(ភ្នំពេញ)៖ នៅប៉ុន្មាននាទីមុននេះ មានការប៉ះទង្គិចគ្នា រវាងក្រុមសហជីពដែលទៅតវ៉ា នៅក្បែររដ្ឋសភា និងកម្លាំងប្រជាការពារនៅបរិវេណរដ្ឋសភា ដែលបណ្តាលឱ្យសហជីពម្នាក់ រងរបួសបែកក្បាល។ នេះបើតាម លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានផ្តល់ដំណឹងជូន Fresh News នៅមុននេះបន្តិច។
លោក ហ្វា សាលី បានឱ្យដឹងថា មុននេះមានសហជីពរបួសនេះ មានការរុញច្រានគ្នា រវាងសហជីព និងប្រជាការពារ ដោយសារតែសមត្ថកិច្ចទាំងនោះ បានបណ្តេញក្រុមសហជីពដែលតវ៉ា ទៅឱ្យឆ្ងាយពីរដ្ឋសភា ប៉ុន្តែសហជីពមិនយល់ព្រម។
សូមបញ្ជាក់ថា ខណៈរដ្ឋសភាកំពុងប្រជុំសភាពេញអង្គ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦នេះ សហជីព និងអង្គការជាង២០ស្ថាប័ន អង្គការសង្គមស៊ីវិល រួមជាមួយស្ថាប័ន ដែលពាក់ព័ន្ធជាង ២០០នាក់ បានលើកគ្នាទៅតវ៉ា នៅមុខរដ្ឋសភា ដើម្បីទាមទារឲ្យរដ្ឋសភា ដករបៀបវារៈស្តីពីសេចក្តីព្រាងច្បាប់សហជីព ចេញពីក្នុងកិច្ចប្រជុំ។
ការដាក់សំណើបែបនេះ ដោយសារតែសហជីព មិនទាន់ពេញចិត្តទាំងស្រុង ទៅនឹងសេចក្តីព្រាងច្បាប់សហជីព ដែលទើបនឹងកែប្រែជាថ្មី ដោយគណៈកម្មការចំពោះកិច្ច របស់រដ្ឋសភា នោះទេ៕