(ភ្នំពេញ)៖ លោក នុត សុខុម អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដោយទទូចចំពោះប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក និងប្រជាពលរដ្ឋខ្មែរដែលមានអាយុ ១៨ឆ្នាំឡើង (កើតមុន ឬកើតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤) ឱ្យទៅចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ នៅតាមសាលាឃុំ សង្កាត់ ឬនៅតាមទីតាំងមួយចំនួនក្នុងឃុំ សង្កាត់ ដែលខ្លួនកំពុងរស់នៅ។
ការអំពាវនាវបែបនេះរបស់ លោក នុត សុខុម បានធ្វើឡើងនៅកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ តាមរយៈប្រព័ន្ធវីដេអូអនឡាញ (កម្មវិធី Microsoft Teams) នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ។
លោក នុត សុខុម បានបន្តថា ចំពោះប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតពីមុន សូមអញ្ជើញទៅពិនិត្យមើលឈ្មោះ និងទិន្នន័យរបស់ខ្លួន ដែលមានបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ ឬតាមគេហទំព័ររបស់ គ.ជ.ប voterlist.nec.gov.kh ឬតាមកម្មវិធីទូរស័ព្ទដៃ (App) Voterlist KH។
មន្ត្រីជាន់ខ្ពស់រូបនេះ បានបន្តថា គ.ជ.ប បានផ្សព្វផ្សាយរួចហើយ កាលបរិច្ឆេទនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ នឹងត្រូវចាប់ផ្តើមនៅតាមឃុំ-សង្កាត់ ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។
សូមបញ្ជាក់ថា បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១នេះ នឹងត្រូវប្រើប្រាស់សម្រាប់រៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាឆ្នាំ២០២២។ ដើម្បីសម្រេចឱ្យបាននូវផែនការរៀបចំបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ គ.ជ.ប បានកសាងផែនការ ដាក់ចេញនូវវិធានការ និងបានអនុវត្តសកម្មភាពជាក់ស្តែងជាច្រើន តាមដំណាក់កាល ដែលការងារខ្លះជាសមត្ថកិច្ចរបស់ គ.ជ.ប ហើយការងារខ្លះទៀតតម្រូវឱ្យមានការចូលរួមពីបណ្តាភាគីពាក់ព័ន្ធ។
កាលពីឆ្នាំ២០២០ ជាលទ្ធផលនៃការចែកលិខិតអញ្ជើញប្រជាពលរដ្ឋទាំងពីរដំណាក់កាលសរុបចំនួន ៧,៨៤៥,៤០៣សន្លឹក ស្មើនឹង ៩០.៩២ភាគរយ នៃលិខិតអញ្ជើញសរុប។ ការចែកលិខិតអញ្ជើញប្រជាពលរដ្ឋ ត្រូវធ្វើចាប់ពីថ្ងៃទី១២ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។
បើតាម លោក នុត សុខុម បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២០ ហើយដែលបានប្រើប្រាស់ឯកសារចុះឈ្មោះបោះឆ្នោតដូចជា៖
*អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទទី១ ជាក្រដាសអ៊ុតប្លាស្ទិក ចំណុចកណ្តាល មានបាវចនាជាតិ និងរូបថតសាមីខ្លួន ផ្ទៃខាងក្រោយមានបាកូដ និងស្នាមមេដៃសាមីខ្លួន មានចុះហត្ថលេខា និងត្រា អភិបាល-អភិបាលរង រាជធានី ខេត្ត ឬ(អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទទី២ ជាសន្លឹកប្លាស្ទិក ផ្ទៃខាងមុខមានបាវចនាជាតិ រូបប្រាសាទអង្គរវត្ត និងរូបថតសាមីខ្លួន ផ្ទៃខាងក្រោយមានបាកូដ កម្ពស់ ហត្ថលេខា និងស្នាមមេដៃសាមីខ្លួន មានចុះហត្ថលេខា និងត្រា អភិបាលអភិបាលរង រាជធានី ខេត្ត ឬ*ឯ.អ គឺជាឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត។
លោកបានបន្ថែមថា ប្រសិនបើប្រជាពលរដ្ឋខ្មែរដែលទទួលបានអត្តសញ្ញាណបណ្ណខ្មែរប្រភេទថ្មីហើយ សូមអញ្ជើញទៅពិនិត្យផ្ទៀងផ្ទាត់ និងធ្វើការផ្លាស់ប្ដូរឯកសារចុះឈ្មោះបោះឆ្នោតនេះ នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១។
ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០ ហើយដែលបានប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព ក្នុងការចុះឈ្មោះបោះឆ្នោតកន្លងមក សូមអញ្ជើញទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ប្រសិនបើពិនិត្យឃើញថា មានការកត់ត្រាមិនបានត្រឹមត្រូវតាមអត្តសញ្ញាណប័ណ្ណ-សញ្ជាតិខ្មែរ ដែលមានសុពលភាព ត្រូវស្នើសុំកែតម្រូវ ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១។
គិតត្រឹមថ្ងៃនេះ (ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១) គ.ជ.ប តាមរយៈ លធ.ខប ដែលសហការអនុវត្តដោយផ្ទាល់ជាមួយអាជ្ញាធរឃុំ សង្កាត់ និងមេភូមិ បានចុះចែកលិខិតអញ្ជើញជូនដល់ប្រជាពលរដ្ឋបានចំនួន ៥.៣៥៥.៩០២ នាក់ ស្មើនឹង ៦០.៦៤ភាគរយ នៃចំនួនលិខិតអញ្ជើញដែល គ.ជ.ប បានបោះពុម្ព។ នេះជាទិន្នន័យបឋម ដែល គ.ជ.ប ទទួលបាន ប៉ុន្តែក៏កំពុងអនុវត្តការងារនេះបន្តទៀត នៅតាមភូមិក្នុងឃុំ សង្កាត់ រហូតដល់ថ្ងៃទី១១ ខែតុលា ខាងមុខ៕