(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នារសៀលថ្ងៃទី២៣ ខែកញ្ញា នេះ បានសម្រេចដាក់សង្កាត់ និងភូមិសាស្រ្ដមួយចំនួនតាមសង្កាត់ក្នុងក្រុងសៀមរាប ជា «តំបន់ក្រហម» និង «លឿងទុំ» រយៈពេល១សប្ដាហ៍ទៀត។

យោងលើសេចក្ដីសម្រេចដែលផ្សាយដោយរដ្ឋបាលខេត្តបានឱ្យដឹងថា សង្កាត់ដែលបន្តដាក់ជា «តំបន់ក្រហម» រួមមាន៖ សង្កាត់ស្លក្រាម (គ្រប់ភូមិ), សង្កាត់ស្វាយដង្គំរួមមានភូមិ៖ ភូមិតាភុល ភូមិមណ្ឌល១ ភូមិស្វាយដង្គំ ភូមិស្ទឹងថ្មី និងភូមិគ្រួស, សង្កាត់គោកចក រួមមានភូមិ៖ ភូមិត្រពាំងសេះ ភូមិនគរក្រៅ ភូមិទក្សិណខាងត្បូង និងភូមិវាល, សង្កាត់ជ្រាវនៅក្នុងភូមិនខ្នារ, សង្កាត់សាលាកំរើកនៅក្នុងភូមិតាវៀន, សង្កាត់ស្រង៉ែនៅភូមិព្រៃធំ និងភូមិស្រង៉ែ និងសង្កាត់ទឹកវិល នៅភូមិសណ្ដាន់។

ក្នុងសេចក្ដីមួយទៀតរបស់រដ្ឋបាលខេត្ត ក៏បានកំណត់ «តំបន់លឿងទុំ» លើសង្កាត់ និងភូមិនានា ក្រៅពីភូមិសាស្រ្តដែលត្រូវកំណត់ជាតំបន់ក្រហម រយៈពេល១សប្ដាហ៍ទៀតផងដែរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

សូមបញ្ជាក់ថា អាជ្ញាធរខេត្តសៀមរាបបានកំណត់ភូមិសាស្រ្ដក្រុងសៀមរាប ជាតំបន់ក្រហម និងលឿងទុំ កាលពីថ្ងៃទី១៧ ខែកញ្ញា កន្លង បន្ទាប់ពីក្រុងមួយនេះមានការឆ្លងរាលដាលជំងឺកូវីដ១៩មានសន្ទុះខ្លាំងគួរឱ្យកត់សម្គាល់។ អាជ្ញាធរបញ្ជាក់ថា វិធានការនេះនឹងជួយគ្រប់គ្រង និងទប់ស្កាត់ការឆ្លងរាលដាលបន្តទៅកាន់តែតំបន់ផ្សេងមានប្រសិទ្ធភាពខ្ពស់៕