(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី ព្រមទាំងលោកស្រី មាន សំអាន និងលោកស្រី ឯម ប៉ុណ្ណា សមាជិកសភាជាតិ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦នេះ បានអញ្ជើញទៅសំណេះសំណាល និងសួរសុខទុក្ខកម្លាំងនៃកងវរសេនាតូចការពារព្រំដែនលេខ ៥០៨ ដែលឈរជើង ការពារខ្សែក្រវ៉ាត់ព្រំដែនក្នុងភូមិសាស្រ្តឃុំថ្មដា ស្រុកវាលវែង ដែលបានចងសម្ព័ន្ធមេត្រីជាមួយគ្នា។
លោក ម៉ៅ ធនិន បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាល លោកទាំងពីរតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខ និងជីវភាពរបស់កម្លាំង ដែលកំពុងឈរជើងការពារ ព្រំដែន ក៏ដូចជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទូទាំងប្រទេស។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានថ្លែងកោតសរសើរ និងក្នុងនាមប្រជាពលរដ្ឋទូទាំង ខេត្តពោធិ៍សាត់ ក៏ដូចជាប្រជាពលរដ្ឋ ទូទាំងប្រទេស សូមសំដែងនូវការដឹងគុណ យ៉ាវជ្រាលជ្រៅជាទីបំផុតដល់កងកម្លាំងនៃកងយោធពល ខេមរភូមិន្ទដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងអាយុជីវិត ក្នុងការការពារបូរណភាពទឹកធី អធិបតេយ្យភាព និងឯករាជ្យជាតិ។
នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត លោកស្រី ហ៊ុន ចាន់ធី ម៉ៅធិនន និងលោកស្រី តំណាងរាស្រ្ត បានឧបត្ថម្ភកងកម្លាំងនៃវរៈ៥០៨ ចំនួន ១៣៤នាក់ ក្នុងម្នាក់ៗថវិកា១០ម៉ឺនរៀល ឃីតមួយ និងសារុងមួយ។ ឧបត្ថម្ភវរៈ៥០៨ ចំនួន៣.៥០០.០០០រៀល, ផ្នែកសឹករងស្រុកវាលវែង៣.៥០០.០០០រៀល, វរៈការពារព្រំដែន៨២៥ ចំនួន៣.៥០០.០០០រៀល, ការិយាល័យទីបញ្ជាការភូមិភាគ៥ ចំនួន៣.៥០០.០០០រៀល, វរៈ១៤៥ ចំនួន៣.៥០០.០០០រៀល និងទ័ពជួរមុខ នៃកងពលតូចលេខ១៤ ចំនួន ២.០០០.០០០ រៀល។ ជាមួយគ្នានេះ លោកអភិបាលខេត្ត និងលោកស្រី បានជួយឧបត្ថម្ភបន្ថែមដល់ វរៈ៥០៨ នូវស្រះទឹកទំហំ ២០មx៣០មx៣ តម្លៃ ៤.៨០០ដុល្លារ ម៉ាស៊ីនបូមទឹកតម្លៃ ៨០០ដុល្លារ និងម៉ូតូចំនួន៣គ្រឿងផងដែរ៕