(ព្រុចសែល)៖ អាកាសយានដ្ឋានទីក្រុងព្រុចសែល បានប្រកាសដាក់ឲ្យដំណើរឡើងវិញ ១០០ភាគរយ ហើយ ដោយពេលនេះយន្តហោះដំបូង របស់ក្រុមហ៊ុនអាកាសចរណ៍ព្រុចសែល បានហោះចេញជាលើកដំបូងទៅកាន់គោលដៅរបស់ខ្លួន ក្រោមកិច្ចការពារសន្តិសុខយ៉ាងតឹងរ៉ឹងបំផុត។ នេះបើតាមការ ចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ារព័ត៌មាន AP នៅថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០១៦។
គួរបញ្ជាក់ថា ព្រលានយន្តហោះខាងលើនេះ បានបិទចាប់តាំងពីថ្ងៃទី២២ ខែមីនា រហូតដល់ថ្ងៃទី ០២ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីភេរវករពីររូបបាន ធ្វើការបំផ្ទុះអត្តឃាតនៅព្រលានយន្តហោះ និង ស្ថានីយ៍រថភ្លើងក្រោមដី ដ៏ធំបំផុតនៅក្នុងរដ្ឋធានីរបស់ប្រទេសបែលហ្ស៊ិកមួយនេះ បានបណ្តាលឲ្យមនុស្ស ៣២នាក់ស្លាប់ និង រាប់រយនាក់ទៀតរងរបួស។
សម្រាប់គោលដៅនៃជើងហោះហើរដំបូងរបស់អាកាចរណ៍ព្រុចសែលនោះ គឺទៅកាន់ទីក្រុង Faro របស់ប្រទេសប៉កទុយហ្គាល់៕