(បាត់ដំបង)៖ ដើម្បីចូលជ្រៅបង្កើនភាពស្និទ្ធស្នាលរវាងសមរភូមិក្រោយ និងសមរភូមិមុខ ចំពោះកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦នេះ លោក ខាន់ ម៉ាណេរ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជាប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង តំណាងឲ្យលោកឧកញ៉ា លាង ឃុន និងឧកញ៉ា វ៉េង ស្រុន បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុកទុក្ខជាមួយកងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញភារកិច្ច ការពារនៅ ខ្សែបន្ទាត់ព្រំដែនជួរមុខនៃទិសយោធភូមិទី៥ ពិសេសកងកម្លាំងក្នុងអង្គភាពកងវរសេនាតូច៥០៩ ចំណុះឲ្យប្រតិបត្តិការសឹករងខេត្តក្នុងយោធភូមិភាគទី៥ ស្ថិតក្នុងភូមិសាស្រ្តឃុំស្រុកសំឡូត ខេត្តបាត់ដំបង។
នៅក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តសេនីយ៍ត្រី អ៊ុក ឃ្នួច មេបញ្ជាការប្រតិបត្តិសឹករងបាត់ដំបង មេបញ្ជាការសមរភូមិមុខទិសសំឡូត អាជ្ញាធរដែនដី និងនាយទាហាន ពលទាហានជាច្រើនរូបទៀត។ លោក មេបញ្ជាការវរសេនា តូចលេខ៥០៩បានធ្វើការជម្រាប ជូនប្រតិភូពីស្ថានភាពទូទៅ នៅក្នុងភូមិសាស្រ្តដែលអង្គភាព ទទួលខុសត្រូវ។
លោក ខាន់ ម៉ាណេរ បានសម្តែងការកោតសរសើរនូវគំរូវីរភាពរបស់កងកម្លាំងយោធពលខេមរភូមិន្ទ នៃកងវរសេនាតូចលេខ៥០៩ ដែលបានយកអស់កម្លាំងកាយចិត្ត បំពេញភារកិច្ចយ៉ាងអង់អាចក្លាហាននៅតាមប៉ុស្តិ៍ប៉មជួរមុខ ខ្សែបន្ទាត់ព្រំដែននៃទិសសំឡូត ចំណុះឲ្យប្រតិបត្តិការសឹករងបាត់ដំបងនៃយោធភូមិភាគទី៥។
លោកបានបញ្ជាក់ថា ក្នុងនាមយើងខ្ញុំមន្រ្តីរាជការមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងក្នុងនាមអង្គភាពសម្ពន្ធមេត្រីភាព បានចុះសាកសួរសុខទុក្ខ នាយទាហាន ពលទាហានក្នុងកងវរសេនាតូចការពារព្រំដែន៥០៩ទិសសំឡូត និងនាំយកថវិកានិងគ្រឿងឧបភោគបិភោគ ហើយក្នុងការជួបសំណេះសំណាលជាមួយ នាយទាហាននិងពលទាហាននៅតាមបណ្តាជួរមុខ គឺស្របពេលដែលប្រជាពលរដ្ឋនៅទូទាំង ព្រះរាជាណាចក្រកម្ពុជាដែល ជិតដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរឆ្នាំថ្មីជាប្រពៃណីជាតិខ្មែរយើងដែលនិងខិតចូលមកដល់នាពេលខាងមុខឆាប់ៗនេះ។
ក្នុងនោះមាន៖-អង្ករមួយតោន មី៥០កែស ត្រីខ២០កេះ-ថវិកា ម្នាក់៥០.០០០ រៀល អង្គភាព២.០០០.០០០ រៀល-សន្យាការដោះស្រាយ ការខ្វះខាតទឹកប្រើប្រាស់៕