(សៀមរាប)៖ នៅថ្ងៃទី២២ ខែកញ្ញាម្សិលមិញនេះ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទបញ្ចប់ការកំណត់ជា «តំបន់លឿងទុំ» នៅឃុំចំនួន៤ ក្នុងស្រុកក្រឡាញ់ និងបានសម្រេចបន្តដាក់ឃុំចំនួន៦ ក្នុងស្រុកពួក ជា «តំបន់លឿងទុំ» រយៈពេល ២សប្ដាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។
យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តសៀមរាប ដែលបានចេញនៅថ្ងៃទី២២ ខែកញ្ញា បានគូសបញ្ជាក់ថា រដ្ឋបាលខេត្ត សម្រេចបញ្ចប់កំណត់ជា «តំបន់លឿងទុំ» នៅក្នុងភូមិសាស្ត្រឃុំស្រណាល ឃុំកំពង់ថ្កូវ ឃុំសែនសុខនិងឃុំក្រឡាញ់ ស្រុកក្រឡាញ់។ រដ្ឋបាលខេត្តក៏បានបញ្ជាក់ដែរថា នឹងបន្តដាក់ឃុំចំនួន៦នៃស្រុកពួក មានឃុំពួក ឃុំមុខប៉ែន ឃុំសសរស្តម្ភ ឃុំល្វា ឃុំខ្នាត និងឃុំសំរោងយា ជា «តំបន់លឿងទុំ» រយៈពេល២សប្ដាហ៍ទៀត ចាប់ពីថ្ងៃទី២៣ ខែកញ្ញា រហូតដល់ថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២១។
គួររំលឹកផងដែរ រដ្ឋបាលខេត្តសៀមរាប បានដាក់ឃុំចំនួន ៤ក្នុងស្រុកក្រឡាញ់ និងឃុំចំនួន ៦នៅស្រុកពួក ជាតំបន់លឿងទុំ កាលពីថ្ងៃទី ៩ខែកញ្ញា រហូតដល់ថ្ងៃទី២២ ខែកញ្ញា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩៕