(ភ្នំពេញ)៖ នៅឆ្នាំ២០២១នេះ កម្ពុជានៅតែចូលរួមប្រារព្ធទិវាទេសចរណ៍ពិភពលោកដូចឆ្នាំមុនៗ ខណៈក្រសួងទេសចរណ៍ក៏កំពុងត្រៀមរៀបចំពិធីនេះបណ្ដើរៗហើយ។ បើតាមគម្រោង ព្រឹត្តិការណ៍ពិភពលោកនេះ គឺរៀបចំឡើងក្នុងទំហំតូចល្មមអាចគ្រប់គ្រងបាន ក្នុងនោះគឺនឹងមានការប្រជុំពិភាក្សាគ្នាដោយផ្ទាល់ផង និងតាមអនឡាញផង (តាមទម្រង់កូនកាត់ ឬ Highbridge)។
គួរបញ្ជាក់ថា ទិវាទេសចរណ៍ពិភពលោក (World Tourism Day) ឆ្នាំ២០២១ ខួបលើកទី៤១ នឹងប្រារព្ធឡើងក្រោមប្រធានបទ៖ ទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន (TOURISM FOR INCLUSIVE GROWTH) នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខ ដោយនៅកម្ពុជាគេនឹងធ្វើចេញពីទីស្តីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ចំណែកឯក្រសួងស្ថាប័នពាក់ព័ន្ធ ផ្នែកឯកជន និងមន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង ២៥ នឹងចូលរួមតាមរយៈប្រព័ន្ធអនឡាញ ស្របតាមវិធានការសុខាភិបាល និងវិធានសុវត្ថិភាព។
ទិវាទេសចរណ៍ពិភពលោករៀបចំឡើងបង្ហាញអំពីកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងបណ្តាប្រទេសសមាជិកអង្គការទេសចរណ៍ពិភពលោក ឆ្ពោះទៅការដោះស្រាយបញ្ហាប្រឈមសាកល និងដាក់ចុះនូវទិសដៅទេសចរណ៍ពិភពលោកផងដែរ។
ប្រធានបទឆ្នាំនេះនឹងផ្តោតលើភាពចាំបាច់ដែលពិភពលោកត្រូវរួបរួមគ្នាលើវិបត្តិកូវីដ-១៩ ជាពិសេសគិតគូរលើការបើកឡើងវិញឲ្យបានទូលំទូលាយឆាប់ៗខាងមុខនូវទេសចរផ្ទៃក្នុង និងទេសចរអន្តរជាតិ ដើម្បីស្តារសេដ្ឋកិច្ច សង្គមឡើងវិញ ក៏ដូចជាពង្រឹងតួនាទីវិស័យទេសចរណ៍ក្នុងការអភិវឌ្ឍប្រកបដោយបរិយាបន្ន។
កម្មវិធីអបអរសាទរនេះនឹងប្រារព្ធធ្វើឡើងដោយមាន៖
* ការអានសារលិខិតរបស់លោក អង់តូនីញ៉ូ ហ្គូទែររ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ។
* សារវីដេអូរបស់លោក ហ្ស៊ូរ៉ាប់ ប៉ូឡូលីកាសវីលី (Zurab Pololikashvili) អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក។
* សារលិខិតអបអរសាទររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
* ការធ្វើបទបង្ហាញដោយមន្ត្រីជំនាញ សមាគមពាក់ព័ន្ធ និងផ្នែកឯកជន អំពីនិន្នាការទេសចរណ៍បច្ចុប្បន្ន និងចក្ខុវិស័យនៃវិស័យទេសចរណ៍ពិភពលោក តំបន់ និងកម្ពុជាបន្ទាប់ពីវិបត្តិជម្ងឺកូវីដ-១៩។
បើតាមក្រសួងទេសចរណ៍ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១ ខួបលើកទី៤១នេះ ត្រូវបានប្រារព្ធជាផ្លូវការនៅសាធារណរដ្ឋកូតឌីវ័រ។ ទិវាទេសចរណ៍ពិភពលោក ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី២៧ ខែកញ្ញា ចាប់តាំងពីឆ្នាំ១៩៨០ ដោយទីតាំងប្រារព្ធពិធីផ្លូវការត្រូវបានអនុម័តជ្រើសរើសតាមទ្វីប។ ដោយឡែក ប្រទេសជាសមាជិកទាំងអស់នឹងរៀបចំទិវានេះក្នុងប្រទេសរៀងៗខ្លួនទំហំអាចគ្រប់គ្រងបាន៕