(សៀមរាប)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រុមការងារក្រសួងសុខាភិបាល រដ្ឋបាលមូលដ្ឋាន ព្រមទាំងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ បានបន្តអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩នៅខេត្តសៀមរាប។
រដ្ឋមន្ត្រី ម៉ម ប៊ុនហេង និងក្រុមការងារ បានចុះពិនិត្យ និងចូលរួមក្នុងការចែកឱសថបុរាណចិន នៅសង្កាត់ចំនួន៤ រួមមាន៖ សង្កាត់ស្លក្រាម, ជ្រាវ, ស្វាយដង្គំ និងគោកចក នៃក្រុងសៀមរាប និងណែនាំបន្ថែមដល់ប្រជាពលរដ្ឋ អំពីការប្រើប្រាស់ឱសថនេះ។ បន្ទាប់មក រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានចុះពិនិត្យសកម្មភាពយកសំណាកអ្នកពាក់ព័ន្ធនៅតាមសហគមន៍ ក្នុងក្រុងសៀមរាបផងដែរ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានចុះពិនិត្យសកម្មភាពចាក់វ៉ាក់សាំងដូសទី២ ដល់កុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នៅក្រុងសៀមរាប និងបានណែនាំឲ្យពន្លឿនការចាក់វ៉ាក់សាំង កូវីដ-១៩ ដល់ប្រជាពលរដ្ឋ ដើម្បីបង្កើនភាពស៊ាំនៅក្នុងសហគមន៍ និងអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អនុវត្តឱ្យបានខ្ជាប់ខ្ជួនវិធានការ ៣ការពារ និង៣កុំ ទោះជាបានចាក់វ៉ាក់សាំងហើយក៏ដោយ។
ទន្ទឹមនឹងនោះ រដ្ឋមន្រ្តីក៏បានពាំនាំនូវការកោតសរសើរពី សម្តេចតេជោ នាយករដ្ឋមន្រ្តី ជូនដល់មន្រ្តីសុខាភិបាល អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៅខេត្តសៀមរាប ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់៕