(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ បានក្រើនរម្លឹកឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវការពារខ្លួនពីការចម្លងកូវីដ១៩ និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ «៣ការពារ៣កុំ» ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់តាមរយៈទំព័រ Facebook យ៉ាងដូច្នេះថា៖ «សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្រើនរម្លឹកខ្លួនឯងជាប្រចាំថា ត្រូវការពារខ្លួនពីការចម្លងកូវីដ-១៩។ ហេតុនេះ សូមបងប្អូនបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ «៣ការពារ និង៣កុំ» ដើម្បីភាពសុខសាន្តរបស់ក្រុមរួសារញាតិមិត្ត និងសហគមន៍យើង»។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៦២៨នាក់, អ្នកជំងឺចំនួន៤៨៦នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១៧នាក់។

គិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១០៥,៣៤៤នាក់, អ្នកជាសះស្បើយសរុបចំនួន៩៨,១៨៦នាក់ និងស្លាប់សរុបចំនួន២,១៤០នាក់៕