(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំស្តីពីការបន្តដាក់វិធានការបន្ថែមដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ នេះបើតាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
រដ្ឋបាលខេត្តឧត្តរមានជ័យ បានសម្រេចដាក់ចេញនូវវិធានការណែនាំអនុវត្តបន្ទាន់ដូចខាងក្រោម៖
ទី១៖ មន្ទីរធម្មការ និងសាសនា និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវសម្របសម្រួល និងសហការជាបន្ទាន់ជាមួយសាលាគណខេត្តទាំងពីរគណៈ សាលាអនុគណ គ្រប់ក្រុង-ស្រុក ណែនាំដល់គ្រប់វត្តអារាម និងបូជនីយដ្ឋានសាសនានានា ឱ្យផ្អាកការរៀបចំពិធី និងកិច្ចសាសនា នានាដែលមានលក្ខណៈប្រមូលផ្តុំមនុស្សចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ប៉ុន្តែអាចទទួលយកចង្ហាន់ និងទេយ្យទាន ដែលទាយក ទាយិកា និងពុទ្ធបរិស័ទយកមកវេរប្រគេនបាន តែដាច់ខាតត្រូវរៀបចំយន្តការអនុវត្តជាចាំបាច់មួយចំនួនដូចខាងក្រោម៖
*គ្រប់ព្រះសង្ឃ ដូនជី តាជី និងពុទ្ធបរិស័ទទាំងអស់ ត្រូវពាក់ម៉ាស់គ្រប់ៗគ្នានៅពេលចូលទីវត្តអារាម និងបូជនីដ្ឋានសាសនាជាចាំបាច់
*ចាំបាច់ត្រូវរៀបចំឱ្យមានកន្លែងលាងសម្អាតដៃ, ទឹកអាល់កុល ឬដែលលាងដៃ និងមានការវាស់កម្ដៅនៅ ច្រកចេញចូល និងរក្សាការលាងសម្អាតដៃឱ្យបានញឹកញាប់
*ចាំបាច់ត្រូវរៀបចំឱ្យមានគម្លាតសុវត្ថិភាពបុគ្គល ដោយមានគម្លាតពីគ្នាយ៉ាងតិច ១.៥ម៉ែត្រ គ្រប់ពេលដែលទាយក ទាយិកា និងពុទ្ធបរិស័ទចូលក្នុងទីវត្តអារាម ព្រះវិហារ សាលាឆាន់ និងកុដិ។ល។
*ចាំបាច់ត្រូវរៀបចំឱ្យមានគម្លាតពីគ្នាយ៉ាងតិច ១.៥ម៉ែត្រ ក្នុងពេលមានការប្រគេនចង្ហាន់ និងទេយ្យទាននានាដល់ព្រះសង្ឃ ឬនៅពេលអង្គុយ ឬឈររង់ចាំការប្រគេន ឬវេរចង្ហាន់ និងទទួលទាន។
ទី២៖ រដ្ឋបាលក្រុង-ស្រុក ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ផ្សព្វផ្សាយជាបន្ទាន់នូវខ្លឹមសារនៃការផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ របស់រាជរដ្ឋាភិបាល ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានជ្រួតជ្រាប និងចូលរួមអនុវត្តឱ្យបានព្រមៗគ្នា ដូចខាងក្រោម៖
*ត្រូវបន្តអប់រំ ផ្សព្វផ្សាយ និងណែនាំជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានអំពីវិធានការបង្ការការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩សំដៅធានាអនុវត្តបាននូវការរស់នៅតាមបែបកន្លងថ្មីជាមួយជំងឺកូវីដ១៩ ដោយចាំបាច់ត្រូវអនុវត្តវិធានការ «៣ការពារ និង៣កុំ» ព្រមជាមួយនឹងវិធានការសុខាភិបាលចាំបាច់ផ្សេងៗទៀត សំដៅបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ឱ្យបានខ្ជាប់ខ្ជួន និងគ្រប់ៗគ្នា។
*ដោយមានក្រុមការងារដឹកនាំការអនុវត្តច្បាប់ជាសេនាធិការ ត្រូវដឹកនាំអនុវត្តវិធានការច្បាប់ជាធរមាន ចំពោះបុគ្គល ឬទីតាំងទាំងឡាយណាដែលមិនសហការណ៍ និងមិនចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋភិបាល, របស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តឧត្តរមានជ័យ។
រដ្ឋបាលខេត្ដបានបញ្ជាក់ថា ក្នុងអំឡុងពេលនេះ រដ្ឋបាលក្រុង-ស្រុក ក្នុងនាមគណៈបញ្ជាការឯកភាព ត្រូវចាត់ វិធានការចាំបាច់នានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន សំដៅគ្រប់គ្រង និងធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សាធារណៈឱ្យបានល្អប្រសើរ ព្រមទាំងធានានូវការគោរព និងអនុវត្តវិធានការសុខាភិបាល បង្ការ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយម៉ត់ចត់ និងខ្ជាប់ខ្ជួន អនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានជាធរមាន៕