(ភ្នំពេញ)៖ ខណៈរដ្ឋសភាកំពុងប្រជុំសភាពេញអង្គ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦នេះ សហជីព និងអង្គការជាង២០ស្ថាប័ន អង្គការសង្គមស៊ីវិល រួមជាមួយស្ថាប័ន ដែលពាក់ព័ន្ធជាង ២០០នាក់ បានឈរតវ៉ា នៅមុខរដ្ឋសភា ដើម្បីទាមទារឲ្យរដ្ឋសភា ដករបៀបវារៈស្តីពីសេចក្តីព្រាងច្បាប់សហជីពចេញពីក្នុងកិច្ចប្រជុំ។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថា «នៅព្រឹកថ្ងៃទី០៤ ខែមេសានេះ ខ្ញុំ និង សហជីព និងអង្គការជាង២០ស្ថាប័ន អង្គការសង្គមស៊ីវិល សរុបជាង២០០នាក់ កំពុងឈរតវ៉ា នៅខាងម្តុំរង្វង់មូលសម្តេច សង្ឃជួន ណាត។ ខ្ញុំមកតវ៉ា នៅថ្ងៃនេះ គឺដើម្បីទាមទារឲ្យដករបៀបវារៈ ស្តីពីសេចក្តីព្រាងច្បាប់ សហជីពចេញ ពីកិច្ចប្រជុំ ដើម្បីទុក ឱកាសឲ្យសភាទទួលយកសំណើរ របស់សហជីពទៅពិនិត្យឡើងវិញ»។
លោក ហ្វា សាលីបានបន្តថា នៅថ្ងៃនេះ លោកមានសំណើរ ១៨មាត្រា ស្តីពីសេចក្តីព្រាងច្បាប់សហជីព ដើម្បីស្នើឲ្យសភាយកទៅពិចារណា ហើយលោកជឿជាក់ថា សម្តេច ហ៊ុន សែនយល់ព្រម ដកចេញ នឹងសម្រេចលើកយកសេចក្តីព្រាងច្បាប់ សហជីព ដ៏ចម្រូងចម្រាស់នេះ ទៅពិភាក្សានៅពេលក្រោយ។
ប្រធានសម្ព័ន្ធសហជីពជាតិបាន ប្រាប់អង្គភាពFresh Newsទៀតថា បើទោះបីជារដ្ឋសភាអនុម័តលើ សេចក្តីព្រាងច្បាប់សហជីពនេះក៏ដោយ លោកនឹងនៅតែស្វែងរក យុទ្ធសាស្រ្តផ្សេងៗដើម្បីតវ៉ាជា ទ្រង់ទ្រាយធំទៀត។
គួរបញ្ជាក់ថា កន្លងមក ក្រុមសហជីព និងនិយោជក បានតវ៉ា សម្តែងការមិនពេញចិត្តចំពោះច្បាប់នេះ ដោយបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ សហជីព គឺបានរឹតត្បិត សិទ្ធិសេរីភាព នៃការចងក្រង បាត់បង់សិទ្ធិ សេរីភាព ក្នុង ការចរចា, និងការចរចាដោយសន្ដិវិធីត្រូវបានបំពានដោយច្បាប់។ក្រុមសហជីពបន្តថា ច្បាប់នេះបាន រំលោភទៅលើ សន្ធិសញ្ញារបស់ អង្គការ ILOដែល រាជរដ្ឋាភិបាល បានផ្ដល់បត្យាប័ណ្ណ ហើយ វាក៏បានរំលោភដល់ច្បាប់ ស្ដីពីការងារសូម្បីតែអន្ដរជាតិ ក៏ទទួលស្គាល់ថា ច្បាប់នេះ បានរំលោភលើសន្ធិ សញ្ញាអង្គការ ILOផងដែរ៕
សេចក្តីព្រាងច្បាប់ស្តីពីសហជីព មាន១៧ជំពូក និង ៩១មាត្រា ត្រូវបានរៀបចំកែប្រែជាថ្មី ដោយគណបក្សប្រជាជន កម្ពុជា និងគណបក្សសង្រ្គោះជាតិ កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០១៦៕