(ភ្នំពេញ)៖ បន្ទាប់ពីការប្រារព្ធពិធីបើកអង្គសន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេស នៃសភា កម្ពុជា-ឡាវ-វៀតណាម (CLV) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា រួចមក អង្គសន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេសនៃសភាប្រទេសកម្ពុជា-ឡាវ-វៀតណាម (CLV) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបន្តដំណើរការកិច្ចប្រជុំរបស់ខ្លួនតាមប្រព័ន្ធនិម្មិតជាបន្តទៀត នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ដដែលនេះ ក្រោមការដឹកនាំនិងសម្របសម្រួលដោយ លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្ដិការអន្ដរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា និងជាប្រធានអង្គសន្និសីទលើកទី៨នៃគណៈកម្មការកិច្ចការបរទេស នៃសភា កម្ពុជា-ឡាវ-វៀតណាម (CLV) ។
ក្នុងដំណើការបន្តនៃសន្និសីទលើកទី៨នាពេលនេះ បើទោះបីរៀបចំតាមប្រព័ន្ធនិម្មិតក៏ពិតមែន តែក្នុងនាមម្ចាស់ផ្ទះរៀបចំសន្និសីទ គណៈកម្មការកិច្ចការបរទេសសភាកម្ពុជា បានរៀបចំអោយមានកម្មវិធី និងដំណើរការកិច្ចប្រជុំប្រហាក់ប្រហែលនឹងការប្រជុំផ្ទាល់ដែរ ដោយបានចែកដំណើការជាបីវគ្គរួមមានៈ
-វគ្គទី១ អង្គសន្និសីទ បានស្តាប់របាយការណ៍ទូទៅស្តីពីការអនុវត្តផែនការគម្រោងអភិវឌ្ឍន៍ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV និងវិធានការឆ្លើយតបជំងឺកូវីដ-១៩ ពីគណៈកម្មាធិការសម្របសម្រួលរួម នៃប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម។
នៅក្នុងវគ្គនេះ គណៈកម្មាធិការសម្របសម្រួលរួមនៃប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនៃប្រទេសរបស់ខ្លួន នៅក្នុងការអនុវត្តផែនការគម្រោងអភិវឌ្ឍន៍ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV និងបង្ហាញពីវិធានការក្នុងការឆ្លើយតបនឹងជំងឺកូវីដ-១៩ ដែលបាននឹងកំពុងរីករាលដាលនៅក្នុងប្រទេស ក៏ដូចជានៅតំបន់ត្រីកោណអភិវឌ្ឍនេះផងដែរ។
-វគ្គទី២ អង្គសន្និសីទ បានស្តាប់របាយការណ៍ស្តីពីលទ្ធផលត្រួតពិនិត្យរបស់គណៈកម្មការកិច្ចការបរទេសសភានៃប្រទេសទាំងបី អំពីតំបន់ត្រីកោណអភិវឌ្ឍន៍ចាប់តាំងពីកិច្ចប្រជុំលើកទី៧មក។ នៅក្នុងវគ្គទី២នេះ គណៈកម្មការកិច្ចការបរទេសនៃសភាប្រទេសទាំងបី ឡាវ វៀតណាម និងកម្ពុជា បានរាយការណ៍ជូនអង្គសន្និសីទអំពីវឌ្ឍនភាពសហប្រតិបត្ដិការ និងការអនុវត្តគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ និងបញ្ហាប្រឈមមួយចំនួនដែលប្រទេសរបស់ខ្លួនបាននិងកំពុងជួបប្រទះ បណ្ដាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានធ្វើឲ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង។ ក្នុងនាមជាអ្នកតាមដានត្រួតពិនិត្យ គណៈកម្មការកិច្ចការបរទេសសភានៃប្រទេសនីមួយៗ ក៏បានធ្វើការកោតសរសើរ គាំទ្រ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង សភានិងសភា រដ្ឋាភិបាលនិងរដ្ឋាភិបាល ដែលខិតខំប្រឹងប្រែងសាមគ្គីគ្នាបន្តអនុវត្តនូវសកម្មភាពជាស្នូលរបស់តំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ឥតស្រាកស្រាន្ត។ រដ្ឋាភិបាលប្រទេសទាំងបីបាន និងកំពុងខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងយ៉ាងសកម្មបំផុត ក្នុងការយកចិត្តទុកដាក់ទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ជាបន្តបន្ទាប់ ដើម្បីការពារសុខភាពសាធារណៈ កសាងភាពធន់ ស្តារការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពង្រឹងសន្តិភាព សន្តិសុខ សុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាជន រួមជាមួយ និងការពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការរួមឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីផលប្រយោជន៍ និងការអភិវឌ្ឍរួមគ្នា ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នេះ។
-វគ្គទី៣ អង្គសន្និសីទក៏បានធ្វើការពិភាក្សាផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកលើបញ្ហាប្រឈមនានា ដើម្បីស្វែងរកដំណោះស្រាយ ក៏ដូចជាលើកទិសដៅសំរាប់សកម្មភាពពីរឆ្នាំបន្ទាប់ទៀត។ នៅក្នុងវគ្គនេះ គឺជាវេទិកាដែលអង្គសន្និសីទ ផ្ដល់ជូនដល់គ្រប់ភាគីពាក់ព័ន្ធ មានមកពី គណៈកម្មាធិការសម្របសម្រួលរួម នៃប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម។ ពីសមាជិសភានៃប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម និងអាជ្ញាធរខេត្តតំបន់ត្រីកោណអភវឌ្ឍន៍ទាំង១៣ខេត្តនៃប្រទេសទាំងបី ដែលមកពីកម្ពុជាចំនួន៤ខេត្ត ឡាវចំនួន៤ខេត្ត និងវៀតណាមចំនួន៥ខេត្ត អាចចូលរួមផ្ដល់នូវចំណាប់អារម្មណ៍ មតិយោបល់ បទពិសោធន៍ ជាដំណោះស្រាយចំពោះបញ្ហាប្រឈមនានាដែលបានលើកឡើងកាលពីវគ្គទី១ និងទី២ខាងលើ។
សូមជម្រាបថា សន្និសីទលើកទី៨ គណៈកម្មការកិច្ចការបរទេស នៃសភាកម្ពុជា-ឡាវ-វៀតណាម រៀបចំឡើងក្នុងគោលបំណង ពង្រឹងភាពជាដៃគូ និងទំនាក់ទំនងមិត្តភាពជាប្រពៃណី នៃសភាប្រទេសទាំងបី ព្រមទាំងពន្លឿនការស្តារឡើងវិញនូវសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ដែលបណ្ដាលមកពីផលប៉ះពាល់ដោយវិបត្តិកូវីដ-១៩៕