(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានគូសបញ្ជាក់ថា រយៈពេល២ឆ្នាំ បន្ទាប់ពីជំងឺកូវីដ-១៩វាយលុក កម្ពុជាបានប្រែក្លាយវិបត្ដិនេះទៅជាឱកាសក្នុងការលើកកម្ពស់ ការអប់រំតាមបែបឌីជីថល និងបំណិនសតវត្សទី២១ ដល់លោកគ្រូអ្នកគ្រូ។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញចូលរួមក្នុង កម្មវិធីសន្និសីទសារព័ត៌មាន ស្តីពី «កម្មវិធីស្វ័យសិក្សា MoEYS E-Learning ៥ខែបន្ទាប់ពីការដាក់ ឲ្យប្រើប្រាស់ជាសាធារណៈ» នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងវាយតម្លៃថា ២ឆ្នាំបន្ទាប់ពីកូវីដ បានវាយលុកនៅកម្ពុជា ក៏ដូចជានៅពិភពលោក យើងបានប្រែក្លាយវិបត្ដិកូវីដនេះ ឲ្យក្លាយទៅជាឱកាសនៃការលើកកម្ពស់ ការអប់រំបែបឌីជីថល ហើយក៏នឹងចូលរួមចំណែក ការលើកកម្ពស់បំណិនសតវត្សទី២១»

រដ្ឋមន្ត្រីក្រសួងអប់រំបានបន្ថែមទៀតថា ការអប់រំបែបឌីជីថលក៏បានចូលរួមចំណែក ការលើកកម្ពស់បំណិនសតវត្សទី២១ ដែលជាបំណិនមួយយ៉ាងសំខាន់ ហើយលោកគ្រូ-អ្នកគ្រូ ក៏បានខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព ខាងផ្នែកអប់រំបែបឌីជីថលនេះផងដែរ។

លើសពីនោះទៀត បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានវាយតម្លៃថា កម្ពុជាដើរឈានទៅមុខ១០ឆ្នាំ នៅក្នុងការអនុវត្ដនូវបំណិនឌីជីថល ហើយជាទិសដៅរបស់ក្រសួងអប់រំ គឺបន្ដការវិនិយោគ តាមបែបឌីជីថល។ ដោយការបំពាក់ជាបណ្ដើរៗនូវកុំព្យូរទ័រ នៅតាមសាលារៀន ដើម្បីអនុវត្ដការអប់រំ តាមបែបចម្រុះ។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា ថ្វីត្បិតតែមានការ បើកឲ្យរៀនតាមបណ្ដុំ និងឈានទៅរក ការបើកគ្រឹះស្ថានសិក្សាទាំងអស់ឡើងវិញក៏ដោយ ការរៀបចំកម្មវិធីសិក្សាតាមបែបឌីជីថល នឹងបន្ដយកទៅប្រើប្រាស់ ដើម្បីលោកគ្រូ អ្នកគ្រូ អាចកែលម្អ ការរៀន និងការបង្រៀន នៅក្នុងវិស័យអប់រំ។

ការអនុវត្ដវិធីសាស្ដ្រ ការរៀន និងការបង្រៀន តាមបែបចម្រុះ គឺការរៀន ក្នុងថ្នាក់រៀនផង និងការរៀនពីចម្ងាយផង ដែលជាគន្លងថ្មីមួយទៀត នៅក្នុងវិស័យអប់រំ ដែលក្រសួងត្រូវតែ បន្ដការធានាក្នុងការសិក្សា និងការការពារ ក្នុងបរិបទកូវីដ-១៩។

លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា យើងត្រូវយកចិត្ដទុក និងចង់ចំាថា កូវីដ-១៩ នៅជាហានិភ័យខ្ពស់ចំពោះអាយុជីវិត និងសូមឲ្យគោរពនូវគោលការណ៍សុខាភិបាល ៣កុំ ៣ការពារ។

លោកថា ឥទ្ធិពលដែលបានជះដោយកូវីដ-១៩ គឺបានប៉ះពាល់លើអាយុជីវិត ក៏ដូចជាសុខភាពសាធារណៈ ជាសាកល និងសង្គមសេដ្ឋកិច្ច ដោយក្នុងនោះ ក្របខណ្ឌវិស័យអប់រំក៏បានប៉ះពាល់ដូចគ្នាផងដែរ៕