(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា រយៈពេល១ឆ្នាំមកនេះ ក្រសួងបរិស្ថាន បានសហការជាមួយក្រសួងស្ថាប័នអង្គភាពពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីពិនិត្យ សិក្សា និងចងក្រងលើទិន្នន័យដី ដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលយូរឆ្នាំ នៅតំបន់ការពារធម្មជាតិ ដើម្បីត្រៀមកាត់ដីឆ្វៀល ស្របតាមស្មារតី នៃលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ និងបទបញ្ជាណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០។

រហូតមកដល់ពេលនេះ ខេត្តដែលមានផ្ទៃដីតំបន់ការពារធម្មជាតិក្រោមការការពារ និងអភិរក្សរបស់ក្រសួងបរិស្ថាន បាននិងកំពុងបន្តស្រង់ទិន្នន័យ ខណៈមានខេត្តចំនួន៣ហើយ រួមមានខេត្តកោះកុង ខេត្តកែប និងឧត្តរមានជ័យ បានបញ្ចប់ការការស្រង់ទិន្នន័យ និងបានប្រជុំអន្តរក្រសួងពិនិត្យ និងបានគោរពស្នើសុំការពិនិត្យសម្រេចពីរាជរដ្ឋាភិបាល ហើយក្នុងនោះ ខេត្តកោះកុង បានសម្រេចរួចរាល់ហើយ។

ការឱ្យដឹងបែបនេះរបស់ លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាននាពិធីប្រកាសដាក់ឱ្យប្រើប្រាស់ និងផ្សព្វផ្សាយ «របាយការណ៍ស្ថានភាពបរិស្ថាន លើកទី៤ និងសៀវភៅធនធានគម្របព្រៃឈើកម្ពុជាឆ្នាំ២០១៨» តាមរយៈប្រព័ន្ធអនឡាយ (Zoom Meeting) នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ។

បើតាមលោក នេត្រ ភក្ត្រា, ខណៈខេត្តមួយចំនួនទៀត បាននិងកំពុងតែពិនិត្យ ក៏ដូចកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ គឺសំណើទៅលើការសម្រួលព្រំតំបន់ការពារធម្មជាតិ ដើម្បីកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ដែលកាន់កាប់ និងអាស្រ័យផលយូរឆ្នាំមកហើយ។ លោក នេត្រ ភក្ត្រា បានបន្ថែមថា៖ «អនុវត្តស្មារតីនៃកិច្ចប្រជុំពេញអង្គនៃគណៈរដ្ឋមន្ត្រី ដូចជាមតិណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៥ ខែកក្កដា គឺក្រសួងបរិស្ថាន បានសហការជាមួយក្រសួងពាក់ព័ន្ធនានា ក្នុងការពិនិត្យសិក្សា និងចងក្រងលើទិន្នន័យដី ដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលនៅតំបន់ការពារធម្មជាតិ»។

«នៅក្នុងរយៈពេល១ឆ្នាំមកនេះ បន្ទាប់ពីមានការសម្រេចនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី គឺយើងបានបង្កើតក្រុមការងារអន្តរក្រសួង ក្នុងនោះមានក្រសួងបរិស្ថាន ជាអ្នកដឹកនាំ ដោយមានការចូលរួមពីក្រសួងពាក់ព័ន្ធផ្សេងៗទៀត របស់រាជរដ្ឋាភិបាល រួមនឹងអាជ្ញាធរខេត្ត ក្នុងការចុះសិក្សាពិនិត្យ និងចងក្រងទៅលើទិន្នន័យដី របស់ប្រជាពលរដ្ឋដែលកំពុងតែប្រើប្រាស់ អាស្រ័យផលនៅក្នុងតំបន់អភិរក្ស ជាពិសេសក្នុងក្របខណ្ឌក្រសួងបរិស្ថាន គឺក្នុងតំបន់ការពារធម្មជាតិ ដែនជម្រកសត្វព្រៃ ឧទ្យានជាតិ តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់ការពារទេសភាព តំបន់បេតិកភ័ណ្ឌជាដើម»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យ។

លោកបានបន្ថែមថា៖ «នៅក្នុងកិច្ចការងារនេះ គឺយើងបានធ្វើការងារជាមួយនឹងរដ្ឋបាលខេត្ត ហើយខេត្តដែលបានបញ្ចប់កិច្ចការងារនេះ មានដូចជាខេត្តកោះកុង ខេត្តកែប ខេត្តឧត្តរមានជ័យ និងមួយចំនួនទៀតបាននិងកំពុងតែពិនិត្យក៏ដូចជាបប្រជុំអន្តរក្រសួង ដើម្បីពិនិត្យទៅលើសំណើ ហើយអ្វីដែលក្រសួងបរិស្ថាន បានពិនិត្យទៅលើសំណើរពីរដ្ឋបាលខេត្ត គឺសំណើទៅលើការសម្រួលព្រំតំបន់ការពារធម្មជាតិ ដើម្បីកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ដែលកាន់កាប់ និងអាស្រ័យផលយូរឆ្នាំមកហើយ»

លោក នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ៗថា អ្នកដែលទៅទន្ទ្រានកាន់កាប់ថ្មី មិនអាចស្នើសុំដើម្បីកាត់ឆ្វៀលទេ ប៉ុន្តែ អាចត្រូវប្រឈមចំពោះមុខច្បាប់ផងដែរ។ បន្ថែមពីនេះមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានបញ្ជាក់ថា គ្មានបុគ្គលណាម្នាក់មានសិទ្ធិលក់ដូរ ផ្ទេរកម្មសិទ្ធិដី នៅលើដីតំបន់ការពារធនធានធម្មជាតិដែលជាដីរដ្ឋបានបាននោះទេ។

លោកបន្តថា យើងឃើញថា អ្វីដែលជាការសង្កេតនៅចុងក្រោយ ក្រោយពេលមានបទបញ្ជារបស់សម្តេចតេជោ ក៏ដូចជាស្មារតីនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី០៣ គឺមានជនខិលខូចមួយចំនួនបានឆ្លៀតឱកាស និងកំពុងតែលួចទន្ទ្រានកាន់កាប់ដីព្រៃនៅក្នុងតំបន់ការពារធនធានធម្មជាតិខុសច្បាប់។ ជុំវិញការលួចចូលទន្ទ្រានកាន់កាប់ដីព្រៃធម្មជាតិដោយខុសច្បាប់ពីសំណាក់បុគ្គលខិលខូចមួយចំនួននេះដែរ អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងបរិស្ថាន បានចងក្រងនូវឯកសារផ្សេងៗ ធ្វើការកំណត់អត្តសញ្ញាណជនដែលបានទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់ ហើយនឹងចងក្រងឯកសារនេះ ដើម្បីបញ្ជូនទៅកាន់តុលាការ។

គួររំឭកថា សម្តេចតេជោ នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ បន្ថែមលើស្មារតីនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃទី០៣ ខែកក្កដា តាមរយៈការបង្ហោះនៅលើហ្វេសប៊ុកសម្តេចដោយដាក់សង្កត់ធ្ងន់ថា «ជនឆ្លៀតឱកាសពីការបែងចែក និងទទួលដីធ្លីនឹងត្រូវមានទោស»

បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានបញ្ជាទៅក្រសួង ទាំង៣ រួមមានក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ និងនេសាទ និងក្រសួងរៀបចំដែន ដីនគរូបនីយកម្ម និងសំណង់សិក្សាកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលយូរឆ្នាំមកហើយក្នុងតំបន់អភិរក្សតំបន់ដែនជម្រកសត្វព្រៃ និងតំបន់ការពារផ្សេងៗទៀតរបស់រដ្ឋនៅក្នុងនោះ សម្តេចតេជោបានបញ្ជាក់សង្កត់ធ្ងន់ច្បាស់ៗថា៖

ទី១៖ ចំពោះប្រជាពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលជាក់ស្តែងក្នុងតំបន់ដីរដ្ឋដូចបញ្ជាក់ខាងលើគឺហាមកាប់ឆ្ការទន្ទ្រានវាតទីយកដីបន្ថែមគឺមិនអនុញ្ញាតជាដាច់ខាត។ សម្តេចតេជោបានថ្លែងថា កន្លងមក សម្តេចតេជោបានសង្កេតឃើញតែអ្នកមានអំណាច និងអ្នកមានទ្រព្យច្រើនប្រើអ្នកតូចតាចឱ្យទៅកាប់រុករានទន្ទ្រានយកដីឱ្យខ្លួន។ រីឯចំពោះក្រុមជនខិលខូចដែលទៅទន្ទ្រានយកដីរដ្ឋមួយយប់ ធ្វើបានខ្ទមពី ១០ ទៅ២០ ក៏សម្តេចបានដឹង និងបានកំណត់អត្តសញ្ញាណនឹងមុខសញ្ញាអស់ហើយដែរ។ សម្តេចតេជោ
បានលើកឡើងថា បើរកឃើញថាអ្នកទាំងនោះបានប្រព្រឹត្តមែននោះគឺនឹងត្រូវចាប់ខ្លួន។

ទី២៖ ចំពោះការបែងចែកដីជូនប្រជាពលរដ្ឋ គឺក្រសួងពាក់ព័ន្ធនឹងអាជ្ញាធរត្រូវធ្វើឱ្យបានហ្មត់ចត់ និងត្រឹមត្រូវ ហាមដាច់ខាតឆ្លៀតកេងចំណេញយកចំណែកខ្លួនពីការបែងចែកដីជូនពលរដ្ឋគឺនឹងត្រូវទទួល ទោសជាកំហិត។

និងទី៣៖ ក្រៅពីកាត់ឆ្វៀលដីជូនពលរដ្ឋទៅតាមទំហំរស់នៅជាក់ស្តែង គឺរដ្ឋនឹងត្រូវបន្ថែមផ្ទៃដី ១០% ជាប្រយោជន៍រួមសម្រាប់សហគមន៍ប្រើប្រាស់ជាព្រៃរកអុស និងជាជម្រកសត្វគោ ក្របី ស៊ីស្មៅជាដើម។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់សាជាថ្មីដល់មន្ត្រី អ្នកមានអំណាច និងអ្នកមានទ្រព្យស្តុកស្តម្ភទាំងឡាយល្មមចេះឆ្អែត និងគ្រប់គ្រាន់ហើយ ហើយត្រូវឈប់ធ្វើបាបប្រជាពលរដ្ឋតទៅទៀត៕