(ភ្នំពេញ)៖ រដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលប្រកាសឱ្យប្រើប្រាស់នៅឆ្នាំ១៩៩៣ បន្ទាប់ពីមានសង្គ្រាមរ៉ាំរ៉ៃជាងពីរទសវត្សរ៍ នឹងមានអាយុគម្រប់២៨ឆ្នាំនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ស្អែកនេះហើយ។ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា បានលើកឡើងថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទី២នេះ បានក្លាយជារដ្ឋធម្មនុញ្ញ មានអត្ថិភាព និងអាយុវែងជាងគេ បើប្រៀបធៀបទៅនឹងរដ្ឋធម្មនុញ្ញទាំងប្រាំរបស់ប្រទេសកម្ពុជាក្នុងសម័យកាលមុន។
រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលសម្រាប់ប្រទេសកម្ពុជា ដែលប្រកាន់នូវរបបប្រជាធិបតេយ្យ។ រដ្ឋធម្មនុញ្ញ គ្រប់គ្រង បញ្ហា អធិបតេយ្យភាព តួនាទី និង ឋានៈ របស់ព្រះមហាក្សត្រ សិទ្ធិ ជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ សេដ្ឋកិច្ច ការអប់រំ វប្បធម៌ និងកិច្ចការសង្គម ការប្រព្រឹត្តទៅ នៃរដ្ឋសភា ព្រឹទ្ធសភា សមាជ និងរាជរដ្ឋាភិបាល ការប្រព្រឹត្តទៅ នៃស្ថាប័ន តុលាការ ក្រុមប្រឹក្សាធម្មនុញ្ញ រដ្ឋបាល និងសភាជាតិ។
ជាពិសេសរដ្ឋធម្មនុញ្ញ ក៏ជាបន្ទាត់ក្រឹត្យមួយសម្រាប់តម្រង់ទិសឲ្យប្រជាពលរដ្ឋកម្ពុជារស់នៅទៅតាមច្បាប់។ មិនតែប៉ុណ្ណោះរាល់ច្បាប់ និងឯកសារគតិយុត្តទាំងឡាយរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវអនុលោមទៅតាមរដ្ឋធម្មនុញ្ញ បើពុំនោះសោតច្បាប់ និងឯកសារគតិយុត្តទាំងនោះ នឹងអធមនុញ្ញភាព។
ប្រទេសកម្ពុជា បានចាប់ផ្តើមបង្កើតរដ្ឋធម្មនុញ្ញលើកដំបូងនៅក្នុងឆ្នាំ១៩៤៧។ រដ្ឋធម្មនុញ្ញនៅកម្ពុជា បានផ្លាស់ប្តូរជាបន្តបន្ទាប់ចំនួន៥លើក ព្រោះតែការផ្លាស់ប្តូររបបដឹកនាំទៅតាមការវិវឌ្ឍស្ថានការនយោបាយនៅកម្ពុជា។ ផ្លាស់ប្តូរលើកទី១ ក្នុងរបបសាធារណរដ្ឋខ្មែរ, លើកទី២ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, លើកទី៣ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, លើកទី៤ ក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាប្រជាធិបតេយ្យ និងលើកទី៥ គឺរដ្ឋធម្មនុញ្ញដែលកំពុងប្រើបច្ចុប្បន្ននេះ។
ក្នុងឱកាសអញ្ជើញជាអធិបតីរៀបចំប្រារព្ធពិធីផ្សព្វផ្សាយសៀវភៅ «រដ្ឋធម្មនុញ្ញ» នៃព្រះរាជាណាចក្រកម្ពុជា និង សៀវភៅ «គុណតម្លៃរដ្ឋធម្មនុញ្ញកម្ពុជា» ដើម្បីអបអរសាទរខួប ២៨ឆ្នាំនៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ តាមរយៈប្រព័ន្ធវីដេអូ អនឡាញ (ZOOM) នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ លោក អ៉ឹម ឈុនលឹម បានថ្លែងថា រដ្ឋធម្មនុញ្ញដែលកំពុងប្រើបច្ចុប្បន្ននេះ គឺជាច្បាប់កំពូលកើតចេញពីឆន្ទៈរួមរបស់ប្រជារាស្ត្រខ្មែរគ្រប់និន្នាការនយោបាយ បានក្លាយជាមូលដ្ឋានគតិយុត្តដ៏រឹងមាំសម្រាប់កសាងកម្ពុជាឲ្យមានសន្តិភាព ស្ថិរភាព និងវឌ្ឍនភាព ប្រកបដោយចីរភាព។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ មានលក្ខណៈពហុសណ្ឋាន បង្កនូវកម្លាំងជំរុញរួមគ្នា នៃគុណតម្លៃទំនើប និងគុណតម្លៃខ្មែរ ធ្វើឲ្យរដ្ឋធម្មនុញ្ញនេះ ក្លាយជាកម្លាំងចលករប្រកបដោយថាមពល អាចដោះស្រាយបញ្ហានានា របស់សង្គមជាតិ ប្រកបដោយផ្លែផ្កាជាបន្តបន្ទាប់រៀងមក ចាប់តាំងពីឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ ទើបញាំងឲ្យរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បានក្លាយជារដ្ឋធម្មនុញ្ញ ដែលមានអត្ថិភាពនិងអាយុវែងជាងគេ (២៨ឆ្នាំ) បើប្រៀបធៀបទៅនឹងរដ្ឋធម្មនុញ្ញទាំងប្រាំរបស់ប្រទេសកម្ពុជាក្នុងសម័យកាលមុន»។
លោក អ៉ឹម ឈុនលឹម បានគូសរំលេចថា ទោះបីមានកាលៈទេសៈដ៏ចាំបាច់ខ្លះដែលនាំទៅដល់ការធ្វើការសើរើ និងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន ៨លើក និងការបង្កើតច្បាប់ធម្មនុញ្ញបន្ថែមមួយលើកយ៉ាងណាក្តី ប៉ុន្តែជាលទ្ធផលទូទៅ គឺពុំបានធ្វើឲ្យខូចខាតដល់ឆន្ទៈដើមរបស់រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ នោះឡើយ ផ្ទុយទៅវិញយន្តការទាំងនេះ នឹងរឹតតែជួយពង្រឹងប្រជាធិបតេយ្យ និងនីតិរដ្ឋ ពង្រឹងសណ្តាប់ធ្នាប់ធម្មនុញ្ញធានាបាននូវការបោះជំហានទៅមុខនៃដំណើរជាតិក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ បានយូរអង្វែងតទៅ។
ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានលើកឡើងដែរថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ បន្ទាប់ពីប្រជាជាតិខ្មែរសម្រេចបាន កិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា នៅក្នុងសន្និសីទទីក្រុងប៉ារីស ស្តីពីកម្ពុជាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ប្រទេសកម្ពុជា បានរៀបចំការបោះឆ្នោតសកល នៅក្នុងខែឧសភា ឆ្នាំ១៩៩៣ ដោយបង្កើតបានសភាធម្មនុញ្ញ ដើម្បីរៀបចំតាក់តែងព្រាងរដ្ឋធម្មនុញ្ញថ្មីមួយ។ មកដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ រដ្ឋធម្មនុញ្ញថ្មីមួយ ត្រូវបានសភាធម្មនុញ្ញអនុម័តយល់ព្រម ហើយព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ដែលរដ្ឋធម្មនុញ្ញនេះ បានក្លាយជារដ្ឋធម្មនុញ្ញទី៦ ចាប់តាំងពីប្រទេសកម្ពុជាទទួលយកធម្មនុញ្ញនិយមទំនើប។
លោក អ៉ឹម ឈុនលឹម បានរំលឹកថា ស្ថាបនិកដំបូងបង្កើតឲ្យមានរដ្ឋធម្មនុញ្ញនេះឡើង គឺព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងជំនួបដំបូងនៅហ្វែអង់តាដឺណ័រ ប្រទេសបារាំងក្នុងឆ្នាំ១៩៨៧ ដែលជាចំណុចចាប់ផ្តើមនៃការចរចា ស្វែងរកសន្តិភាពសម្រាប់ប្រទេសកម្ពុជា រហូតឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជំលោះកម្ពុជា ពោលគឺកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយខ្លឹមសារជាសារវន្តនៃឧបសម្ព័ន្ធទី៥ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះហើយ ដែលជាមូលដ្ឋាននៃការតាក់តែងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣។
សូមជម្រាបថា កម្ពុជាមានរដ្ឋធម្មនុញ្ញដំបូងនៅឆ្នាំ១៩៤៧ ហើយរដ្ឋធម្មនុញ្ញបច្ចុប្បន្ននេះ ជារដ្ឋធម្មនុញ្ញបង្កើតឡើងនៅឆ្នាំ១៩៩៣។ រដ្ឋធម្មនុញ្ញ ដែលកម្ពុជាធ្លាប់មានទាំង ៦លើករួមមានដូចខាងក្រោម៖
* រដ្ឋធម្មនុញ្ញលើកទី១៖ គឺរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទី១ ត្រូវបានអនុម័តនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ១៩៤៧។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧ នេះជារដ្ឋធម្មនុញ្ញអាស្រ័យធម្មនុញ្ញ តែរដ្ឋធម្មនុញ្ញនេះ មិនមានផ្លាស់បប្តូរទម្រង់ នៃការដឹកនាំនោះទេ គឺគ្រាន់តែមានការប្រែប្រួលខ្លះៗ ទៅតាមសភាពការណ៍ជាក់ស្តែងតែប៉ុណ្ណោះ។
* រដ្ឋធម្មនុញ្ញលើកទី២៖ គឺជារដ្ឋធម្មនុញ្ញ នៃសាធារណរដ្ឋខ្មែរ ត្រូវបានអនុម័តនៅថ្ងៃទី ១០ ខែឧសភា ១៩៧២។ រដ្ឋធម្មនុញ្ញនេះ ធ្វើឲ្យមានការផ្លាសប្តូររបបនយោបាយពីរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ មកជារបបសាធារណរដ្ឋ បែបសហរដ្ឋអាមេរិកវិញ។
* រដ្ឋធម្មនុញ្ញលើកទី៣៖ គឺជារដ្ឋធម្មនុញ្ញរបស់កម្ពុជាប្រជាធិបតេយ្យ ត្រូវបានអនុម័តនៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦។ រដ្ឋធម្មនុញ្ញ កម្ពុជាប្រជាធិបតេយ្យនេះ ដែលធ្វើឲ្យមានការផ្លាសស់ប្តូររបបគ្រប់គ្រងរដ្ឋនៅក្នុងប្រទេសខ្មែរ ពីរបបសារធារណរដ្ឋ ប្រែទៅជារបសកុម្មុនីសផ្តាច់ការ សម្លាប់រង្គាលលើប្រជាជនខ្លួនឯង ក្នុងអំឡុងពេលបីឆ្នាំ ៨ខែ និង ២០ថ្ងៃ។
* រដ្ឋធម្មនុញ្ញលើកទី៤៖ គឺជារដ្ឋធម្មនុញ្ញ នៃសាធារណរដ្ឋប្រជាមានិតកម្ពុជាប្រជាធិបតេយ្យ ត្រូវបានប្រកាសឲ្យប្រើតាមក្រឹត្យ លេខ ០១ក្រ ចុះថ្ងៃទី ២៥ ខែមថុនា ឆ្នាំ១៩៨១។
* រដ្ឋធម្មនុញ្ញលើកទី៥៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ ១៩៨៩ រដ្ឋសភានៃរបបសាធារណរដ្ឋ ប្រជាមានិតកម្ពុជា បានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ដោយកែឈ្មោះប្រទេសកម្ពុជាពី សាធារណរដ្ឋប្រជាមានិតកម្ពុជា មកជារដ្ឋកម្ពុជាវិញ នៅក្នុងមាត្រា៤ នៃរដ្ឋធម្មនុញ្ញនេះ ចែងថា រដ្ឋកម្ពុជាអនុវត្តិរបបនយោបាយពហុបក្ស។
* រដ្ឋធម្មនុញ្ញលើកទី៦៖ គឺជារដ្ឋធម្មនុញ្ញដែលប្រសូត្រចេញក្រោយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ នៅថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣ ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស បាននាំគ្នាទៅបោះឆ្នោតទៅជ្រើសរើសសភាធម្មនុញ្ញចំនួន ១២០រូបតំណាង ឲ្យទូទាំងប្រទេសដោយតាមប្រព័ន្ធបោះឆ្នោតសមាមាត្រ ដែលនាពេលនោះមានគណបក្សចំនួន ២០ ចូលរួមក្នុងការដណ្តើមសន្លឹកឆ្នោត។
បន្ទាប់ពីបោះឆ្នោតរួចសភាធម្មនុញ្ញបានដំណើរការយ៉ាងសកម្មរហូតដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ បានអនុម័តរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាដោយសំឡេង ៩៧% គាំទ្រ ហើយត្រូវបានព្រះមហាក្សត្រនៃប្រទេសកម្ពុជា ព្រះបាទនរោត្តម សីហនុ ប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ ដោយព្រះរាជក្រមចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣៕