(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានបង្ហោះសារអបអរសាទរខួប២៨ឆ្នាំ នៃទិវាប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញជាតិ (២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០២១)។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីក៏បានពន្យល់ផងដែរ អំពីប្រវត្តិនៃការបង្កើតឡើងជាប្រវត្តិសាស្ត្រ នៃរដ្ឋធម្មនុញ្ញជាតិ នៅក្នុងឆ្នាំ១៩៩៣។

លើសពីនេះ សម្តេចប្រមុខរាជរដ្ឋាភិបាល បានអរគណុដល់ជនរួមជាតិ ដែលបានចូលរួមថែរក្សាការពារសន្កិភាព ដើម្បីប្រទេសជាតិកាន់តែរីកចម្រើនរុងរឿងឆ្ពោះទៅមុខ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារទាំងស្រុងយ៉ាងដូច្នេះថា «អបអរសាទរខួប២៨ឆ្នាំនៃទិវាប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញជាតិ ! នៅថ្ងៃទី២៤កញ្ញានេះ គឺជាខួបទី ២៨ឆ្នាំ ដែលកម្ពុជាបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ នូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ផ្តើមចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ស្តីពីដំណោះស្រាយរួមបញ្ចប់នូវវិបត្តិកម្ពុជាជាប្រវត្តិសាស្ត្រ ដែលបន្ទាប់មកនៅថ្ងៃទី ២៣-២៨ ខែឧសភា ប្រទេសយើងបានរៀបចំការបោះឆ្នោតជាលើកដំបូង ក្រោមការឧបត្ថម្ភគាំពារពីអង្គការសហប្រជាជាតិ អ៊ុនតាក់ (UNTAC)។ ក្រោយពីការបោះឆ្នោតរួចមក រដ្ឋធម្មនុញ្ញជាតិ ក៏ត្រូវបានបង្កើតឡើងជាប្រវត្តិសាស្ត្រនៅក្នុងឆ្នាំ១៩៩៣ ផងដែរ។

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ នៅក្នុងមហាប្រាសាទទេវាវិនិច្ឆ័យ នៅក្នុងព្រះបរមរាជវាំង ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ អតីតមហាវីរក្សត្រព្រះបរមរតនកោដ្ឋ ព្រះអង្គបានឡាយព្រះហត្ថលេខា លើព្រះរាជក្រមប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការ។ នៅថ្ងៃទី២៤ ខែកញ្ញា គឺជាថ្ងៃកំណើតរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែលមកដល់ឆ្នាំ២០២១ គឺរដ្ឋធម្មនុញ្ញកម្ពុជា មានអាយុកាល២៨ឆ្នាំហើយ។

រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់ និងសេចក្តីសម្រេចទាំងឡាយ នៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។ ចំណុចសំខាន់ៗបំផុតមួយចំនួនដែលបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញមានដូចជា «កម្ពុជាត្រូវគោរពដាច់ខាតនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស។

រដ្ឋធម្មនុញ្ញកម្ពុជាបានចែងអំពីគោលការណ៍ នៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នាគឺ ១)អំណាចនីតិបញ្ញត្តិ, ២)នីតិប្រតិបត្តិ និង៣) តុលាការ ហើយក៏បានអនុម័តនូវសិទ្ធិជាមូលដ្ឋាន របស់ប្រជាពលរដ្ឋ និងគោលការណ៍នីតិរដ្ឋជាដើម។ សូមអរគុណបងប្អូនជនរួមជាតិ ដែលបានចូលរួមថែរក្សាការពារសន្កិភាព ដើម្បីប្រទេសជាតិកាន់តែរីកចម្រើនរុងរឿងឆ្ពោះទៅមុខ។ អរគុណសន្តិភាព»