(ភ្នំពេញ)៖ បន្ទាប់ពីមានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល, លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានចេញសេចក្តីណែនាំមួយទៀត ស្តីពីការផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
តាមសេចក្តីណែនាំែណដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា យោងលើភាពចាំបាច់ក្នុងការបន្តគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាពិសេស ដើម្បីធានា ការពារអាយុជីវិត និងសុខភាពរបស់ប្រជាជន ខណៈដែលកម្ពុជាកំពុងបើកដំណើរការសាលារៀនឡើងវិញ ក៏ដូចជា កំពុងរៀបចំផែនការដើម្បីឈានឆ្ពោះទៅបើកដំណើរការប្រទេសពេញលេញឡើងវិញ នាពេលខាងមុខ ក្រសួងសូមណែនាំដូចខាងក្រោម៖
ទី១៖ សហការជាមួយព្រះមេគណ ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ផ្សព្វផ្សាយដល់គ្រប់វត្តអារាមនៅទូទាំងប្រទេសនូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ។
ទី២៖ ផ្សព្វផ្សាយដល់គ្រប់វត្តអារាម និងវិហារពាហិរសាសនា ត្រូវអនុវត្តនូវវិធានការការពារនានា របស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន ជាពិសេសត្រូវប្រកាន់ភ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និងកុំ៣» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ទី៣៖ ត្រូវសហការជួយសម្របសម្រួលជាមួយយន្តការដែលមានការពាក់ព័ន្ធទាំងអស់ដើម្បីធានា ដល់ការនាំយកចង្ហាន់ និងទេយ្យវត្ថុចាំបាច់នានា ប្រគេនដល់ព្រះសង្ឃនៅតាមបណ្តាវត្តអារាមនានា។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចជាផ្លូវការឲ្យផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងវាយលុកខ្លាំង។ ការចេញសេចក្តីសម្រេចផ្អាករៀបចំពិធិបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ បានធ្វើឡើងបន្ទាប់ពីវត្តអារ៉ាមមួយចំនួន បានផ្ទុះនូវការឆ្លងជំងឺកូវីដ១៩ ក្រោយរៀបចំពិធីកាន់បិណ្ឌបាន២ថ្ងៃ៕