(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានគូសបញ្ជាក់ថា នៅក្នុងបរិបទ ដែលវីរុសកូវីដ១៩បប្លែងថ្មី កំពុងតែចរាចរណ៍យ៉ាងសកម្មនៅលើពិភពលោក ក៏ដូចជានៅកម្ពុជាផងនោះ ហើយដើម្បីទប់ទល់នឹងការវាយលុកនៃវីរុសប្រភេទថ្មី អង្គការសុខភាពពិភពលោក បានផ្ដល់អនុសាសន៍ថា អ្នកដែលវិជ្ជមានកូវីដ១៩ ហើយព្យាបាលជា ក្រោយពី ៤ខែឡើងទៅ គឺអាចមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះបាន។

ការថ្លែងដូច្នេះរបស់លោកស្រី ឱ វណ្ណឌីន នៅក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅខេត្តតាកែវ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោកស្រីថ្លែងបន្ដថា «អ្នកដែលវិជ្ជមានជំងឺកូវីដ១៩ ហើយព្យាបាលជា ក្រោយ៤ខែឡើងទៅ សូមអញ្ជើញមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅតាមទីតាំងដែលមាននៅតាមបណ្ដារាជធានី-ខេត្ដ កំពុងតែធ្វើយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឬក៏នៅទីតាំងដែលអភិបាលខេត្ដ បានរក្សាទុកជាប្រចាំ សម្រាប់ផ្ដល់នូវការចាក់វ៉ាក់សាំងដល់បុគ្គលមិនទាន់បានចាក់វ៉ាក់សាំង»។

លើសពីនោះ លោកស្រីបានលើកទឹកចិត្ដដល់អ្នកវិជ្ជមានកូវីដ១៩ ក្រោយព្យាបាលជាសះស្បើយ ចាប់ពី ៤ខែឡើងទៅនេះ សូមមកចាក់ឱ្យរួសរាន់ ដើម្បីរួមចំណែកបង្កើននូវភាពសុំារបស់ខ្លួន ឱ្យកាន់តែខ្លាំងបន្ថែមទៀត ។សម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ មិនមែនចាក់តែមួយម្ជុលនោះទេ គឺចាក់ដូសទី១ហើយ ២១ថ្ងៃក្រោយមក ចាក់ដូសទី២៕

សូមស្ដាប់បទសម្ភាសទាំងស្រុងដូចតទៅ៖