(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានផ្សព្វផ្សាយសៀវភៅចំនួនពីរដែលទើបបោះពុម្ពថ្មី រួមមានសៀវភៅ «រដ្ឋធម្មនុញ្ញកម្ពុជា» និងសៀវភៅ «គុណតម្លៃរដ្ឋធម្មនុញ្ញកម្ពុជា» ដើម្បីអបអរសាទរខួប២៨ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់ឡើងនូវរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។
ពិធីប្រកាសផ្សព្វផ្សាយសៀវភៅទាំងពីរនេះ ធ្វើឡើងក្រោមអធិបតីភាពលោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ដោយមានការចូលរួមពីតំណាងថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន និងគ្រឹះស្ថានឧត្តមសិក្សានានា តាមរយៈប្រព័ន្ធវីដេអូផងដែរ។
ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ លោក អ៉ឹម ឈុនលឹម បានលើកឡើងថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ បន្ទាប់ពីប្រជាជាតិខ្មែរសម្រេចបាន កិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជានៅក្នុងសន្និសីទទីក្រុងប៉ារីសស្តីពីកម្ពុជាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ប្រទេសកម្ពុជា បានរៀបចំការបោះឆ្នោតសកល នៅក្នុងខែឧសភា ឆ្នាំ១៩៩៣ ដោយបង្កើតបានសភាធម្មនុញ្ញ ដើម្បីរៀបចំតាក់តែងព្រាងរដ្ឋធម្មនុញ្ញថ្មីមួយ។ មកដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ រដ្ឋធម្មនុញ្ញថ្មីមួយ ត្រូវបានសភាធម្មនុញ្ញអនុម័តយល់ព្រម ហើយព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ដែលរដ្ឋធម្មនុញ្ញនេះ បានក្លាយជារដ្ឋធម្មនុញ្ញទី៦ ចាប់តាំងពីប្រទេសកម្ពុជាទទួលយកធម្មនុញ្ញនិយមទំនើប។
ស្ថាបនិកដំបូងបង្កើតឲ្យមានរដ្ឋធម្មនុញ្ញនេះឡើង គឺព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងជំនួបដំបូងនៅហ្វែអង់តាដឺណ័រ ប្រទេសបារាំងក្នុងឆ្នាំ១៩៨៧ ដែលជាចំណុចចាប់ផ្តើមនៃការចរចា ស្វែងរកសន្តិភាពសម្រាប់ប្រទេសកម្ពុជា រហូតឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជំលោះកម្ពុជា ពោលគឺកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយខ្លឹមសារជាសារវន្តនៃឧបសម្ព័ន្ធទី៥ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះហើយ ដែលជាមូលដ្ឋាននៃការតាក់តែងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣។
ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានលើកឡើងផងដែរថា រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូល កើតចេញពីឆន្ទៈរួមរបស់ប្រជារាស្ត្រខ្មែរគ្រប់និន្នាការនយោបាយ បានក្លាយជាមូលដ្ឋានគតិយុត្តដ៏ រឹងមាំសម្រាប់កសាងកម្ពុជាឲ្យមានសន្តិភាព ស្ថិរភាព និងវឌ្ឍនភាព ប្រកបដោយចីរភាព។ រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ មានលក្ខណៈពហុសណ្ឋាន បង្កនូវកម្លាំងជំរុញរួមគ្នា នៃគុណតម្លៃទំនើប និងគុណតម្លៃខ្មែរ ធ្វើឲ្យរដ្ឋធម្មនុញ្ញនេះ ក្លាយជាកម្លាំងចលករប្រកបដោយថាមពល អាចដោះស្រាយបញ្ហានានា របស់សង្គមជាតិ ប្រកបដោយផ្លែផ្កាជាបន្តបន្ទាប់រៀងមក ចាប់តាំងពីឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ ទើបញាំងឲ្យរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បានក្លាយជារដ្ឋធម្មនុញ្ញ ដែលមានអត្ថិភាពនិងអាយុវែងជាងគេ (២៨ឆ្នាំ) បើប្រៀបធៀបទៅនឹងរដ្ឋធម្មនុញ្ញទាំងប្រាំរបស់ប្រទេសកម្ពុជាក្នុងសម័យកាលមុន។
ជាប្រការគួរឲ្យកត់សម្គាល់ ទោះបីមានកាលៈទេសៈដ៏ចាំបាច់ខ្លះដែលនាំទៅដល់ការធ្វើការសើរើ និងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន ៨លើក និងការបង្កើតច្បាប់ធម្មនុញ្ញបន្ថែមមួយលើកយ៉ាងណាក្តី ប៉ុន្តែជាលទ្ធផលទូទៅ គឺពុំបានធ្វើឲ្យខូចខាតដល់ឆន្ទៈដើមរបស់រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ នោះឡើយ ផ្ទុយទៅវិញយន្តការទាំងនេះ នឹងរឹតតែជួយពង្រឹងប្រជាធិបតេយ្យ និងនីតិរដ្ឋ ពង្រឹង សណ្តាប់ធ្នាប់ធម្មនុញ្ញ ធានាបាននូវការបោះជំហានទៅមុខនៃដំណើរជាតិក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ បានយូរអង្វែងតទៅ។
ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានបន្តទៀតថា រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺជាកេតនភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិខ្មែរ ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប មានកាតព្វកិច្ចត្រូវគោរព។ គុណតម្លៃនៃរដ្ឋធម្មនុញ្ញ ហូរជ្រាបទៅដល់ទីណា ទីនោះទទួលបាននូវគុណតម្លៃនៃនីតិរដ្ឋ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលជាសមាសធាតុសំខាន់ក្នុងការកសាង និងការអភិវឌ្ឍរដ្ឋក្នុងសម័យទំនើបនេះ។
ដោយយល់ឃើញនូវឧត្តមប្រយោជន៍នៃរដ្ឋធម្មនុញ្ញនេះហើយ ទើបក្រុមប្រឹក្សាធម្មនុញ្ញ បានផ្តួចផ្តើមគំនិតរិះរកវិធីក្នុងការបញ្ជ្រាបការយល់ដឹងអំពីគោលការណ៍ធំៗ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ទៅក្នុងមជ្ឈដ្ឋានសាធារណៈ ដោយបានបញ្ចូលបទប្បញ្ញត្តិគ្រឹះមួយចំនួនក្នុងរដ្ឋធម្មនុញ្ញ ទៅក្នុងកម្មវិធីសិក្សា កម្រិតបឋមសិក្សា កម្រិតមធ្យមសិក្សាបឋមភូមិ និងកម្រិតមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំ២០១៩ កន្លងមក ហើយប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានសំណូមពរគ្រប់ស្ថាប័ន សិក្សា អាចពិនិត្យលទ្ធភាព ក្នុងការចូលរួមលើកកម្ពស់ការយល់ដឹងខ្លឹមសាររដ្ឋធម្មនុញ្ញ តាមរូបភាព នានាដែលអាចធ្វើទៅបាន នៅតាមគ្រឹះស្ថានឧត្តមសិក្សារៀងៗខ្លួន។
ក្នុងឆ្នាំ២០២១នេះ ដើម្បីអបអរសាទរទិវារំលឹកខួប ២៨ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្រុមប្រឹក្សាធម្មនុញ្ញបានបោះពុម្ពសៀវភៅរដ្ឋធម្មនុញ្ញចំនួន ១០ម៉ឺនក្បាល ដើម្បីចែកជូនទៅគ្រប់ក្រសួង ស្ថាប័ន អង្គភាពជាតិ ក្រុមប្រឹក្សា និងគណៈអភិបាល រាជធានី-ខេត្ត ក្រុមប្រឹក្សានិងគណៈអភិបាលក្រុង-ស្រុក-ខណ្ឌក្រុមប្រឹក្សាឃុំ-សង្កាត់ គណបក្សនយោបាយ សហជីព សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ស្ថានទូត និងគ្រឹះស្ថានអប់រំទាំងសាធារណៈ និងឯកជន ព្រមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។
ការបោះពុម្ពនេះ គឺមានលក្ខណៈកាន់តែពិសេស និងកាន់តែងាយស្រួលថែមទៀត ដោយបន្ថែមនូវកំណត់សម្គាល់បង្ហាញ នូវកម្រងមាត្រារដ្ឋធម្មនុញ្ញទាំងអស់តាមលំដាប់លេខរៀងនៃមាត្រានីមួយៗដែលត្រូវបានធ្វើវិសោធនកម្ម(ទាំងមាត្រា ដើម មាត្រាវិសោធនកម្មលើកទី១ ដោយប្រើពាក្យ «ថ្មី» វិសោធនកម្មលើកទី២ ដោយប្រើពាក្យ «ថ្មី (មួយ)» […] ) ដើម្បីសម្រួលដល់អ្នកប្រើប្រាស់សៀវភៅរដ្ឋធម្មនុញ្ញ ឲ្យមានភាពងាយស្រួលមួយកម្រិតថែមទៀត ដោយអាចមើលឃើញក្នុងពេលតែមួយនូវខ្លឹមសារនៃមាត្រាដើម និងខ្លឹមសារវិសោ ធនកម្មនៃមាត្រានោះ ទោះបីជាមាត្រានោះត្រូវបានធ្វើវិសោធនកម្មប៉ុន្មានលើកក៏ដោយ។ ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាធម្មនុញ្ញក៏បានចងក្រង និងបោះពុម្ពចំនួន ៥០០ ក្បាល នូវកម្រងឯកសារទស្សនទាន ចម្រុះដែលប្រមូលបានពីសន្និសីទរៀបចំកាលពីឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមប្រធានបទ «គុណតម្លៃទំនើប និងគុណតម្លៃខ្មែរ ដែលមានក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា» ដើម្បីអបអរទិវារំលឹកខួបទី២៨ឆ្នាំនៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនេះផងដែរ។
លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានថ្លែងអំណរព្រះគុណ និងអរគុណ ថ្វាយ ប្រគេន និងជូនសម្តេច លោក លោកស្រី ដែលបានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃ ចូលរួមក្នុងពិធីនេះ និងបានប្រកាសថ្វាយ ប្រគេន និងចែកជូនសៀវភៅរដ្ឋធម្មនុញ្ញ ចំនួន ១០ម៉ឺនក្បាល និងសៀវភៅគុណតម្លៃរដ្ឋធម្មនុញ្ញកម្ពុជា៖ទស្សនទានចម្រុះក្នុងសន្និសីទរំលឹកខួប ២៧ឆ្នាំ ចំនួន ៥០០ក្បាល ផ្សព្វផ្សាយទៅទូទាំងប្រទេស ដើម្បីអបអរសាទរទិវារំលឹកខួប២៨ឆ្នាំ នៃការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីពេលនេះតទៅ៕