(សៀមរាប)៖ រដ្ឋបាលស្រុកក្រឡាញ់ បានប្រកាសពីយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កុមារអាយុ៦ដល់១២ឆ្នាំ។ ការចាប់ផ្តើមនេះ ក្រោយស្ថានភាពការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍នេះ មានការថមថយបន្ដិច។
អភិបាលស្រុកក្រឡាញ់ លោកស្រី ម៉ននី រង្សី មានប្រសាសន៍ថា យុទ្ធនាការចាប់វ៉ាក់សាំងដល់កុមារអាយុ៦ដល់១២ឆ្នាំ បានចាប់ផ្តើមពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ តទៅ នៅតាមបណ្ដាឃុំទាំង១០ក្នុងស្រុក ដែលស្រុកខ្លះចុះចាក់ចំនួន២ថ្ងៃ និងឃុំខ្លះទៀតចុះចាក់៣ថ្ងៃ។
តាមការបញ្ជាក់ពីលោកស្រីអភិបាលស្រុក កុមារដែលដល់អាយុចាក់វ៉ាក់សាំងទូទាំងស្រុកក្រឡាញ់ មានចំនួនសរុប ៣,៨៦៩នាក់។
លោកស្រីអភិបាលស្រុក ក៏បានអំពាវនាវដល់អាណាព្យាបាលទាំងអស់ ត្រូវប្រញាប់នាំកូនទៅចាក់វ៉ាក់សាំង និងដោយភ្ជាប់មកជាមួយនូវឯកសារមួយចំនួន មានសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ និងលិខិតឆ្លងដែន ឬក៏លិខិតឯកសារនានាដែលបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន៕