(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់ប្រធានក្រុមប្រឹស្រុក-ក្រុង-ខណ្ឌ ពីការពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ។ នេះបើតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ។

សម្តេចក្រឡាហោម ស ខេង សូមធ្វើការណែនាំមួយចំនួនដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដូចខាងក្រោម៖

*រដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវពិនិត្យ និងផ្ដល់លទ្ធភាពគាំទ្រលើផែនការសកម្មភាពប្រចាំឆ្នាំដែលស្នើឡើងដោយប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ។ អភិបាលក្រុង ស្រុកខណ្ឌត្រូវដាក់បញ្ចូលផែនការសកម្មភាពទាំងនោះ ទៅក្នុងកញ្ចប់ថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ស្របតាមមាត្រា៥៤ នៃអនុក្រឹត្យលេខ១៩ អនក្រ.បក ស្ដីពីការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ទន្ទឹមនឹងនេះ រដ្ឋបាលក្រុង ស្រុកខណ្ឌត្រូវផ្ដល់ព័ត៌មានត្រឡប់ឱ្យបានជាក់លាក់អំពីលទ្ធភាពនៃការគាំទ្រថវិកាទៅលើសកម្មភាពរបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ ដើម្បីឱ្យប្រធានការិយាល័យបានដឹង និងងាយស្រួលក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន

*នៅពេលអនុម័តគម្រោងថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រុមប្រឹក្សាក្រុង ស្រុកខណ្ឌ ត្រូវពិនិត្យមើល និងធានាថាផែនការសកម្មភាព និងថវិការបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ ត្រូវបានដាក់បញ្ចូលនៅក្នុងគម្រោងថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលក្រុងស្រុក ខណ្ឌ

*អភិបាលក្រុង ស្រុក ខណ្ឌ ត្រូវចាត់តាំងបុគ្គលិកដែលមានសមត្ថភាពឱ្យទៅបំពេញការងារជាជំនួយការរបស់ប្រធានការិយាល័យក្រុង ស្រុក ខណ្ឌ ស្របតាមការកំណត់ក្នុងមាត្រា៤៣ នៃអនុក្រឹត្យលេខ១៩ អនក្រ.បក ស្តីពីការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ ត្រូវកំណត់តួនាទី ភារកិច្ចដល់បុគ្គលិកជំនួយការឱ្យបានច្បាស់លាស់ដើម្បីធានាប្រសិទ្ធភាពនៃការបំពេញការងាររបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ

*រដ្ឋបាលក្រុង ស្រុក ខណ្ឌត្រូវយកចិត្តទុកដាក់ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីតួនាទីភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋដល់អ្នកពាក់ព័ន្ធនិងប្រជាពលរដ្ឋ ដើម្បីជំរុញ និងលើកទឹកចិត្តឱ្យប្រើប្រាស់យន្តការនេះ សម្រាប់សម្រុះសម្រួលដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការពាក់ព័ន្ធទៅនឹងការគ្រប់គ្រងរដ្ឋបាល និងការផ្តល់សេវាសាធារណៈនៅរដ្ឋបាល ក្រុងស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំរដ្ឋបាលក្រុង ស្រុក ខណ្ឌត្រូវផ្តល់លទ្ធភាពជូនការិយាល័យប្រជាពលរដ្ឋ ដើម្បីបញ្ជ្រាបការផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋតាមរយៈកិច្ចប្រជុំ ឬវេទិកាសាធារណៈនានាដែលរៀបចំដោយរដ្ឋបាលក្រុង ស្រុក ខណ្ឌ

*រដ្ឋបាលក្រុង ស្រុក ខណ្ឌត្រូវធានាឱ្យមានការការពារដល់ប្រធាន និងបុគ្គលិកការិយាល័យប្រជាពលរដ្ឋពីការគំរាមកំហែងនានា ក្នុងដំណើរការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនជាពិសេសនៅក្នុងដំណើរការស៊ើបអង្កេត និងសម្រុះសម្រួលដោះស្រាយបណ្ដឹង

*រដ្ឋបាលក្រុង ស្រុក ខណ្ឌត្រូវផ្តល់ប្រាក់បេសកកម្មដល់ប្រធានការិយាល័យប្រជាពលរដ្ឋ ក្រុងស្រុក ខណ្ឌឱ្យស្មើនឹងប្រាក់បេសកកម្មរបស់ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ និងត្រូវបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលទទួលបានពីការផ្តល់សេវារដ្ឋបាលជូនប្រធាន និងបុគ្គលិកការិយាល័យប្រជាពលរដ្ឋ ដើម្បីឧបត្ថម្ភលើកទឹកចិត្តដល់យន្តការសម្រុះសម្រួលដោះស្រាយបណ្តឹងនេះ

*ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌត្រូវជំរុញឱ្យអភិបាលក្រុង ស្រុក ខណ្ឌពិនិត្យលទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលការិយាល័យប្រជាពលរដ្ឋបានស្នើសុំអន្តរាគមន៍។ លើសពីនេះប្រធានក្រុមប្រឹក្សាត្រូវតាមដានត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំលើការបំពេញការងាររបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ៕