(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានណែនាំនិងដាក់ទិសដៅការងារសំខាន់ៗចំនួន៣ចំណុច ដល់ជួរថ្នាក់ដឹកនាំ មន្ត្រីនៃស្ថាប័ន មន្ទីរ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធទាំង៩ក្រុងស្រុក សម្រាប់យកទៅអនុវត្តនៅថ្ងៃខាងមុខ ឱ្យមានប្រសិទ្ធភាព។
ទិសដៅអនុវត្ត ទាំង៣ចំណុច រួមមាន៖
*ទី១៖ ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ ដើម្បីឲ្យពួកគាត់បានមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ ឲ្យបានគ្រប់ៗគ្នា។
*ទី២៖ ត្រូវពិនិត្យធ្វើស្ថិតិទិន្នន័យឡើងវិញឲ្យបានជាក់លាក់ ពីចំនួនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្រុងស្រុកនីមួយៗ ដែលពុំទាន់បានចាក់វ៉ាក់សាំង ដើម្បីឈានដល់ការចាក់បញ្ចប់នៅពេលខាងមុខនេះ តាមគោលការណ៍របស់រាជរដ្ឋាភិបាល។
*ទី៣៖ សូមឱ្យមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុងស្រុក បន្តយកចិត្តទុកដាក់ ពិនិត្យបញ្ហាប្រឈម និងដោះស្រាយបញ្ហាសាលារៀន ដែលមានហានិភ័យទាប ពាក់ព័ន្ធការឆ្លងជំងឺកូវីដ-១៩ គឺដាក់សំណើមករដ្ឋបាលខេត្ត ដើម្បីប្រជុំពិនិត្យពិភាក្សាជាមួយមន្ទីរអប់រំ សំដៅឈានទៅដំណើរការបើកសាលារៀនឡើងវិញ។ ពិសេសសម្រាប់សិស្សថ្នាក់ទី៩ ដល់ថ្នាក់ទី១២ ឲ្យបានចូលរៀនគ្រប់គ្នា និងឈានបើកសាលារៀននៅក្នុងក្របខណ្ឌទូទាំងខេត្តកំពត នាពេលខាងមុខ។
ការណែនាំ និងដាក់ទិសដៅទាំង៣ចំណុចខាងលើ ធ្វើឡើងខណ:លោកអភិបាលខេត្ត ជាវ តាយ ដឹកនាំក្នុងកិច្ចប្រជុំ បូកសរុបពិនិត្យនិងវាយតម្លៃលទ្ធផលការងារចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ ជូនប្រជាជន ក្នុងភូមិសាស្ត្រខេត្តកំពត នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពត។
លោក ជាវ តាយ បានអំពាវនាវដល់ពលរដ្ឋ ប្រញាប់រួសរាន់មកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឲ្យបានឆាប់រហ័សទាំងអស់គ្នា ព្រោះយុទ្ធនាការចាក់វ៉ាក់សាំង នៅក្នុងភូមិសាស្ត្រខេត្តកំពត នឹងត្រូវបិទបញ្ចប់ក្នុងខែតុលា ខាងមុខនេះ។ យុទ្ធនាការជាតិចាក់សាំងការពារជំងឺឆ្លងកូវីដ ជូនប្រជាពលរដ្ឋយើង គឺជាគោលនយោបាយយ៉ាងសំខាន់មួយ របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដើម្បីឈានទៅរកការបើកប្រទេសឡើងវិញ ពិសេសដំណើរការបើកសាលារៀនសម្រាប់សិស្សានុសិស្ស។ បើយើងចេះតែបណ្តោយឲ្យយុទ្ធនាការចាក់វ៉ាក់សាំង អូសបន្លាយពេលយូរ វាអាចបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សុវត្ថិភាព សុខភាពប្រជាពលរដ្ឋ សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រទេសជាតិ។
តាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកំពត បានបង្ហាញថា លទ្ធផល នៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលរដ្ឋបាលខេត្តកំពត បានចាប់ដំណើរការពីថ្ងៃទី២ ខែមីនា ដល់ថ្ងៃទី២១ ខែកញ្ញានេះ ប្រជាពលរដ្ឋ បានមកទទួលការចាក់វ៉ាក់សាំងការពារកូវីត១៩ មានចំនួនសរុប ៤៥៧.១៧៨នាក់ ស្មើនឹង ៧៣,៦០% និងនៅពុំទាន់បានចាក់មានចំនួន ១៦៤.០០៥នាក់ ស្មើនឹង២៦,៤០% ក្នុងចំនួនប្រជាជនសរុប ដែលត្រូវចាក់ពីអាយុ៦ឆ្នាំឡើង ចំនួនសរុប ៦២១.១៨៣នាក់។ ក្នុងនោះអាយុពី១៨ឆ្នាំឡើង បានចាក់ហើយចំនួន ៣៤០.៩៣៥នាក់ និងពុំទាន់បានចាក់ចំនួន ១១០១៣៦នាក់, អាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ បានចាក់ហើយ ចំនួន ៦៥.២៧៥នាក់ ពុំទាន់បានចាក់ ចំនួន ២៩.៩២៦នាក់ និងអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ បានចាក់ហើយ ចំនួន ៥០.៩៦៨នាក់ ពុំទាន់បានចាក់ ចំនួន ២៣.៩៤៣នាក់។
ក្នុងឱកាសនោះ លោក ជាវ តាយ បានប្រគល់សម្ភារបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ដែលជាអំណោយសប្បុរសធម៌ ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់រដ្ឋបាលក្រុងស្រុកទាំង៩, រដ្ឋបាលឃុំ សង្កាត់ចំនួន៩៣, មន្ទីរពេទ្យបង្អែកខេត្ត និងស្រុកចំនួន៥ និងមណ្ឌលសុខភាព ចំនួន ៦៦ ក្នុងខេត្ត សរុបរួមមាន: ម៉ាសចំនួន ៩៣.៥០០ម៉ាស, ទឹកអាល់កុលចំនួន ៨១០លីត្រ និងថ្នាំបុរាណចិនព្យាបាលជំងឺកូវីដ១៩ ចំនួន ៥២៨ប្រអប់៕