(ភ្នំពេញ)៖ ក្នុងរយៈពេល២៨ឆ្នាំកន្លងមកនេះ គ្រប់ស្ថាប័នរដ្ឋទាំងអស់របស់កម្ពុជា បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមស្មារតីរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣។ នេះជាការបញ្ជាក់របស់ លោក ព្រហ្ម វិចិត្រអក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ។
អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ ថ្លែងបែបនេះ ពេលផ្តល់បទសម្ភាសដល់បណ្តាញព័ត៌មាន Fresh News ស្តីពីកម្មវិធីផ្សព្វផ្សាយសៀវភៅ «រដ្ឋធម្មនុញ្ញកម្ពុជា» និងសៀវភៅ «គុណតម្លៃរដ្ឋធម្មនុញ្ញកម្ពុជា» នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីអបអរសាទរខួប២៨ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់ឡើងនូវរដ្ឋធម្មនុញ្ញ ដោយលោកបានលើកឡើងយ៉ាងដូច្នេះ៖ «ស្អែកយើងបានដឹងហើយថា ជាខួប២៨ឆ្នាំ នៃទិវាប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ ១៩៩៣-២០២១។ អញ្ចឹងការអនុវត្ត ២៨ឆ្នាំ កន្លងមកនេះ គឺយើងឃើញថា គ្រប់ស្ថាប័នរដ្ឋទាំងអស់ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមស្មារតីរដ្ឋធម្មនុញ្ញ»។
រដ្ឋធម្មនុញ្ញកម្ពុជា ១៩៩៣ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ បន្ទាប់ពីប្រជាជាតិខ្មែរសម្រេចបាន កិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយ នៃជម្លោះកម្ពុជានៅក្នុងសន្និសីទទីក្រុងប៉ារីស ស្តីពីកម្ពុជាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ប្រទេសកម្ពុជា បានរៀបចំការបោះឆ្នោតសកល នៅក្នុងខែឧសភា ឆ្នាំ១៩៩៣ ដោយបង្កើតបានសភាធម្មនុញ្ញ ដើម្បីរៀបចំតាក់តែងព្រាងរដ្ឋធម្មនុញ្ញថ្មីមួយ។ មកដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ រដ្ឋធម្មនុញ្ញថ្មីមួយ ត្រូវបានសភាធម្មនុញ្ញអនុម័តយល់ព្រម ហើយព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្ថលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ដែលរដ្ឋធម្មនុញ្ញនេះ បានក្លាយជារដ្ឋធម្មនុញ្ញទី៦ ចាប់តាំងពីប្រទេសកម្ពុជាទទួលយកធម្មនុញ្ញនិយមទំនើប។
ស្ថាបនិកដំបូងបង្កើតឲ្យមានរដ្ឋធម្មនុញ្ញនេះឡើង គឺព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងជំនួបដំបូងនៅហ្វែអង់តាដឺណ័រ ប្រទេសបារាំងក្នុងឆ្នាំ១៩៨៧ ដែលជាចំណុចចាប់ផ្តើមនៃការចរចា ស្វែងរកសន្តិភាពសម្រាប់ប្រទេសកម្ពុជា រហូតឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជំលោះកម្ពុជា ពោលគឺកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយខ្លឹមសារជាសារវន្តនៃឧបសម្ព័ន្ធទី៥ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះហើយ ដែលជាមូលដ្ឋាននៃការតាក់តែងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣។
បើតាមលោក ព្រហ្ម វិចិត្រអក្ខរា, តាមរយៈរដ្ឋធម្មនុញ្ញនេះ អ្វីដែលឆ្លុះបញ្ចាំងជាក់ស្តែងនោះ គេសង្កេតឃើញថា ប្រទេសជាតិកម្ពុជាទាំងមូល មានសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយ និងមានកំណើនសេដ្ឋកិច្ច ដែលធ្វើឱ្យពិភពលោកកោតសរសើរ៕