(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានស្នើអាជ្ញាធរពាក់ព័ន្ធត្រូវជំរុញការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ក្នុងកិច្ចអនុវត្តកាតព្វកិច្ចបង់ពន្ធអចលនទ្រព្យ និងពន្ធមធ្យោបាយធ្វើដំណើរ ឲ្យបានទាន់ពេលវេលា។
ការថ្លែងរបស់លោក ម៉ែន វិបុល បែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តស្វាយរៀងតាមរយះប្រពន្ធវីដេអូ Zoom នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។
លោកអភិបាលខេត្ត បានកោតសរសើរ និងអរគុណចំពោះកងកម្លាំងមានសមត្ថកិច្ច ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់លើការងារពង្រឹងសន្តិសុខសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋបានល្អប្រសើរ។ ទទ្ទឹមនោះលោកអរគុណដល់ក្រុមការងារស្រាវជ្រាវជំងឺកូវីដ១៩ នៃរដ្ឋបាលខេត្ត ដែលបានធ្វើការបំពេញការងាទាន់ពេលវេលាលើការស្រាវជ្រាវក្តាប់មុខសញ្ញាព័ន្ធនឹងកូវីដ១៩។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានដាក់ចេញទិសដៅ និងចំណុចសំខាន់ៗមួយចំនួនដូចជា៖
*១៖ រដ្ឋបាលក្រុង-ស្រុក អាជ្ញាធរពាក់ត្រូវពង្រឹងការយាមកាមឲ្យបានម៉ឺងម៉ាត់ ចំពោះអ្នកធ្វើចត្តាឡីស័កនៅតាមផ្ទះ ឬតាមមណ្ឌល ចៀសវាងការធ្វើចត្តាឡីស័កមិនបានត្រឹមត្រូវធ្វើឲ្យមានហានិភ័យឆ្លងដល់អ្នកដដៃ។
*២៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ត្រូវត្រៀមលក្ខណៈរៀបចំទីទួលសុវត្ថិភាព និងត្រៀមសម្ភារគ្រប់បែបយ៉ាង ដើម្បីជម្លៀសប្រជាពលរដ្ឋពេលជួបគ្រោះធម្មជាតិដែលអាចកើតឡើងជាយថាហេតុ ដូចជាជំនន់ទឹកភ្លៀងជាដើម ក្នុងរដូវវស្សានេះ។
*៣៖ មន្ទីរកសិកម្ម និងអភិបាលក្រុងស្រុក ត្រូវបន្តតាមដានការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋរួមទាំងការចិញ្ចឹមសត្វ និងដាំដំណាំរួមផ្សំ ក៏ដូចជាបញ្ហាប្រឈមផ្សេងៗ។
*៤៖ បន្តចូលរួមផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក បញ្ហាគ្រឿងញៀន ការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ ព្រមទាំងវិធានការការពារទប់ស្កាត់ជំងឺកូវីដ-១៩។
*៥៖ អាជ្ញាធរពាក់ព័ន្ធត្រូវអនុវត្តតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្តឱ្យបានម៉ឺងម៉ាត់ ស្តីពីការពង្រឹងវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ៕