(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌដង្កោ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ពីការពង្វាងចរាចរណ៍ជាបណ្តោះអាសន្ន លើកំណាត់ផ្លូវបេតុងឋានស៊ិនទ្រី (ចាស់) ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីធានាបានសុវត្ថិភាព ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរ និងដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍។ នេះបើយោងតាមសេចក្តីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលរាជធានីភ្នំពេញ បានបន្ដថា ការពង្វាងនេះ គឺដើម្បីរៀបចំដាក់ប្រព័ន្ធលូដែលមានមុខកាត់ ១,៥ម៉ែត្រចំនួន០២ខ្សែ ដើម្បីរំដោះទឹក ជំនន់ទឹកភ្លៀងដែលជន់លិចផ្លូវបេតុង និងផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ។ ដើម្បីធានាបានសុវត្ថិភាព ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់លើកំណាត់ផ្លូវបេតុងស្ពានស៊ិនទ្រី(ចាស់) និងដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍។

រដ្ឋបាលខណ្ឌដង្កោ បានបញ្ជាក់ថា ការពង្វាងចរាចរណ៍ជាបណ្តោះអាសន្ន នឹងធ្វើឡើងចាប់ពីថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ តទៅ រហូតដល់មានការជូនដំណឹងជាថ្មី។

បន្ថែមពីនេះទៀត លោកក៏បានសង្ឃឹម និងជឿជាក់ថា សាធារណជន និងប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្ត តាមសេចក្តីជូនដំណឹងនេះដោយស្មារតីយោគយល់អធ្យាស្រ័យដោយក្តីអនុគ្រោះ៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌដង្កោ៖