(ភ្នំពេញ)៖ នារីវ័យក្មេង២នាក់ បានឈរស្រែកយំ ក្រោយពីក្រុមចោរដកកាំភ្លើងខ្លី ភ្ជង់ប្លន់យកម៉ូតូ Scoopyមួយគ្រឿង យកទៅបាត់នៅតាមបណ្តោយ មហាវិថីសហព័ន្ធរុស្ស៊ី ជិតជ្រកចូលទៅវត្តនាគវ័ន្តនៅម៉ោង១១៖២០នាទី យប់ថ្ងៃទី៣ខែមេសា ឆ្នាំ២០១៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
នារីរងគ្រោះ ដែលមិនប្រាប់ឈ្មោះ បាននិយាយថាមុនកើតហេតុ ពួកគេទាំង២នាក់ បានជិះម៉ូតូមកពី កម្មវិធីជប់លាងនៅក្នុងកោះពេជ្រ ដោយជិះតាមផ្លូវសហព័ន្ធរុស្ស៊ីនេះ លុះជិះមកដល់ចំណុចកើតហេតុ ត្រង់ផ្លូវចូលទៅវត្តនាគវ័ន្ត ក៏លេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Zommer X មិនចាំពណ៌ និងស្លាកលេខ បានឲ្យនាងឈប់ រួចដកកាំភ្លើងខ្លីភ្ជង់ និងគំរាមបាញ់សម្លាប់ចោល។ ដោយឮដូចនោះ នារីរងគ្រោះទាំង២នាក់ មានការភិតភ័យយ៉ាងខ្លាំង ក៏បានរត់ចោលម៉ូតូ ធ្វើឲ្យជនសង្ស័យមានឱកាស ក៏យកម៉ូតូនារីងរគ្រោះជិះគេចចេញ ពីកន្លែងកើតហេតុបាត់ ដោយសុវត្ថិភាព។
នារីរងគ្រោះបានបញ្ជាក់ថា ម៉ូតូដែលត្រូវជនសង្ស័យ ប្លន់យកទៅបាត់នោះម៉ាក Scoopy ពណ៌សពាក់ស្លាកលេខ ភ្នំពេញ1DQ-0774។
ក្រោយកើតហេតុនារីរងគ្រោះទាំង២ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្រះចក ដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកម៉ូតូជូននាងវិញផងដែរ។ ជាមួយគ្នានេះក្រោយ កើតហេតុភ្លាមៗកម្លាំងសមត្ថកិច្ចទាំងនគរបាល និងអាវុធហត្ថបានចុះទៅសួរនាំ និងនាំនាងមកប៉ុស្តិ៍នគរបាលថាតើពិតជាករណីប្លន់ ឬករណីផ្សេងទៀតរង់ចាំស្រាវជ្រាវសិន៕