(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតភេសជ្ជៈដ៏ធំនៅកម្ពុជា ខ្មែរ ប៊ែវើរីជីស បានចាប់ផ្តើមប្រគេនភេសជ្ជៈប៉ូវកម្លាំង វើក អាយស៊ី ឃូល WURKZ ICY COOL និងទឹកបរិសុទ្ធកម្ពុជា ជូនព្រះសង្ឃគង់នៅវត្តអារាមចំនួន១២០ នៅទូទាំងប្រទេសកម្ពុជា ក្នុងរយៈពេល១៥ថ្ងៃ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌចាប់ពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១។
ភេសជ្ជៈប៉ូវកម្លាំង វើក អាយស៊ី ឃូល WURKZ ICY COOL និងទឹកបរិសុទ្ធ កម្ពុជាសរុបជិត២,០០០កេស នឹងត្រូវបានបែងចែក ដើម្បីប្រគល់ជូនវត្តនីមួយៗ ជាបន្តបន្ទាប់គ្នានៅទូទាំងប្រទេស។
អ្នកស្រី គង់ កុសល នាយិការទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ អញ្ជើញទៅវត្តចំនួន៣នៅភ្នំពេញរួមមាន វត្តមង្គលសិរីគៀនឃ្លាំង វត្តសំរោងអណ្តែត និងវត្តសំពៅមាស។
អ្នកស្រី គង់ កុសល នាយិការទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា «តាមរយៈយុទ្ធនាការទឹកចិត្តកម្ពុជា ខ្មែរ ប៊ែវើរីជីស តែងបរិច្ចាគជួយដល់សង្គមជានិច្ច ហើយក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្រុមហ៊ុននាំយកភេសជ្ជៈប្រគេនព្រះសង្ឃ ដើម្បីធ្វើបុណ្យឧទិ្ទសកុសល និងបួងសួងសុំសេចក្តីសុខ ដល់ថ្នាក់ដឹកនាំ បុគ្គលិកក្រុមហ៊ុន ក៏ដូចជាប្រជាពលរដ្ឋគ្រប់គ្នាផងដែរ»។
អ្នកស្រីបន្ថែមថា មិនតែប៉ុណ្ណោះក្រុមហ៊ុនសង្ឃឹមថា កម្មវិធីប្រគេនទេយ្យទាននេះ នឹងក្លាយជាកាយវិការល្អជំរុញ ការធ្វើបុណ្យទានតាមវត្តអារាមកាន់តែច្រើន ដើម្បីចូលរួមជាផ្នែកមួយក្នុងការដោះស្រាយបញ្ហា កង្វះភេសជ្ជៈ និងចង្ហាន់នៅតាមវត្តអារាមមួយចំនួន ក្រោយមានវិបត្តិនៃជំងឺកូវីដ១៩។
សូមបញ្ជាក់ថា ការបរិច្ចាគនេះជាផ្នែកមួយនៃយុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដែលកំពុងដំណើរការយ៉ាងសកម្ម ក្នុងការបរិច្ចាគភេសជ្ជៈ និងទឹកបរិសុទ្ធយ៉ាងច្រើនម៉ឺនកេសជូនមន្ទីរពេទ្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) គោលដៅត្រួតពិនិត្យចរាចរណ៍ កន្លែងធ្វើចត្តាឡីស័ក និងស្ថាប័នជាច្រើនទៀត៕