(ភ្នំពេញ)៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ បានលើកឡើងថា ការវិភាគដោយមិនផ្អែកលើវិជ្ជាជីវៈ និងមូលដ្ឋាននៃការស្រាវជ្រាវតាមបែបវិទ្យាសាស្រ្ត នឹងអាចប្រឈមនឹងការទទួលខុសត្រូវតាមផ្លូវច្បាប់ ប្រសិនបើការវិភាគនោះប៉ះពាល់ និងរំលោភបំពានលើសិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូរអ្នកដទៃ និងបង្កចលាចលប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ហើយការអនុវត្តច្បាប់លើអំពើល្មើសនេះ មិនមែនជាការគំរាមកំហែងដល់អ្នកវិភាគឡើយ។

ការលើកឡើងបែបនេះរបស់ លោក ជិន ម៉ាលីន បានធ្វើឡើងបន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិលមួយចំនួនបានអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងការប្រើពាក្យថា «បញ្ឈប់ការគំរាមកំហែងទៅលើអ្នកវិភាគ»

ជុំវិញការអំពាវនាវរបស់ក្រុមអង្គការសង្គមស៊ីវិលនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានលើកឡើងចំនួន ៤ចំណុច ដូចខាងក្រោម៖

ទី១៖ «ការវិភាគដែលចាត់ទុកថាជាសិទ្ធិសេរីភាពនៃការសម្តែងមតិ និងទស្សនៈហើយដែលការពារដោយច្បាប់នោះ គឺជាការវិភាគតាមបែបវិជ្ជាជីវៈ បានន័យថា ជាការវិវាគតាមបែបវិទ្យាសាស្រ្ត មានមូលដ្ឋាន និងវិធីសាស្រ្តនៃការសិក្សាស្រាវជ្រាវច្បាស់លាស់ ដោយផ្អែកលើទិដ្ឋភាពទ្រឹស្តី គោលការណ៍ទូទៅ កិច្ចសម្ភាសន៍ និងការអនុវត្តជាក់ស្តែងជាដើម។ល។

ទី២៖ ការវិភាគមួយចំនួននៅកម្ពុជា ដែលក្រុមរបស់គេបញ្ជោរ និងលើកជើងថាជាអ្នកវិភាគឯករាជ្យនោះ ដោយសារតែបានរិះគន់រដ្ឋាភិបាល គឺមិនមែនជាការវិភាគតាមបែបវិជ្ជាជីវៈ និងមានលក្ខណៈវិទ្យាសាស្រ្តនោះទេ តែជាការវិភាគតាមអារម្មណ៍ ដែលរួមមានការស្រឡាញ់ ការស្អប់ និងគំនុំគុំគួនរួមជាមួយ និងនិន្នាការនយោបាយផងដែរជាដើម។ល។

ទី៣៖ កុំធ្វើជាអ្នកវិភាគជោរតាមអ្នកសម្ភាស និងវិទ្យុបរទេសមួយចំនួនដែលមាននិន្នាការនយោបាយប្រឆាំងនឹងរដ្ឋាភិបាល និងផលប្រយោជន៍ជាតិ ព្រោះថាអ្វីដែលគេចង់បាន គឺទស្សនៈរបស់អ្នកវិភាគដែលត្រូវនឹងគោលដៅរបស់គេ ដើម្បីយកទៅអត្ថាធិប្បាយ បកស្រាយ បញ្ចេញបញ្ចូលបន្ថែម និងផ្សព្វផ្សាយដើម្បីធ្វើការវាយប្រហារ បន្តុះបង្អាប់ និងរិះគន់រដ្ឋាភិបាលឱ្យខូចឈ្មោះតែប៉ុណ្ណោះ។

ទី៤៖ ការវិភាគដោយមិនផ្អែកលើវិជ្ជាជីវៈ និងមូលដ្ឋាននៃការស្រាវជ្រាវតាមបែបវិទ្យាសាស្រ្ត នឹងអាចប្រឈមនឹងការទទួលខុសត្រូវតាមផ្លូវច្បាប់ ប្រសិនបើការវិភាគនោះប៉ះពាល់ និងរំលោភបំពានលើសិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូរអ្នកដទៃ និងបង្កចលាចលប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ហើយការអនុវត្តច្បាប់លើអំពើល្មើសនេះ មិនមែនជាការគំរាមកំហែងដល់អ្នកវិភាគឡើយ ហើយការវិភាគដែលបំពានច្បាប់ទាំងនេះ ក៏មិនមែនជាការអនុវត្តសិទ្ធិសេរីភាពនៃការសម្តែងមតិ និងទស្សនៈតាមផ្លូវច្បាប់នៅក្នុងសង្គមប្រជាធិបតេយ្យនោះដែរ»៕