(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ម៉ាសចំនួន ៣០កេស, ជែល(ដប) ចំនួន ៩០កេស, ជែល (ថង់) ចំនួន ៣០កេស ជូនដល់មន្ទីរពេទ្យចំនួន ២ ក្នុងរាជធានីភ្នំពេញ ក្នុងនោះមានមន្ទីរពេទ្យព្រះអង្គឌួង និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។
ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងក្រោមវត្ដមាន លោកស្រី លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ដែលប្រព្រឹត្ដទៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ។
ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ការថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់នៃមន្ទីរពេទ្យ ដែលជាវីរជនជួរមុខ មានភាពឈ្លាសវៃក្នុងការគ្រប់គ្រង និងទប់ស្កាត់បានការចម្លងមេរោគកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យ។
លោកស្រី បានជូនពរថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់នៃមន្ទីរពេទ្យ សូមមានសុខភាពល្អរឹងមាំ មានសុវត្ថិភាព និងចៀសឆ្ងាយពីជំងឺនានា ដើម្បីបន្តផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់អ្នកជំងឺទាំងឡាយ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។
ជាមួយគ្នានោះ តំណាងមន្ទីរពេទ្យ ដែលអញ្ជើញមកទទួលម៉ាស និងជែល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់សម្ភារដ៏មានសារសំខាន់នេះជូនដល់មន្ទីរពេទ្យ ដើម្បីប្រើប្រាស់ក្នុងការងារ ចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ និងតម្រូវការចាំបាច់នានា។
សូមបញ្ជាក់ សម្ភារដែលបានប្រគល់ជូនមន្ទីរពេទ្យនីមួយៗ រួមមាន៖
*មន្ទីរពេទ្យព្រះអង្គឌួង៖ ម៉ាស ចំនួន ១៥កេស,ជែល(ដប) ចំនួន ៤០កេស, ជែល(ថង់) ចំនួន ១០កេស ។
*មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ៖ ម៉ាស ចំនួន ១៥កេស, ជែល(ដប) ចំនួន ៥០កេស, ជែល(ថង់) ចំនួន ២០កេស ៕