(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ការដាក់ដំណើរការរដ្ឋធម្មនុញ្ញ គឺជាផ្នែកមួយដែលអនុញាតឱ្យកម្ពុជាបានបន្តស្វែងរក និងកសាងសន្តិភាពពិតប្រាកដតាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ហើយបានអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យឈានឆ្ពោះមកដល់ការទទួលស្គាល់លើឆាកអន្តរជាតិចំពោះការរីកចម្រើននៃសេដ្ឋកិច្ចដ៏ស្វាហាប់រហូតមកដល់សព្វថ្ងៃនេះ។
ការលើកឡើងរបស់ លោក ហ៊ុន ម៉ានី គឺបានធ្វើឡើងចំនឹងថ្ងៃខួបទី២៨ឆ្នាំ (២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០២១) ដែលជាថ្ងៃប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល និងជាមូលដ្ឋានគ្រឹះនៃក្របខណ្ឌច្បាប់ក្នុងការដឹកនាំកសាងអភិវឌ្ឍន៍ប្រទេសជាតិ។
តាមរយៈទំព័រ Facebook នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា «ថ្ងៃនេះ គឺជាទិវារដ្ឋធម្មនុញ្ញ ដែលជាថ្ងៃរំឮកដល់ច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា ដែលប្រជាជនគ្រប់ៗរូបតោងគោរព និងអនុវត្តតាម។ រដ្ឋធម្មនុញ្ញ របស់កម្ពុជា ត្រូវបានប្រកាសឱ្យប្រើប្រាស់នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ដែលប្រែក្លាយប្រទេសទៅជា ព្រះរាជាណាចក្រកម្ពុជាទី២ ហើយមានបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ដែលប្រកាន់យកនូវលទ្ធិរាជានិយម ប្រជាធិបតេយ្យ សេរីពហុបក្ស និងអាស្រ័យរដ្ឋធម្មនុញ្ញ។ ការដាក់ដំណើរការ រដ្ឋធម្មនុញ្ញនេះ គឺជាផ្នែកមួយដែលអនុញាតឲ្យកម្ពុជាបានបន្តស្វែងរក និងកសាងសន្តិភាពពិតប្រាកដតាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហើយបានអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យឈានឆ្ពោះមកដល់ការទទួលស្គាល់លើឆាកអន្តរជាតិចំពោះការរីកចម្រើននៃសេដ្ឋកិច្ចដ៏ស្វាហាប់រហូតមកដល់សព្វថ្ងៃនេះ»។
ជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ានី បានបន្តថា ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្រ្តៃយ៍ មិនចូលបក្សសម្ព័ន្ធ ដែលតែងតែគោរពតាមកិច្ចសហប្រតិបត្តិការសន្តិសហវិជ្ជមាន ក្នុងការកំណត់ជោគវាសនាអនាគតដោយខ្លួនឯង ហើយមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។ ជាមួយកិច្ចសហប្រតិបត្តិការដោយស្មើភាព ស្មើរមុខ ស្មើរមាត់ជាមួយប្រទេសដ៏ទៃ ដើម្បីបម្រើប្រយោជន៍ជូនគ្នាទៅវិញទៅមក កម្ពុជាមានលទ្ធភាពពេញលេញដើម្បីចូលរួមពិគ្រោះពិភាក្សាបញ្ហាសាកលក៏ដូចជាចូលរួមដោះស្រាយរាល់ជម្លោះអន្តរជាតិដោយសន្តិវិធី។
លោកបានបញ្ជាក់ថា រដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា បានផ្តល់ឱ្យប្រជាពលរដ្ឋមានសិទ្ធសេរីភាព ក្នុងការរស់នៅក្នុងសង្គមនៃសុខដុមភាវូបនីយកម្ម ដែលពោរពេញទៅដោយសេចក្តីសុខ សុភមង្គល និងសន្តិភាពពេញលេញពិតប្រាកដ។
សូមបញ្ជាក់ថា ចំណុចសំខាន់ៗដែលបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញមានដូចជា កម្ពុជាត្រូវគោរពដាច់ខាតនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបប្រជាធិបតេយ្យសេរីពហុបក្ស។ ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត្យ អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ ជាដើម៕