(ភ្នំពេញ)៖ ជនជាប់ចោទម្នាក់ជាមន្រ្តីយោធា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឲ្យនៅក្រៅឃុំ បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅកាន់តុលាការពាក់ពន្ធ័ករណី «ឆបោកប្រាក់»

ជនជាប់ចោទមានឈ្មោះ ឆុន អំណត់ ភេទប្រុស អាយុ៤១ឆ្នាំ មានមុខរបរជាមន្ត្រីយោធា ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។

បន្ទាប់ពីបញ្ជូនខ្លួនដល់តុលាការកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១, លោក ស៊ិន សុវណ្ណរ័ត្ន ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ដោយមានលោក លឹម ប៊ុនហេង ជាតំណាងអយ្យការ និងកញ្ញា អ៊ិត ឡងឌី ជាក្រឡាបញ្ជីសវនាការ បានបើកសវនាការ កាត់ទោសជនជាប់ចោទឈ្មោះ ឆុន អំណត់ ពីបទឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ យោងតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

បន្ទាប់ពីបើកសវនាការរួច លោក ស៊ិន សុវណ្ណរ័ត្ន ចៅក្រមជំនុំជម្រះ បានសម្រេចដោះលែងជនជាប់ចោទឈ្មោះ ឆុន អំណត់ ឱ្យមានសេរីភាពវិញ ពោលគឺមិនឃុំខ្លួនជននេះឡើយ បើទោះជាមានការសំណូមពររបស់ តំណាងអយ្យការលោក លឹម ប៊ុនហេង ក៏ដោយចុះ។

នៅក្នុងសវនាការលោក លឹម ប៊ុនហេង ក្នុងនាមជាតំណាងអយ្យការ បានលើកឡើងថា ជនជាប់ចោទឈ្មោះ ឆុន អំណត់ មិនបានបង្ហាញខ្លួន និងឆ្លើយបំភ្លឺនៅចំពោះមុខចៅក្រមស៊ើបសួរចំនួន២លើក តាមដីកាកោះហៅឡើយ ទើបចៅក្រមស៊ើបសួរសម្រេចចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនជាប់ចោទ។

លោក លឹម ប៊ុនហេង បានបន្ថែមថា ជនជាប់ចោទឈ្មោះ ឆុន អំណត់ មិនព្រមចូលខ្លួននាពេលសវនាការតាមដីកាហៅឡើយ ទាល់តែសមត្ថកិច្ចចាប់ខ្លួន តាមដីការបស់ចៅក្រមស៊ើបសួរ ទើបតុលាការអាចកាត់ទោសជននេះបាន ដូច្នេះគម្បីតុលាការពិចារណាក្នុងការឃុំខ្លួនជនជាប់ចោទជាបណ្ដោះអាសន្ន។

ប៉ន្តែការស្នើសុំរបស់របស់តំណាងអយ្យការមិនត្រូវបានលោក ស៊ិន សុវណ្ណរ័ត្ន ចៅក្រមជំនុំជម្រះ លើកមកពិចារណានោះទេ ដោយសម្រេចដោះលែងជនជាប់ចោទឈ្មោះ ឆុន អំណត់តែម្តង៕