(ប៉ៃលិន)៖ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ សាខាគយ និងរដ្ឋាករខេត្តប៉ៃលិន បានប្រាប់ទៅសាធារណជនក្នុងខេត្តប៉ៃលិន ជាពិសេសម្ចាស់យានយន្តជ្រក ក្រោមផ្លាកលេខផ្សេងៗ ដែលមានស្រាប់ក្នុងស្រុក គ្មានពន្ធ និងអាករនាំចូលថា ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ សាខាគយ និងរដ្ឋាករខេត្តប៉ៃលិន នឹងទទួលបង់ពន្ធនិងអាករនាំចូលលើយានយន្ត គ្រប់ប្រភេទ(ទាំងចង្កូត និងឆ្វេង) ដែលមិនទាន់បានបំពេញកាតព្វកិច្ចពន្ធនាំចូលកន្លងមក។

សេចក្តីជូនដំណឹងរបស់សាខាគយ និងរដ្ឋាករខេត្តប៉ៃលិន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃនេះ បានបញ្ជាក់ថា សាខាគយ និងរដ្ឋាករខេត្តប៉ៃលិននឹងអនុវត្តការប្រមូលពន្ធ និងអាករនាំចូលលើយានយន្តគ្មានពន្ធមានស្រាប់ក្នុងស្រុក ទាំងនោះតាមគោលការណ៍ និងយន្តការដូចខាងក្រោម៖

*ទី១៖ ម្ចាស់យានយន្តនឹងទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធចំនួន ១០% នៃប្រាក់ពន្ធអាករសរុបដែលត្រូវបង់។ ការបន្ធូរបន្ថយនេះមានឱសានវាទអនុវត្តត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងមិនគ្របដណ្តប់លើយានយន្តមានឆ្នាំផលិត២០២១ ឡើយ។ ក្រោយរយៈពេលនេះ ម្ចាស់យានយន្តនឹងមិនទទួលបានការបន្ធូរបន្ថយឡើយ។

*ទី២៖ ចំពោះរថយន្តចង្កូតស្តាំ ម្ចាស់រថយន្តត្រូវមកតម្កល់ប្រាក់កក់ស្មើនឹងប្រាក់ពន្ធ និងអាករសរុបដក១០% និងត្រូវយករថយន្តទៅកែចង្កូតពីស្តាំមកឆ្វេងឱ្យបានរួចរាល់យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ បន្ទាប់ពីកែចង្កូតរួច ម្ចាស់រថយន្តអាចមកទទួលបង្កាន់ដៃពន្ធ និងលតាប័ត្ររថយន្តពីមន្ត្រីគយ។

*ទី៣៖ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ តទៅ (យានយន្តគ្មានពន្ធដែលបង្ក្រាបបាននឹងតម្រូវឱ្យបង់ពន្ធ និងអាករ រួមទាំងប្រាក់ពិន័យតាមលិខិតបទដ្ឋានជាធរមាន។ ចំពោះរថយន្តចង្កូតស្តាំ ដែលជាប្រភេទរថយន្តហាមឃាត់ នាំចូល ក្នុងករណីបង្ក្រាបបាននឹងត្រូវកំទេចចោល ឬដោះបំបែកជាគ្រឿងបន្លាស់។

*ទី៤៖ ម្ចាស់យានយន្តគ្មានពន្ធអាចមកបំពេញកាតព្វកិច្ចពន្ធ និងអាករ នៅសាខាគយ និងរដ្ឋាករខេត្តប៉ៃលិនដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ ៥៧ ភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ លេខទូរសព្ទទំនាក់ទំនង ០៩៧ ៤៦៤ ៧៣ ៦៦, ០៩៦ ៥៨ ៧២ ៩០២។

សាខាគយ និងរដ្ឋាករខេត្តប៉ៃលិន សូមអំពាវនាវដល់ម្ចាស់យានយន្តគ្មានពន្ធទាំងអស់ រួសរាន់ស្ម័គ្រចិត្តចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលឱ្យបានទាន់ពេលវេលាតាមគោលការណ៍ និងយន្តការដូចក្នុងសេចក្តីជូនដំណឹង៕