(ភ្នំពេញ)៖ ដោយបានដំណើរការកិច្ចប្រជុំរយៈពេលពេញ១ថ្ងៃ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធនិម្មិត ផ្សាយចេញពីវិមានរដ្ឋសភាកម្ពុជា អង្គសន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេស នៃសភា កម្ពុជា-ឡាវ-វៀតណាម (CLV) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមការដឹកនាំ និងសម្របសម្រួលដោយ លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្ដិការអន្ដរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា និងជាប្រធានអង្គសន្និសីទលើកទី៨នៃគណៈកម្មការកិច្ចការបរទេស នៃសភា កម្ពុជា-ឡាវ-វៀតណាម (CLV) បានប្រព្រឹត្តទៅដោយរលូន និងបានបិទបញ្ចប់ប្រកបដោយជោគជ័យ ដោយបានឯកភាពគ្នាដាក់ចេញនូវសេចក្ដីព្រាងសេចក្ដីប្រកាសរួមចំនួន២៥ចំណុច។
បន្ទាប់ពីប្រធានគណៈប្រតិភូគណៈកម្មការកិច្ចការបរទេសសភានៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម (CLV) បានចុះហត្ថលេខា លើសេចក្ដីព្រាងសេចក្ដីប្រកាសរួមនេះរួចមក ប្រធានគណៈប្រតិភូគណៈកម្មការកិច្ចការបរទេសសភានៃប្រទេសឡាវ និងវៀតណាម បានថ្លែងកោតសសើរចំពោះសមិទ្ធផលដែលដែលអង្គសន្និសីទសម្រេចបាននូវសេចក្ដីព្រាងសេចក្ដីប្រការរួមដ៏មានអត្ថន័យទាំង២៥ចំណុច និងសម្ដែងនូវការកោតសរសើរអគុណចំពោះ លោក ឈាង វុន ក៏ដូចជាគណៈប្រតិភូគណៈកម្មការកិច្ចការបរទេសនៃសភាម្ពុជាដែលបានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត សម្រាប់ អង្គសន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេស នៃសភា កម្ពុជា-ឡាវ-វៀតណាម (CLV) មានដំណើរការទៅយ៉ាងរលូននិងប្រកបដោយជោគជ័យ។
ក្នុងសុន្ទរកថាបិទអង្គសន្និសីទ លោក ឈាង វុន បានមានប្រសាសន៍ថា មួយថ្ងៃពេញនេះ យើងទាំងអស់គ្នាបានត្រងត្រាប់ស្តាប់ដោយយកចិត្តទុកដាក់លើរបាយការណ៍អំពីវឌ្ឍនភាពផែនការអភិវឌ្ឍន៍ និងការអនុវត្តរាល់សេចក្តីសម្រេចចិត្តរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសយើងទាំងបី រួមជាមួយនឹងវិធានការឆ្លើយតបចំពោះវិបត្តិជំងឺកូវីដ១៩ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍របស់គណៈកម្មាធិការសម្របសម្រួលនៃប្រទេសយើងទាំងបី។ ជាការពិតណាស់ថា ក្នុងនាមជាអង្គនីតិប្បញ្ញត្តិ យើងពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងនាមជាដៃគូមិនអាចខ្វះបានរវាងស្ថាប័ននីតិប្បញ្ញត្ដិ និងនីតិប្រតិបត្ដិក្នុងការពន្លឿនការអភិវឌ្ឍនៅក្នុងតំបន់ត្រីកោណយើងនេះ។
លោកបានបន្តថា កិច្ចប្រជុំនាពេលនេះបានធ្វើការពិភាក្សា និងផ្លាស់ប្តូរមតិយោបល់ស៊ីជម្រៅលើសេចក្ដីប្រកាសរួម ដោយបានដាក់បញ្ចូលនូវរាល់អនុសាសន៍និងធាតុចូលជាក់ស្ដែងជាច្រើនទៅក្នុង សេចក្ដីប្រកាសរួម សរបញ្ជាក់ពីការឯកភាពជាឯកច្ឆ័ន្ទពីសំណាក់ឯកឧត្តម លោកជំទាវជាសមាជិក សមាជិការនៃអង្គសន្និសីទ ដែលយើងទើបបានចុះហត្ថលេខាអម្បាញ់មិញនេះ ។ លោកប្រធានគណៈប្រតិភូ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារនៃសភាទាំងបី ដែលបានខិតខំក្នុងការរៀបចំកិច្ចប្រជុំលើកទី៨ តាមប្រព័ន្ធនិម្មិតនេះ ប្រកបដោយជោគជ័យ និងមានវិជ្ជាជីវៈខ្ពស់ ព្រមទាំងអរគុណ ដែលបានរួមចំណែកផ្តល់ធាតុចូលយ៉ាងសកម្មបំផុតក្នុងការរៀបចំឯកសារខ្លឹមសារ និងដំណើការនៃកិច្ចប្រជុំតាំងពីពេលចាប់ផ្តើមរហូតដល់ពេលបញ្ចប់នេះ។
ចំពោះខ្លឹមសារនៃសេចក្ដីព្រាងសេចក្ដីប្រកាសរួមទាំង២៥ចំណុចនៃអង្គសន្និសីទលើកទី៨នៃគណៈកម្មការកិច្ចការបរទេស នៃសភា កម្ពុជា-ឡាវ-វៀតណាម (CLV) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺមានផ្សាយជូនទាំងស្រុងនៅក្នុងគេហទំព័ររបស់រដ្ឋសភា៕