(សៀមរាប)៖ រដ្ឋបាលស្រុកបន្ទាយស្រី បានរៀបចំទីតាំងតូបលក់ដូរបណ្តោះអាសន្នថ្មីមួយកន្លែង សម្រាប់ប្រជាពលរដ្ឋលក់បន្លែ ត្រី សាច់ និងរបស់របរប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃមួយចំនួនទៀត ជំនួសផ្សារបន្ទាយស្រី ដែលត្រូវបិទខ្ទប់បណ្ដោះអាសន្ន។
អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានសរសេរលើផេកហ្វេសប៊ុកនាល្ងាចថ្ងៃទី២២ ខែកញ្ញា ថា ការរៀបចំផ្សារខាងលើនេះ នឹងត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃសុក្រ ទី២៤ ខែកញ្ញា ជំនួសឱ្យផ្សារបន្ទាយស្រី ដែលត្រូវបានផ្អាកដំណើរការរយៈពេល២សប្តាហ៍។
លោក ឃឹម ហ្វីណង់ បានរៀបរាប់ថា ទីកន្លែងថ្មីនេះ ស្ថិតនៅលើកំណាត់ផ្លូវកៅស៊ូលេខ៦៧ ត្រង់ចំណុចច្រមុះជ្រូកនៃ «សួនច្បារត្រីកោណ» ទល់មុខភោជនីយដ្ឋានស្រីគូលែន ដែលមានចម្ងាយប្រមាណ ២០០ម៉ែត្រពីទីតាំងចាស់នៃផ្សារបន្ទាយស្រី។ ក្រុមការងារបានរៀបចំផ្លូវវាងបណ្តោះអាសន្ន ដូចដែលមានបង្ហាញនៅក្នុងផែនទីគំនូសបង្ហាញខាងក្រោម ដើម្បីធានាឱ្យបានថា ចរាចរណ៍នៅលើផ្លូវជាតិលេខ៦៧នេះ នៅតែអាចដំណើរការបានជាធម្មតាក្នុងអំឡុងពេល២សប្តាហ៍នេះ។
លោក ឃឹម ហ្វីណង់ បន្តថា តូបលក់ដូរបណ្តោះអាសន្នទាំងនេះ ត្រូវបានរៀបចំដោយមានគម្លាតសុវត្ថិភាពត្រឹមត្រូវ ហើយស្ថិតនៅលើទីវាលមានទីធ្លាធំទូលាយ ដោយលក់បានតែពេលព្រឹក និងតម្រូវឱ្យរុះរើចេញវិញនាពេលថ្ងៃត្រង់ តាមទម្រង់ផ្សារក្រមួន ដូចដែលធ្លាប់បានរៀបចំ នៅក្នុងភូមិព្រះដាក់រួចមកហើយ។
តូបនីមួយៗមិនត្រូវមានអ្នកលក់លើសពី២នាក់ ហើយអ្នកលក់នីមួយៗត្រូវពាក់ម៉ាស់ ពាក់របាំងមុខ ពាក់ស្លាកសម្គាល់ពីអត្តសញ្ញាណ និងត្រូវធ្វើតេស្តយកសំណាកបង្ហាញលទ្ធផលអវិជ្ជមានជាមុនសិន មុននឹងអនុញ្ញាតឱ្យលក់ក្នុងទីតាំងថ្មីនេះ ហើយដាច់ខាតមិនត្រូវមានពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងអ្នកវិជ្ជមានឡើយ។
អភិបាលស្រុកសង្ឃឹមថា ការរៀបចំទីតាំងតូបលក់បណ្តោះអាសន្ន នឹងអាចបំពេញតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ក៏ដូចជាបើកច្រកឱ្យអាជីវករមួយចំនួន នៅតែអាចបន្តរកប្រាក់ចំណូល ដើម្បីទ្រទ្រង់ជីវភាពរបស់ខ្លួន ក្នុងអំឡុងពេលផ្សារត្រូវបានបិទ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩៕