(ភ្នំពេញ)៖ អាជីវករនៅខេត្តបន្ទាយមានជ័យ បានយកពាក្យបណ្ដឹងមកដាក់នៅអង្គភាពប្រឆាំងអំពើពុករលួយ ប្ដឹងឲ្យបើកការស៊ើបអង្កេតទៅលើប្រធានអង្គភាព សាខាកិច្ចការពារអ្នកប្រើប្រាស់កិច្ចការ ប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទ ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ។
នៅក្នុងពាក្យបណ្តឹង ដាក់ជូនទៅលោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៣ កញ្ញានេះ បានបង្ហាញថា កំឡុងដើមឆ្នាំ២០២០ ពេលដែលស្ថានភាពជំងឺកូវីដ-១៩ បានឆ្លងចូលមកដល់ អាជីវករឈ្មោះ ហម គឹមវង់ បានប្តូរមុខរបរពីការលក់ដូរចាប់ហួយនៅផ្ទះ មកស៊ីឈ្នួលដឹកឥវ៉ាន់ឲ្យអាជីវករ នៅក្នុងខេត្តបន្ទាយមានជ័យ ដោយនៅពេលនោះមន្ត្រីសាខាកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យ បានទៅគំរាមទារឲ្យអ្នកស្រីបង់លុយគិតជាក្បាលឡាន ក្នុងមួយខែ ១៥០.០០០ រៀល (ដប់ប្រាំម៉ឺនរៀល) ដោយគ្មានវិក័យប័ត្រ។
ពាក្យបណ្ដឹងបានរៀបរាប់បន្ថែមថា ប្រសិនបើអ្នកស្រីមិនបង់ប្រាក់ប្រចាំខែទេ មន្ត្រី ក.ប.ប នឹងចាប់ឡានដឹកទំនិញបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់។ ក្រោយមកនៅកំឡុងខែមេសា ឆ្នាំ២០២១ ឈ្មោះ សាន វិជ្ជាសារ៉ាវុធ ឈ្មោះ ឈួន ពិសី និងឈ្មោះ កែវ ជាមន្ត្រីសាខាកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) បានតម្លើងតំលៃបង់ក្បាលឡាន ដោយទាមទារបង់លុយគិតជាក្បាលឡាន មួយជើងតម្លៃ ៨០.០០០រៀល ពីរជើងតម្លៃ១៥០.០០០រៀល ដោយគ្មានវិក័យប័ត្រ។ បន្តបន្ទាប់មកទៀតនៅកំឡុងខែ កក្កដា ឆ្នាំ២០២១ មន្ត្រី ក.ប.ប បានប្តូរមកឲ្យបង់ប្រាក់ ៦ក្បាលឡាន ចំនួន ៣៥០,០០០រៀល ដោយគ្មានវិក័យប័ត្រវិញ។
របៀបបង់ប្រាក់ឲ្យមន្ត្រី ក.ប.ប ផ្តើមពីការតម្រូវឲ្យចុះដើរយកលុយទៅដាក់លើក្បាលឡានដែលបញ្ឈរចោលនៅលើដងផ្លូវ។ បោះលុយឲ្យមន្ត្រី ក.ប.ប ពីលើឡានដោយមិនបាច់ឈប់ឡាន ហើយពេលខ្លះគឺត្រូវដើរយកលុយទៅទុកលើតុរបស់មន្ត្រី ក.ប.ប ដែលដាក់ប៉ុស្តិ៍ល្បាត (កុងត្រូលជជុះ) នៅតាមដងផ្លូវជាតិតាមក្រវ៉ាត់ព្រំដែនកម្ពុជា - ថៃ ជាដើម ។ ពាក្យបណ្តឹងបានបន្ថែមថា នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៨ និង ៣០នាទីយប់ មន្ត្រី ក.ប.ប បានចាប់រថយន្តរបស់គាត់ ហើយទារផាកពិន័យ ពីសូន្យរៀល រហូតដល់២០.០០០.០០០ រៀល (ម្ភៃលានរៀល) បើទោះជាអ្នកស្រី ហម គឹមវង់ បានបង់លុយក្បាលឡានទៅតាមការព្រមព្រៀងហើយក៏ដោយ។
ក្រោយមកអ្នកស្រី ហម គឹមវង់ សម្រេចចិត្តឈប់បង់ប្រាក់ឲ្យមន្ត្រី ក.ប.ប ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានមើលព័ត៌មានផ្សាយពីសកម្មភាពមិនប្រក្រតីរបស់មន្ត្រីក.ប.ប ដើរជំរិតទារប្រាក់ពីអ្នកដ៏ទៃ ដោយព័ត៌មានបានបញ្ជាក់ថាការបង់ប្រាក់ ដោយគ្មានវិក័យប័ត្រ ជាអំពើខុសច្បាប់ និងជាសកម្មភាពប្រព្រឹត្តអំពើពុករលួយ។
តាមអ្នកស្រី បន្ទាប់ពីអ្នកស្រីបានបញ្ជាក់ប្រាប់មន្ត្រីក.ប.ប ថាឈប់បង់ប្រាក់ជូនពួកគាត់ ចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ នៅពេលនោះ មន្ត្រី ក.ប.ប ឈ្មោះ កែវ បានលុបសារសំឡេងឆ្លងឆ្លើយបង់លុយកាក់ទាំងស្រុងតាមសារបណ្តាញសង្គមហ្វេសប៊ុក (Messenger)។
បច្ចុប្បន្ន ដោយកើតទុក្ខមិនសុខចិត្ត អំពីសកម្មភាពជំរិតទាប្រាក់របស់មន្ត្រី ក.ប.ប ខេត្តបន្ទាយមានជ័យ អ្នកស្រី ហម គឹមវង់ បានសម្រេចចិត្តដាក់ពាក្យប្តឹងមក អង្គភាពប្រឆាំងអំពើពុករលួយដើម្បីអោយស៊ើបអង្គេត និងចាត់ការតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះពលរដ្ឋ ខេត្តបន្ទាយមានជ័យម្នាក់ ក៏បានដាក់ពាក្យបណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យបើកការស៊ើបអង្កេតលើមន្ត្រី (ក.ប.ប) ខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធនេះដែរ ដោយពលរដ្ឋបានចោទថា ប្រធាន ក.ប.ប ខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទ បានជំរិតទារលុយចំនួន ១,៤០០,០០០រៀល ដោយមិនមានឯកសារច្បាស់លាស់៕