(ភ្នំពេញ)៖ សំណើផ្លាស់ប្តូរសមាជិករាជរដ្ឋាភិបាលកម្ពុជា ដែលបានស្នើដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០១៦កន្លងទៅនេះ ត្រូវបានសភាបោះឆ្នោតគាំទ្ររួចហើយ នៅព្រឹកថ្ងៃនេះដោយសំឡេង៧០ លើ១០៧សំឡេង។
សំណើផ្លាស់ប្តូរសមាជិករាជរដ្ឋាភិបាលកម្ពុជានេះ មានសំឡេងគាំទ្រ ៧០សំឡេង មិនគាំទ្រ ២៤សំឡេង និង អនុប្បវាទ ១៣សំឡេង។ កិច្ចប្រជុំសភានាព្រឹកមិញនេះ មានការអញ្ជើញចូលរួមពីតំណាងរាស្រ្តមក ពីគណបក្សសង្រ្កោះជាតិប្រមាណ ៤០រូបផងដែរ។
ក្នុងកម្មវិធីដាក់ឲ្យអនុវត្ត «កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» លើកទី៣ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន បានថ្លែងការពារនូវការរុះរើគណៈរដ្ឋមន្រ្តីរបស់សម្តេចនៅពាក់កណ្តាលអាណត្តិនេះថា ជាការធ្វើឲ្យមានប្រសិទ្ធភាពការងារ ហើយប្រសិទ្ធភាពការងារមិនស្ថិតលើមុខចាស់ ឬមុខថ្មីនោះទេ តែសំខាន់ចរិតការងារថ្មី ហើយអ្នកថ្មី ក៏មិនប្រាកដថា ផ្លាស់ប្តូរនោះដែរ។
សម្តេចបានថ្លែងយ៉ាងដូច្នេះ «បើទោះបីមុខចាស់ក៏ដោយ ប៉ុន្តែចរិតការងារឲ្យវាថ្មី អានឹងហើយការផ្លាស់ប្តូរនោះ វាមិនចាំបាច់ទាល់តែមុខថ្មី បានគេហៅថា ការផ្លាស់ប្តូរទេ។ មុខចាស់ប៉ុន្តែធ្វើសកម្មផ្លាស់ប្តូរ អាហ្នឹងគឺវាផ្លាស់ប្តូរ អាមុខថ្មីវាមិនទាន់ប្រាកថា វាផ្លាស់ប្តូរទេ វាផ្លាស់ប្តូរតែមនុស្ស ប៉ុន្តែវាទៅរឿងមួយផ្សេង។ ប៉ុន្តែអាមុខចាស់ ដែលវាស់ផ្លាស់ប្តូរ ទើបវាខ្លាំង ជួនកាល់ចាស់មែន ប៉ុន្តែគំនិតវាថ្មី! អាយុ ៨០ក៏ដោយ ប្រសិនបើមានគំនិតថ្មី វាក៏ជាយុវជនដែរ ការផ្លាស់ប្តូរ វាមិនចាំបាច់ផ្លាស់មនុស្សទេ»។
សូមបញ្ជាក់ថា សមាសភាពរដ្ឋមន្រ្តី ដែលសម្តេចតេជោសម្រេចស្នើធ្វើការផ្លាស់ប្តូរនេះរួមមាន៖
- លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំ ហុង ត្រូវបានផ្លាស់ចេញពីរដ្ឋមន្រ្តីក្រសួងក្រសួងការបរទេស ដាក់ជំនួស ដោយ ប្រាក់ សុខុន មកពីក្រសួងប្រៃសេនីយ៍ និងទូរគមនាគមន៍
- លោកទេសរដ្ឋមន្រ្តី អ៉ឹម ឈុនលឹម ត្រូវបានផ្លាស់ចេញពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដាក់ជំនួសដោយលោក ជា សុផារ៉ា មកពីក្រសួងអភិវឌ្ឍន៍ជនបទ
- លោក ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ត្រូវបានប្តូរពីក្រសួងពាណិជ្ជកម្ម ទៅកាន់ក្រសួងសាធារណការ និងដឹកជញ្ជូន
- លោក អ៊ុក រ៉ាប៊ុន ត្រូវបានប្តូរពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅកាន់ក្រសួងអភិវឌ្ឍន៍ជនបទ
- លោក ត្រាំ អ៉ីវតឹក ត្រូវបានប្តូរពីក្រសួងសាធារណការ និងដឹកជញ្ជូន ទៅកាន់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍
- លោក មិន ឃិន រដ្ឋមន្រ្តីក្រសួងធម្មការ ត្រូវបានផ្លាស់ចេញ ដាក់ជំនួសដោយ លោក ហឹម ឆៃម
- លោក ប៉ាន សូរស័ក្តិ ត្រូវបានតម្លើងពីរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទៅជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ខណៈរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានទៅលើលោក វេង សាខុន
ក្រៅពីការផ្លាស់ប្តូរសមាសភារដ្ឋមន្រ្តី ដែលរៀបរាប់ខាងលើនេះ នៅមានមន្រ្តីជាច្រើនរូបទៀត ត្រូវបានតម្លើងតួនាទីពីអនុរដ្ឋលេខាធិ ការ ទៅជារដ្ឋលេខាធិកា ហើយអភិបាលខេត្ត ៤រូបទៀត គឺខេត្តកំពត កំពង់ស្ពឺ ស្វាយរៀង និងបន្ទាយមានជ័យ ក៏ត្រូវដាក់ឲ្យចូលនិវត្តន៍មុនពេលកំណត់ផងដែរ៕