិយាយរឿងនេះ ខ្ញុំនៅតែព្រឺព្រួចនឹកឃើញសំដីលោកជីវតាក្វាន់ ពេលដែលលោកមកប្រទេសខ្មែរសម័យអង្គរ។ ពិតមែនតែសម័យលោក ជីវតាក្វាន់ មកដល់ស្រុកខ្មែរ ប្រទេសយើងចាប់ផ្តើមទន់ខ្សោយខ្លះហើយក្តី ក៏ប៉ុន្តែចំណុចមួយដែលលោក ជីវតាក្វាន់ កត់សម្គាល់ គឺ៖ «ទេវតារក្សាស្រុកនេះខ្លាំងពូកែណាស់»

ថ្ងៃ២៤ ខែកញ្ញា ១៩៩៨ គឺជាថ្ងៃដែលសម្តេចឪកំណត់ជាថ្ងៃគណបក្សដែលបានទទួលអាសនៈក្នុងសភាចូលប្រជុំនៅសៀមរាប និងទៅស្បថនៅមុខអង្គរ។ យើងត្រូវទៅជួបជុំគ្នានៅសៀមរាបតាំងពីថ្ងៃទី២៣ កញ្ញា (សម័យនោះ មិនមានជើងយន្តហោះច្រើនទេ ហើយផ្លូវមិនមានសុវត្ថិភាព១០០% ដូចពេលនេះដែរ)។

នៅរសៀលថ្ងៃទី២៣ សម្តេចតេជោ នឹងមកដល់ជុំជាមួយពួកយើងដែលសម្រាកនៅសណ្ឋាគារលោក សៀងណាំ។ តែនៅយប់ថ្ងៃទី២២ កញ្ញា សម្តេចបានយល់សប្តិឃើញព្រលឹងម្តាយរបស់លោកមកប្រាប់ថា បើទៅសៀមរាបត្រូវទៅដុតធូបសុំសុខនៅវត្តព្រះអង្គខ្មៅ។ សម្តេចអត់ស្គាល់វត្តព្រះអង្គខ្មៅនៅឯណាទេ។

លុះព្រឹកថ្ងៃទី២៣ លោកបានឲ្យគេសួរទើបដឹងថា វត្តព្រះអង្គខ្មៅនេះនៅក្នុងអង្គរធំ តាមផ្លូវទៅប្រាសាទបាយ័នតែម្តង។ នៅរសៀលថ្ងៃទី២៣ នោះ សម្តេចនិងសមាជិកជាប់ឆ្នោតជាសភានៃគណបក្សប្រជាជនទាំងអស់បានជិះរថយន្តក្រុងរួមគ្នាមួយ (រួមទាំងខ្ញុំផង) ទៅវត្តព្រះអង្គខ្មៅ។

ក្រុមអភិរក្សអង្គរបានឲ្យដឹងថា ហេតុបានជាវត្តនេះមាននាមវត្តព្រះអង្គខ្មៅយ៉ាងនេះ ដោយក្នុងសម័យសង្គ្រាមសាសនាក្រោយអង្គរ រវាងព្រហ្មញ្ញ និងពុទ្ធសាសនា គេបានដុតវត្តនេះរោលរាលទាំងព្រះបដិមាព្រះពុទ្ធឡើងខ្មៅអ៊ូញ ទើបគេឲ្យឈ្មោះវត្តនេះរហូតមក។ ក្រោយពីធ្វើការបន់ស្រន់ហើយ សម្តេចតេជោបានចាក់គម្ពីរ ត្រូវត្រង់ព្រះពោធិ៍សត្វប្រសូតនៅក្នុងរាជវង្សតែព្រះអង្គមិនមានបន្ទូលអីទាំងអស់ ដូចជាគថ្លង់ រហូតដល់ព្រះបិតាទ្រាំលែងបានបញ្ជាឲ្យយកទៅសម្លាប់ចោល តែមិនសុគត។

គម្ពីរបានចែងថា «មានការលំបាកមុន តែចុងក្រោយល្អណាស់»។ សម្តេចតេជោ បានមើលឃើញការប្រជុំនៅថ្ងៃទី២៤ កញ្ញា គឺមានន័យដូចគម្ពីរថា «ដល់ក្រោយល្អណាស់» នោះឯង។

នៅក្នុងរថយន្តសម្តេចសួរថា «អ្នកណាចង់ទៅណា ទាន់អញមានលុយ?» (សម្តេចតែងមានទម្លាប់និយាយជាមួយពួកខ្ញុំអញ) ខ្ញុំបានតបថា «បងជានាយករដ្ឋមន្ត្រីនៅតែមួយកន្លែងទៅ លុយទុកឲ្យខ្ញុំដើរចាយវិញ»។ នៅយប់នេះ ចាប់ពីពេលអធ្រាត្រទៅ ស្រាប់តែមានភ្លៀងធ្លាក់ជោកជាំរហូតដល់ភ្លឺ។ គឺភ្លៀងនោះហើយដែលបានជួយសង្គ្រោះជីវិតសម្តេចតេជោ...។

ភ្លៀងធ្លាក់ជោកជាំរហូតដល់ម៉ោង ៦ព្រឹកទើបដាច់។ ខ្ញុំក៏ចេញទៅស្រស់ស្រូបនៅភោជនីយដ្ឋាន «បន្ទាយស្រី» ដោយយកក្រុមអង្គរក្សផ្ទាល់របស់សម្តេចស្ទើរទាំងអស់ទៅជាមួយ (ខ្ញុំចាំថា នៅព្រឹកនោះអស់៩០ដុល្លារ)។ ស្រស់ស្រូបស្ទើរមិនទាន់ចប់ផង ភ្លៀងចាប់ផ្តើមបង្អុរយ៉ាងខ្លាំងមកទៀត (នៅម៉ោងជិត៧)។ ពួកយើងប្រញាប់រូតរះមកសណ្ឋាគារវិញ ហើយចាប់ផ្តើមស្លៀកក្បិន (មានក្រុមខាងវិចិត្រសិល្បៈមកពីភ្នំពេញជួយចងក្បិនយើង)។

តាមការរៀបចំ សម្តេចត្រូវទៅដល់ព្រះរាជដំណាក់មុនគេ ហេតុនេះយើងត្រូវចេញមុនគណបក្សនានា (មុនទាំងសម្តេច ជា ស៊ីម ជាប្រធានបក្សទៅទៀត)។ សម្តេចជិះរថយន្តទី២ បន្ទាប់ពីឡាននាំមុខ ហើយឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលជិះរថយន្តតូចបន្ត។ ពួកខ្ញុំជិះឡាន មីនីវ៉ាន់ បន្តពីក្រោយឡានតូច។ ដោយខ្ញុំចង់ថតរូបបានល្អផង ខ្ញុំក៏ទៅអង្គុយមុខគេជាប់អ្នកបើកឡាន (ឡានចង្កូតស្តាំកាលនោះ) ហេតុនេះខ្ញុំអង្គុយខ្ពស់ជាងឡានតូចៗដែលនៅមុខ។

យើងអង្គុយជជែកគ្នាសើចលេងពេញរថយន្ត ស្រាប់តែឮសូរក្ឌាំង។ ខ្ញុំសំលឹងមើលទៅមុខឃើញផ្សែងខៀវពណ៌ពងក្រសារមួយដុំក្រាស់នៅខាងស្តាំដៃ តែមិនដឹងមានរឿងអីទេ។ អង្គរក្សនៅអង្គុយជាមួយសម្តេចប្រាប់ខ្ញុំថា នៅពេលនោះសម្តេចកំពុងឱនជូតវ៉ែនតា ហើយបន្ទាប់ពីនោះភ្លាម លោកសួរថាមានអីគេណឹង? ទាំងអស់គ្នា អត់ដឹងថា ជាអីទាំងអស់ (ព្រោះគ្មានអ្នកណាមើលឃើញគ្រាប់រត់កាត់ពីលើកាប៉ូឡានទាន់ទេ)។ ហើយក្បួនចេះតែបន្តដំណើរទៅ។

ពេលឡានខ្ញុំមកដល់កន្លែងបាញ់នេះ ក៏អត់ចាប់ភ្លឹកអីដែរ ព្រោះមិនបានមើលទៅផ្ទះដែលខូចខាតនៅឆ្វេងដៃ (ហើយបើឃើញខូចខាត ក៏មិនចាប់អារម្មណ៍ដែរ ព្រោះសម័យនោះមិនមានផ្ទះថ្មីទេ)។ ដោយឃើញម្តុំនោះ មានកន្លែងប៉ះកង់ជាច្រើនរួមទាំងបំពង់ខ្យល់ផង ខ្ញុំក៏គិតថា ជាការផ្ទុះបំពង់ខ្យល់ហើយ ក៏និយាយលេងប្រាប់គ្នាថា «ពីសម័យមុន តែផ្ទុះបែបនេះច្បាស់ជាកំបុតកហើយ»។ ក្បួនយើងទៅដល់ព្រះរាជដំណាក់ ដោយមានការទទួលតាមពិធីការ ហើយពួកយើងជាសមាជិកគណបក្សប្រជាជន ត្រូវគេដាក់ឲ្យអង្គុយតាមកន្លែងទៅតាមអាយុ។ សម្តេច សខេង មានអាយុស្មើខ្ញុំហេតុនេះនៅអង្គុយជាប់ជាមួយខ្ញុំ។

ក្នុងសម័យប្រជុំទីមួយសភា ប្រធានបក្សនានាដែលមានអាសនៈក្នុងសភា អង្គុយកៅអីជួរមុខទាំងអស់គ្នា។ នៅពេលនោះ ទើបសម្តេច ស ខេង (នៅជារដ្ឋមន្ត្រីមហាផ្ទៃ) បានទទួលទូរស័ព្ទមកថា មានការបង្កៃគ្រាប់បេ៤០ បួនគ្រាប់លាក់ក្នុងគុម្ពផ្កាក្រដាសអមផ្លូវ ហើយបញ្ជាដោយប្រព័ន្ធទូរសព្ទចល័ត។

សំណាងដោយសារយប់នោះមានភ្លៀងធ្វើឲ្យសើមប្រពន័្ធតខ្សែទើបផ្ទុះតែមួយគ្រាប់ខាងដើម បើផ្ទុះទាំង៤គ្រាប់ សម្តេចតេជោគ្មានសល់អីទេ (រថយន្តលោកជិះជារថយន្ត Land Cruiser ធម្មតា មិនមែនពាសដែកទេ)។

នៅក្នុងសម័យនោះ បញ្ឆិតទល់មុខកន្លែងបង្កៃគ្រាប់ គឺជារង្គសាលដែលមានរាំរែករហូតជិតភ្លឺ ហើយកន្លែងទល់មុខ រួមទាំងកន្លែងបង្កៃគ្រាប់ (នៅឆ្ងាយពីគេបន្តិច) ជាកន្លែងដែលតែងមានអ្នកម៉ូតូឌុបនៅរង់ចាំភ្ញៀវ ហេតុនេះពួកគេអាចសម្ងំបង្កៃគ្រាប់បាន។

សម្តេច ស ខេង ឲ្យខ្ញុំទៅរាយការណ៍ជូនសម្តេចនៅជួរមុខ។ សម្តេចនៅស្ងៀម។ ខ្ញុំក៏ត្រលប់មកអង្គុយវិញ។ បន្តិចមកទៀត ក្រុមសន្តិសុខបានលើកសំនួរមួយទៀត។ នោះគឺថា តើសម្តេចគួរបន្តទៅស្បថនៅអង្គរវត្តទេ? (តាមផ្លូវទៅអង្គរវត្តសុទ្ធតែព្រៃក្រាស់ មិនដូចពេលនេះទេ) ព្រោះមិនបានត្រៀមមានបញ្ហានេះកើតឡើង ពោល គឺត្រៀមកម្លាំងសន្តិសុខ (តែបើមិនទៅស្បថ គឺមិនពេញសិទ្ធិជាតំណាងរាស្ត្រទេ)។ សម្តេច ស ខេង ឲ្យខ្ញុំទៅសួរសម្តេចតេជោម្តងទៀត។

ខ្ញុំដើរទៅសួរសម្តេចតេជោ ជាលើកទី២។ សម្តេចគិតមួយសន្ទុះ ទើបមានប្រសាសន៍ថា «ទៅ» រួចសម្តេចពន្យល់ខ្ញុំថា «នៅពេលបាញ់ទីមួយ គេអាចធ្វើបានព្រោះគេកំណត់ម៉ោងឲ្យយើងដើរ តែពេលទៅស្បថអត់មានកំណត់ថា អ្នកណាទៅមុនទៅក្រោយទេ ហេតុនេះលទ្ធភាពវាយប្រហារមានតិចបំផុត»

សម្តេចពិតជាមេទ័ពពូកែមែន។ យើងក៏បានចេញទៅស្បថដោយសុវត្ថិភាព។ នៅពេលត្រលប់មកពីស្បថ យើងមកសណ្ឋាគារវិញ ពេលនោះទើបដំណឹងពីរឿងគ្រាប់បង្កៃនេះបានចាប់ផ្តើមសាយភាយ។ នៅម៉ោងបាយ សម្តេចបានហៅខ្ញុំទៅជួបនៅក្នុងបន្ទប់សម្រាករបស់លោក។ យើងនៅតែពីរនាក់។ អ្វីដែលខ្ញុំចាំជាងគេគឺម្ហូប សម្លបែបខ្មែរមួយថាស ក្នុងនោះមានកូនចានដាក់ទឹកត្រីសុទ្ធមួយ ហើយសម្តេចអង្គុយសម្លឹងជ្រប់មើលសម្លនេះ។ នៅពេលដែលសម្តេចសម្លឹងមើលខ្ញុំៗគិតថា បើលោកស្រក់ទឹកភ្នែក គឺពិតជាដំណក់ឈាមហើយ។ លោកមិនមែនក្តៅក្រហាយរឿងគេប៉ងសម្លាប់លោកទេ តែគឺលោកឈឺចិត្តដែលលោកបានប្រឹងប្រែងឲ្យចេញជាសភារួច និយាយគ្នារកសុខឲ្យខ្មែរ តែទីបំផុតបែរជាប៉ុនប៉ងសម្លាប់លោកទៅវិញ។ នេះជាទឹកមុខដែលខ្ញុំចាំរហូត។

បន្ទាប់ពីការរៀបរាប់ចប់សព្វគ្រប់នូវព្រឹត្តិការណ៍ដ៏ព្រឺព្រួច និងឈឺចាប់មួយនេះ លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានអះអាថា ថ្ងៃនេះជាថ្ងៃសីលធំ ជាថ្ងៃផ្តើមបិណ្ឌ ដូច្នេះរឿងដែលលោកបានរំលឹកពីការប៉ុនប៉ងធ្វើឃាតសម្តេច ហ៊ុន សែន មិនមានបញ្ចេញបញ្ចូលអ្វីទាំងអស់។

ជាចុងក្រោយលោក ខៀវ កាញារីទ្ធ ក៏បានបួងសួងសូមឲ្យកម្ពុជាជួបតែសុខសន្តិភាព មនុស្សអាក្រក់ឲ្យក្លាយចេះកាន់បុណ្យទាន ហើយសូមខ្មែរចេះស្រលាញ់គ្នា។

សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០១៨ ក៏បានរំលឹកពីព្រឹត្តិការណ៍ដ៏ព្រឺព្រួចមួយនេះផងដែរ។ សម្តេចតេជោ បានចោទជាសំណួរថា ប្រសិនសម្តេចស្លាប់នាពេលនោះ តើនឹងមានរឿងអ្វីកើតឡើង? តើសង្រ្គាមអាចបញ្ចប់បានតាមរយៈនយោបាយ ឈ្នះ-ឈ្នះ ដូចពេលសម្តេចនៅមានជីវិតដែរឬទេ?

សម្តេចតេជោ បានអរព្រះគុណទេវតាថែរក្សាអង្គរវត្ត ព្រះអង្គចេក ព្រះអង្គចម និងបារមីវត្ថុស័ក្តិសិទ្ធទាំងអស់ដែលជួយការពារសម្តេចនាពេលនោះ។ សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «ខ្ញុំជឿច្បាស់ណាស់ថា អ្នកជួយជីវិតខ្ញុំនាពេលនោះគឺតាមផ្លូវងងឹត គឺគុណបុណ្យ ទេវតាទាំងភូមិទេវតា រុក្ខទេវតា អាកាសទេវតា បារមីព្រះអង្គចេក ព្រះអង្គចម បារមីដែលតាមថែរក្សាខ្ញុំជាប្រចាំកន្លងមកបានជួយជីវិតខ្ញុំអោយខ្ញុំរស់បាន២០ឆ្នាំកន្លងមកនេះ ដែលធ្វើអោយខ្ញុំបានដឹកនាំប្រទេសចេញ ពីសង្រ្គាមមកកាន់សន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃ»។

សម្តេចតេជោ ក៏បានបញ្ជាក់ដែរថា សម្តេចបានអហោសិកម្មឲ្យអ្នកដែលចង់សម្លាប់សម្តេចនៅខេត្តសៀមរាបរួចហើយ បើទោះជាសម្តេចមានពន្លឺក្នុងការស្រាវជ្រាវក៏ដោយ។ សម្តេចបានសង្កត់ធ្ងន់ថា «តែអ្នកត្រូវដឹងថាពេលណាខ្ញុំនៅកាន់តំណែងជានាយករដ្ឋមន្ត្រី ខ្ញុំមិនឲ្យពួកអ្នកសម្លាប់ខ្ញុំបានទេ មិនឲ្យពួកអ្នកធ្វើរដ្ឋប្រហារឬធ្វើបដិវត្តពណ៍បានទេ។ ទោះដោយតម្លៃណាក៍ដោយខ្ញុំត្រូវការពារសន្តិភាព និងការពារជីវិតប្រជាជនកម្ពុជាអោយខានតែបាន»