(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង បានរៀបចំពិធីចែកប័ណ្ណជូនជនមានពិការភាពក្រីក្រ មកពី៦ឃុំ ក្នុងស្រុករលាប្អៀរ ក្រោមអធិបតីភាពលោក យៀប ម៉ាលីណូ ប្រធាននាយកដ្ឋានសុខមាលភាពជនពិការ, លោកស្រី តុង ណារី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារខេត្ត, លោកប្រធាន និងអនុប្រធានមន្ទីរសង្គមកិច្ចខេត្ត និងក្រុមការងារ នៃមន្ទីរសង្គមកិច្ចខេត្ត អាជ្ញាធរស្រុក រួមទាំងអាជ្ញាធរឃុំទាំង៦ឃុំ ក្នុងស្រុករលាប្អៀរ បានអញ្ជើញចូលរួមផងដែរ។

ក្នុងឱកាសនោះ លោក យៀប ម៉ាលីណូ និងលោកស្រី តុង ណារី បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ ពិសេសសម្ដេចតេជោ ហ៊ុន សែន ដែលកន្លងមកសម្តេច តែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ជួបការលំបាកនៅគ្រប់ទីកន្លែង ដែលមិនអាចភ្លេចបាននូវគុណបំណាច់របស់ជនពិការ ដែលលះបង់ឈាមស្រស់សាច់ស្រស់ដើម្បីជាតិមាតុភូមិនិងផលប្រជាពលរដ្ឋ។

លោក យៀប ម៉ាលីណូ និងលោកស្រី តុង ណារី បានអំពាវនាវដល់ជនពិការ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទាំងអស់គ្នាជាមួយអាជ្ញាធរមូលដ្ឋានដោយធ្វើយ៉ាងណារក្សាឲ្យបាននូវគោលការណ៍ណែនាំរបស់អា ជ្ញាធរក៏ដូចជាក្រសួងសុខាភិបាល ជាពិសេសអនុវត្តតាមអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល «៣ការពារ និង៣កុំ» ឲ្យបានខ្ជាប់ខ្ជួនដើម្បីខ្លួនយើង និងសហគមន៍យើង ចៀសផុតពីជំងឺដ៏កាចសាហាវមួយនេះ ហើយត្រូវបញ្ជូនកូនដែលគ្រប់អាយុ ទៅចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា។

លោក ឈាង ចន្ធី អនុប្រធានមន្ទីរសង្គមកិច្ច បានបញ្ជាក់ប្រាប់ឲ្យដឹងថា ជនមានពិការភាពក្រីក្រក្នុងសហគមន៍ចំនួន១៥៣នាក់ ដែលអញ្ជើញមកពី៦ឃុំ ក្នុងស្រុករលាប្អៀរ ទទួលបានប័ណ្ណជនមានពិការភាពក្រីក្រពីរាជរដ្ឋាភិបាល ដែលប័ណ្ណនេះអាចទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលក្នុងមួយឆ្នាំចំនួន២៤ម៉ឺនរៀល។

លោកបន្តថា ការចែកប័ណ្ណជូនជនមានពិការភាពក្រីក្រក្នុងសហគមន៍ខាងលើនេះ គឺធ្វើតែពលរដ្ឋនៅក្នុងស្រុករលាប្អៀរសិនទេ ដែលជ្រើសយកពលរដ្ឋជាជនមានពិការភាពក្រីក្រក្នុងសហគមន៍ចំនួន៦ឃុំ ក្នុងស្រុករលាប្អៀរនេះ តែប៉ុណ្ណោះ។ ដោយឡែក នៅតាមបណ្ដាស្រុកផ្សេងៗ និងបន្តធ្វើជាបន្តបន្ទាប់ ដូច្នេះបងប្អូនប្រជាពលរដ្ឋដែលជាជនមានពីការភាពក្រីក្រ តាមបណ្ដាសហគមន៍ដទៃទៀត ក្រុមការងារនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទាខេត្ត និងបន្តចុះអនុវត្តការងារនេះក្នុងពេលដ៏ឆាប់ខាងមុខនេះ៕