(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងលោកស្រី ញូង ចរិយា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃកាន់បិណ្ឌវេនទី២នេះ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ ចូលរួមកាន់បិណ្ឌវេនទី២ និងនាំទៅវត្ថុបច្ច័យ ទៅប្រគេនព្រះសង្ឃគង់នៅវត្តសន្ធររង្សី ហៅវត្តត្រើយព្រែក ស្ថិតនៅក្នុងភូមិអន្លង់សំឡី ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់។
តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ថ្ងៃកាន់បិណ្ឌវេនទី២នេះ លោក អ៊ុន ចាន់ដា បានផ្ដួចផ្ដើមដឹកនាំមន្ត្រីរាជការជាច្រើន មកចូលរួមកាន់បិណ្ឌជាមួយប្រជាពលរដ្ឋ នៅវត្តសន្ធររង្សី ហៅវត្តត្រើយព្រែកនេះ។
មន្ត្រីបានបន្តថា ដោយសារប្រទេសជាតិរបស់យើង មានសុខសន្តិភាពពេញលេញ ប្រជាពលរដ្ឋរស់នៅបានសុខសាន្ត ទើបធ្វើឲ្យយើងមានឱកាសបានមកធ្វើបុណ្យបំពេញកុសល រួមជាមួយគ្នាក្នុងថ្ងៃនេះ ដោយបាននាំមកនូវទេយ្យទាន និងបច្ច័យវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសមហាកុសល ជូនដល់វិញ្ញាណក្ខន្ធ នៃអ្នកមានគុណទាំងឡាយ មាន មាតាបិតា ជីដូនជីតា បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិ ដែលបានលាចាកលោកនេះ។
ចំណែកនៃវត្ថុ និងបច្ច័យដែលថ្នាក់ដឹកនាំខេត្តកំពង់ចាម បានប្រគេនព្រះសង្ឃនាឱកាសនេះមានដូចជា៖ អង្ករ ១០០ គីឡូក្រាម, មីចំនួន ៥កេស , ទឹកសុទ្ធចំនួន ៥កេស, ទឹកក្រូចចំនួន ៥កេស , ទឹកដោះគោខាប់ចំនួន ១កេសធំ, តែចំនួន ៥ កញ្ចប់, ស្ករស ៥ គីឡូក្រាម, ចង់ហៅចំនួន ៧ស្រាក់, ផ្លែឈើចំនួន ៧កន្ត្រក, ស្លាដកចំនួន ៧, និងបច្ច័យមួយចំនួនសម្រាប់ប្រគេនព្រះសង្ឃផងដែរ ។ ជាមួយគ្នានោះដែរ លោកអភិបាលខេត្តនិង មន្ត្រីក្រោមឱវាទ បានចូលរួមប្រគេនបច្ច័យសម្រាប់កសាងសមិទ្ធផលនានាក្នុងទីអារាម នូវថវិកាចំនួន ៣,១៥០,០០០ រៀល ។ ដោយឡែកលោកស្រី ញូង ចរិយា អ៊ុន ចាន់ដា ប្រធានសមាគមនារីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម និងសហការី បានប្រគេនបច្ច័យសម្រាប់កសាងចំនួន ២លានរៀល និង១០០ដុល្លាផងដែរ៕