(កំពង់ឆ្នាំង)៖ ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ាព្រះរាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេច ព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តគិរីធម្មរាជ ស្ថិតនៅភូមិស្រាងខ្ពស់ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានប្រគេនដំណឹងផ្អាកពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ស្អែកនេះតទៅ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល ។
ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា បានមានសង្ឃដិកាថា ការផ្អាកពិធីកាន់បិណ្ឌនេះ មិនមែនដោយសារវត្តរបស់ព្រះមានផ្ទុះជំងឺកូវីដ១៩នោះទេ តែផ្អាកដើម្បីចូលរួមទបស្កាត់ជំងឺកូវីដ១៩ កុំឱ្យមានការឆ្លងរីករាលដាលខ្លាំង ដោយហេតុថា បន្ទាប់ពីពិធីកាន់បិណ្ឌបាន២វេនរួចមក មានការផ្ទុះឆ្លងរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩នេះ នៅតាមវត្តមួយចំនួន ដូចនេះដើម្បីបង្ការជំងឺនេះក៏សម្រេចផ្អាកពិធីកាន់បិណ្ឌតែម្តង សម្រាប់វត្តគិរីធម្មរាជ។
ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា មានសង្ឃដីកាបន្តថា ញាតិញោម ក៏អាចបន្តជួយគាំទ្រដល់វត្តគិរីធម្មរាជ ដើម្បីទទួលយកនូវកុសលផលបុណ្យដែលបានធ្វើ ឧទ្ទិសដល់ បុព្វការីជន ជាឱពុកម្តាយ សាច់ញាតិដែលបានស្លាប់ទៅហើយនោះ បានទទួលយកនូវមគ្គផល និងបានទៅសោយសុខក្នុងសុគតិភព តាមរយៈ ០១១ ៤៤៤ ៤១៨, ០៩០ ៤៤៤ ៤១៨, ០៨៦ ៤៤៤ ៤១៨ ឫ ABA: 011444418 Hoeum Sovannara ឫ Acleda TaonChet: 011444418 បានផងដែរ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានបង្ហាញក្តីបារម្ភជាខ្លាំងនូវការផ្ទុះឡើងវិញនូវការឆ្លងជំងឺកូវីដ១៩ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ បន្ទាប់ពីមានការរកឃើញមានផ្ទុះជំងឺកូវីដ១៩ នៅតាមទីអារាមមួយចំនួនក្នុងឱកាសបុណ្យកាន់បិណ្ឌរយៈពេលពីរថ្ងៃកន្លងមកនេះ។ សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យមានការពិចារណាឡើងវិញចំពោះការប្រារព្ធពិធីបុណ្យនេះ ឬអាចឈានទៅផ្អាកការបារព្ធពិធីនេះក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩នេះសិន។
សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់អាទិភាពដល់ព្រះចៅអធិការនៅតាមវត្តនីមួយៗ ក្នុងការដាក់ចេញវិធានការនានា ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះផងដែរ៕