(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញ ក្រោមអធិបតីភាពលោក នុត សុខុម អនុប្រធាន គ.ជ.ប ដើម្បីធ្វើការផ្សព្វផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ និងលទ្ធផលបណ្តោះអាសន្ននៃការចែកលិខិតអញ្ជើញអ្នកចុះឈ្មោះបោះឆ្នោត។

នៅក្នុងកិច្ចប្រជុំនោះ លោក នុត សុខុម បានលើកឡើងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតគឺ គ.ជ.ប អនុវត្តទៅតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។ បទបញ្ជា និងនីតិវិធីក៏បានធានាសិទ្ធិបោះឆ្នោត របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលមានលក្ខខណ្ឌស្របទៅតាមច្បាប់។

អនុប្រធាន គ.ជ.ប បានបញ្ជាក់ថា អ្នកមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២០ មានចំនួន ៨.៨៣១.៩៧១នាក់ ស្មើនឹង ៨៥,០៦ភាគរយ នៃចំនួនប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើងទៅ។ បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០ នឹងក្លាយជាបញ្ជីបោះឆ្នោតចុងក្រោយ សម្រាប់ប្រើប្រាស់នៅក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១។ ការផ្សព្វផ្សាយបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០២០ មានគោលបំណងដើម្បីឱ្យប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនេះ មកពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួន។

លោកបន្តថា ប្រសិនបើទិន្នន័យក្នុងបញ្ជីបោះឆ្នោត មិនត្រឹមត្រូវតាមទិន្នន័យក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រជាពលរដ្ឋអាចសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោត ក្នុងអំឡុងពេលនៃការចុះឈ្មោះបោះឆ្នោត។

គិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ គ.ជ.ប ចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតជូនប្រជាពលរដ្ឋបានចំនួន ៥.៣៥៥.៩០២នាក់ ស្មើនឹង ៦០.៦៤ភាគរយនៃចំនួនសរុប។ ការចែកលិខិតអញ្ជើញជូនប្រជាពលរដ្ឋបានចាប់ផ្តើមពីថ្ងៃទី១២ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។ ចំពោះលិខិតអញ្ជើញដែលនៅសល់ក្រោយពីបញ្ចប់កាលបរិច្ឆេទនៃការផ្តល់លិខិតអញ្ជើញ ត្រូវរក្សាទុកនៅសាលាឃុំ សង្កាត់ ដើម្បីបន្តផ្តល់ជូនប្រជាពលរដ្ឋដែលមិនទាន់ទទួលបាន រហូតដល់ថ្ងៃបញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១។

ក្នុងកិច្ចប្រជុំនោះ គ.ជ.ប បានបំភ្លឺទៅនឹងការលើកឡើងរបស់ភាគីពាក់ព័ន្ធ ដែលបានចូលរួមមានដូចតទៅ៖

*ការជួយសម្រួលដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណ មានឈ្មោះខុសអក្ខរាវិរុទ្ធ ឬខុសថ្ងៃ ខែ ឆ្នាំកំណើត គឺ គ.ជ.ប ធ្លាប់បានជួយសម្រួលដល់ពួកគាត់ឱ្យបានចុះឈ្មោះបោះឆ្នោតគ្រប់ៗគ្នា។ កិច្ចការនេះ គ.ជ.ប បានសហការជាមួយក្រសួងមហាផ្ទៃ តាមរយៈក្រុមប្រឹក្សាឃុំ សង្កាត់ ហើយ គ.ជ.ប នឹងនៅតែបន្តកិច្ចសហការដ៏ល្អនេះជាបន្តទៀត។
*រយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ មាន ៥០ថ្ងៃ បើធៀបទៅនឹងឆ្នាំកន្លងមក ដែលមានតែជាង ២០ថ្ងៃប៉ុណ្ណោះ។ ទោះបីស្ថិតក្នុងស្ថានភាពជំងឺកូវីដ-១៩ ឬទឹកជំនន់ក៏ដោយ ក៏អាចមិនប៉ះពាល់ដល់ដំណើរការចុះឈ្មោះបោះឆ្នោតបានដែរ។
*ចំពោះការលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត គ.ជ.ប បានអនុវត្តតាមនីតិវិធី ដោយមានការស្រង់ឈ្មោះ រួចបិទផ្សាយជាសាធារណៈ ដើម្បីបើកផ្លូវឱ្យប្ដឹងតវ៉ា ហើយមុននឹងលុបឈ្មោះអ្នកណាម្នាក់ ត្រូវមានឯកសារជាសំអាងត្រឹមត្រូវ និងច្បាស់លាស់ ដូចជាលិខិតមរណភាពជាដើម។
*តាមច្បាប់កំណត់ គឺត្រូវចុះឈ្មោះបោះឆ្នោត ពីខែឧសភា ដល់ខែកក្កដា ជារៀងរាល់ឆ្នាំ។ ច្បាប់បានកំណត់ឱ្យ គ.ជ.ប ត្រូវផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការ ៩០ថ្ងៃ មុនថ្ងៃបោះឆ្នោត។ ឆ្នាំ២០២១នេះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ត្រូវចាប់ផ្ដើមពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ។
*ប្រជាពលរដ្ឋខ្មែរដែលនៅក្រៅប្រទេស ត្រូវតែវិលចូលមកក្នុងប្រទេសវិញ ដើម្បីស្នើសុំចុះឈ្មោះបោះឆ្នោត ពីព្រោះច្បាប់បានកំណត់ឱ្យការចុះឈ្មោះបោះឆ្នោត ត្រូវធ្វើនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយការចុះឈ្មោះបោះឆ្នោត តម្រូវឱ្យប្រជាពលរដ្ឋមកបង្ហាញខ្លួនដោយផ្ទាល់នៅចំពោះមុខមន្ត្រីចុះឈ្មោះបោះឆ្នោត។
*ចំពោះការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យបានយល់ដឹងអំពីការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ គ.ជ.ប នឹងធ្វើការបិទផ្សាយបដា ចែកខិត្តប័ណ្ណចាក់ផ្សាយតាមមេក្រូចល័តនៅតាមឃុំ សង្កាត់ និងមានផលិតកម្មវិធីអប់រំជាច្រើនទៀត ដែលនឹងផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ និងតាមប្រព័ន្ធផ្សព្វផ្សាយសង្គម។

លោក នុត សុខុម បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលមានអាយុ ១៨ឆ្នាំឡើងទៅ (កើតមុន ឬកើតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤) អញ្ជើញទៅចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមសាលាឃុំ សង្កាត់ ឬ/និងនៅតាមទីតាំងមួយចំនួនក្នុងឃុំ សង្កាត់ ដែលខ្លួនកំពុងរស់នៅ។

លោកបានអំពាវនាវដល់គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមដាក់ភ្នាក់ងារ ឬអ្នកសង្កេតការណ៍ ដើម្បីចូលរួមផ្សព្វផ្សាយ និងពិនិត្យតាមដានមើលដំណើរការនេះ នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត និងជួយជំរុញប្រជាពលរដ្ឋ ដើម្បីឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងជោគជ័យ និងបានសំណូមពរដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ចូលរួមសហការ ថែរក្សាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ ដើម្បីធានាឱ្យបាននូវសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ។

មុននឹងបញ្ចប់កិច្ចប្រជុំលោក នុត សុខុម បានសំណូមពរដល់មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋអ្នកចុះឈ្មោះបោះឆ្នោត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាអនាម័យផ្ទាល់ខ្លួន ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និង គ.ជ.ប ដែលបានដាក់ចេញឱ្យបានខ្ជាប់ខ្លួន ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ភាគីពាក់ព័ន្ធដែលបានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញ មានតំណាងក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន ស្ថានទូតជប៉ុន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ (JICA) គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល អង្គភាពសារព័ត៌មាន និងមន្រ្តី គ.ជ.ប សរុបអ្នកចូលរួមមានចំនួន ៨៥នាក់៕