(ព្រះសីហនុ)៖ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានទទួលព័ត៌មានតាមទូរស័ព្ទពីឈ្មោះ កែវ ចំរើន អាយុ៣៧ឆ្នាំ ជាបុគ្គលិកសណ្ឋាគារកាស៊ីណូស៊ីននាវ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ថាមានករណីគាស់ទ្វារចូលក្នុងសណ្ឋាគារ ធ្វើសកម្មភាពលួចយកសម្ភារៈចេញពីក្នុងទីតាំង។
ទទួលបានព័ត៌មានភ្លាម ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានចាត់កម្លាំងជំនាញចុះទៅកាន់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ដែលធ្វើសកម្មភាពក្នុងទីតាំងនោះ ហើយពួកគេបម្រុងដឹកសម្ភារជាច្រើនចេញពីក្នុងទីតាំង រួមមាន៖ ទូទឹកកក, កង្ហា, ម៉ាស៊ីនត្រជាក់, ទូបោកខោអាវ, ចង្ក្រានហ្គាស, ម៉ាស៊ីនគិតលុយ, វ៉ាំងនន និងឈើតុក្កតាបេងចំនួន០៤។
ជនសង្ស័យដែលឃាត់ខ្លួនដូចខាងក្រោម៖
១-ឈ្មោះ ឃុន ម៉ៅ អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ សា្នក់នៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ (អ្នកទទួលផល)
២-ឈ្មោះ ឈាង ចន្ថា ហៅអាប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ
៣-ឈ្មោះ ពេជ្រ ចាន់ថេត អាយុ២៩ឆ្នាំ មុខរបរកម្មករនេសាទ ស្នាក់នៅបណ្ដោះអាសន្នក្រុម៣ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
សម្ភារវត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូ០១គ្រឿង និងឧបករណ៍សម្រាប់ធ្វើសកម្មភាពគាស់ លួចសម្ភារជាច្រើនទៀត រួមទាំងសម្ភាររបស់របរប្រើប្រាស់ និងគ្រឿងបរិក្ខាជាច្រើនដូចរៀបរាប់ខាងលើ។ ជនសង្ស័យមានអត្ដសញ្ញាណ ខាងលើ កម្លាំងជំនាញបាននាំមកកាន់ ការិយាល័យនគរបាលព្រហ្មទណ្ឌកមិ្រតធ្ងន់ កំពុងបន្ដសាកសួរ និងបង្កសំណុំរឿងចាត់ការតាមនីតិវិធី៕