(បន្ទាយមានជ័យ)៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្ដីណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ព្រះគ្រូចៅអធិការ គណៈកម្មការ អាចារ្យគ្រប់វត្ត ពីការអនុវត្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្នុងទីតាំងភូមិសាស្រ្ដខេត្ដ។ នេះបើយោងតាមសេចក្ដីជូនណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្តបានឱ្យដឹងថា បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់របស់ពុទ្ធសាសនិកខ្មែរគ្រប់ៗរូប ដែល ប្រារព្ធឡើងជារៀងរាល់ឆ្នាំ តាមរយៈការជួបជុំគ្នាធ្វើអំពើល្អ ជាពិសេស គឺការជួបជុំប្រារព្ធពិធីនៅតាមទី វត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យជូនបុព្វការីជន ដែលបានធ្វើមរណៈកាលកន្លងទៅហើយ។

សម្រាប់ឆ្នាំ២០២១នេះ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នឹងប្រារព្ធធ្វើឡើងរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំឆ្លូវ ទោស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ស្របពេលដែលរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កំពុងតែរួមគ្នាប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងខ្លួនប្រភេទ Delta។

ក្នុងន័យគាំទ្រការប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីរក្សាប្រពៃណី ទំនៀមទម្លាប់ដ៏ល្អ របស់ប្រជាពលរដ្ឋខ្មែរផង និងដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាពិសេសមរោគ បំប្លែងខ្លួនប្រភេទ Delta ក្នុងសហគមន៍ទ្រង់ទ្រាយធំ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមធ្វើការណែនាំដល់បងប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ព្រះគ្រូចៅអធិការ គណៈកម្មការ អាចារ្យគ្រប់វត្ត ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ ត្រូវអនុត្តតាមវិធានការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន «៣កុំ និង៣ការពារ» ព្រមទាំងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន៕

ខាងក្រោមនេះ ជាសេចក្តីណែនាំរបស់រដ្ឋបបាលខេត្តបន្ទាយមានជ័យ៖