(បាងកក, ថៃ)៖ លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានស្នើរដ្ឋមន្ត្រីអប់រំថៃ គិតគូរ និងផ្តល់ឱកាសឱ្យកូនៗពលករខ្មែរកំពុងធ្វើការនៅក្នុងប្រទេសថៃ បានទទួលការអប់រំនៅតាមសាលាបង្រៀនរបស់ថៃ។
សំណើលោកបណ្ឌិត សុខ សុក្រឹត្យា បានធ្វើឡើងក្នុងពេលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រីបណ្ឌិត Treenuch Thienthong រដ្ឋមន្ត្រីក្រសួងអប់រំថៃ។ នៅក្នុងជំនួបនេះលោកបណ្ឌិត សុខ សុក្រឹត្យា និងលោកស្រីបណ្ឌិតរដ្ឋមន្ត្រីអប់រំថៃ បានជជែកគ្នាច្រើនលើបញ្ហាអប់រំ រួមមានការផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ក៏ដូចជាការបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងប្រទេសកម្ពុជា ក្រោមព្រះរាជឧបត្ថម្ភដ៏ថ្លៃថ្លារបស់ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រី សិរិនថន។
បន្ថែមពីលើនេះ លោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានបង្ហាញពីការបារម្ភចំពោះកូនៗពលករខ្មែរដែលខកខានឱកាសក្នុងការសិក្សារៀនសូត្រ។ នៅចំពោះមុខរដ្ឋមន្ត្រីក្រសួងអប់រំថៃ, លោកបណ្ឌិត សុខ សុក្រឹត្យា បានស្នើរដ្ឋាភិបាលថៃ ជួយទំនុកបម្រុង និងមើលការខុសត្រូវចំពោះកុមារកម្ពុជា ធ្វើយ៉ាងណាឱ្យពួកគេមានឱកាសទទួលបានការអប់រំនៅសាលាដូចកុមារដទៃទៀតដែរ។
ឆ្លើយតបសំណើនេះ លោកស្រីរដ្ឋមន្ត្រីអប់រំថៃ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលថៃ បានយកចិត្តទុកដាក់ខ្ពស់ចំពោះកុមារកម្ពុជា ដែលបានមកតាមឪពុកម្តាយរបស់ពួកគេបំពេញការងារនៅក្នុងប្រទេសថៃ។ ជាមួយគ្នានេះរាជរដ្ឋាភិបាលថៃ ក៏បានផ្តល់ឱកាសក្នុងការសិក្សាអប់រំនៅតាមសាលារដ្ឋ និងមណ្ឌលថែទាំកុមារជូនពួកគេដូចនឹងកុមាររបស់ថៃផងដែរ។
បើទោះបីយ៉ាណាលោកស្រីរដ្ឋមន្ត្រី បានសន្យានាំយកសំណើខាងលើជូនគណៈរដ្ឋមន្ត្រីថៃ ដើម្បីរិះរកមធ្យោបាយជួយដល់កុមារដែលកំពុងត្រូវការជាចាំបាច់នូវសិទ្ធិជាមូលដ្ឋានក្នុងការទទួលបានការអប់រំ និងសិទ្ធិក្នុងការអភិវឌ្ឍនេះ។
នៅក្នុងជំនួបនេះ លោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានស្នើរដ្ឋមន្ត្រីអប់រំថៃ ឱ្យជួយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ដោយសារធនធានមនុស្សខាងផ្នែកទេសចរណ៍នៅមានកម្រិត អាចប្រឈមនឹងការខ្វះខាតនាពេលខាងមុខនៅពេលដែលកម្ពុជាបើកទទួលទេសចរអន្តរជាតិ និងវិស័យទេសចរណ៍ពិភពលោកបើកដំណើរការឡើងវិញ។
លោកបណ្ឌិត សុខ សុក្រឹត្យា និងលោកស្រីបណ្ឌិតរដ្ឋមន្ត្រីអប់រំថៃ ក៏បានពិភាក្សាគ្នាអំពីគម្រោងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ក្រោមព្រះរាជឧបត្ថម្ភដ៏ថ្លៃថ្លារបស់ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រី សិរិនថន ដែលបច្ចុប្បន្នវិទ្យាស្ថានខាងលើកំពុងបំពេញបេសកកម្មក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់និស្សិតកម្ពុជាជាច្រើននាក់ ដើម្បីពង្រឹងធនធានមនុស្សឆ្លើយតបទៅនឹងតម្រូវការការងារបច្ចុប្បន្ននៅកម្ពុជា។
តាមរយៈលោកស្រីរដ្ឋមន្ត្រីអប់រំថៃ លោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានសម្តែងការគោរពថ្លែងអំណរគុណព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រី សិរិនថន ដែលបានយកព្រះទ័យទុកដាក់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងគុណភាពអប់រំនៅកម្ពុជា។ ទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះក្រសួងអប់រំថៃ ដែលបានយកចិត្តទុកដាក់មើលថែសិស្ស និស្សិតកម្ពុជា ដែលកំពុងបន្តការសិក្សានៅប្រទេសថៃក្នុងអំឡុងពេលកូវីដ-១៩។
នៅក្នុងជំនួបខាងលើនេះ លោកស្រីរដ្ឋមន្ត្រីក្រសួងអប់រំថៃ ក៏បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យលើការចាក់វ៉ាក់សាំង និងការគ្រប់គ្រងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ លោកស្រី ក៏បានសម្តែងនូវការកោតសរសើរចំពោះការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានធ្វើឱ្យកម្ពុជា មានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យយ៉ាងឆាប់រហ័ស។
លោកបណ្ឌិត សុខ សុក្រឹត្យា និងលោកស្រីរដ្ឋមន្ត្រីអប់រំថៃ បានប្តេជ្ញាបន្តជំរុញទំនាក់ទំនងរវាងកម្ពុជា-ថៃ ឱ្យកាន់តែល្អប្រសើរ។ ជាពិសេសបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការល្អ ទាំងផ្នែករដ្ឋ និងឯកជន និងប្រជាជនតាមរយៈការបង្កើតឱ្យមានកម្មវិធីអភិវឌ្ឍធនធានមនុស្សឲ្យស្របតាមតម្រូវការទីផ្សារជំនាន់ថ្មី៕