(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងរស់នៅតាមដងស្ទឹងសិរីសោភ័ណ និងស្ទឹងមង្គលបូរី ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ច បានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព តាំងពីល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។

លោក ហ៊ិល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ដោយសារ៣ថ្ងៃនេះមានភ្លៀងធ្លាក់ជាប់ៗគ្នា ព្រមទាំងថៃបើកបង្ហូរទឹកមកពីលើទៀត ធ្វើឲ្យទឹកហក់ឡើងខ្លាំង ហើយបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋលិចបណ្តើរៗ ជាហេតុនាំឲ្យអាជ្ញាធរបានរួមគ្នាជម្លៀសពួកគាត់មករស់នៅទីទួលមានសុវត្ថិភាព។

ដោយឡែក លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី ក៏បានបញ្ជាក់ផងដែរថា សម្រាប់ផ្ទះប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងមង្គលបូរី បានលិចជាបណ្តើរៗហើយ ក្នុងនោះលោកបានជម្លៀសប្រជាពលរដ្ឋ ដឹកជញ្ជូន ទូក កាណូត មករស់នៅទីទួលមានសុវត្ថិភាព នៅកន្លែងផ្លូវវាងក្រុងជាបណ្តើរផងដែរ។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ ចុះពិនិត្យពិស្ថានភាពទឹកភ្លាមៗ និងបានថា ក្រោយពីមានភ្លៀងធំធ្លាក់មកជាប់ៗគ្នា៣ថ្ងៃ ស្រាប់តែទឹកស្ទឹងសិរីសោភ័ណហក់ឡើងយ៉ាងខ្លាំងនៅខ្វះតែ កន្លះម៉ែត្រទឹកអាចឡើងដល់ឆ្នាំមុនហើយ តែតំបន់វាលទំនាមភូមិ តាមមាត់អូរស្ទឹងលិច តែមិនទាន់ប៉ះពាល់ដល់អាយុជីវិតសត្វ និងហេដ្ឋារចនាសម្ព័ន្ធនោះឡើយ។

លោកថា ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទាំងអស់ ត្រូវបានអាជ្ញាធរជម្លៀសទៅទីទួលសុវត្ថិភាពអស់ហើយ ថែមទាំងបានចែកស្បៀងឲ្យទុកបរិភោគទៀតផង។ លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែល រងគ្រោះដោយទឹកជំនន់ទាំងអស់ ត្រូវចូលរួមថែរក្សាបរិស្ថានជុំវិញកន្លែងស្នាក់នៅ ត្រូវចេះធ្វើអនាម័យជាប្រចាំ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត៕