(កោះកុង)៖ នៅស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦នេះ មានការរៀបចំកម្មវិធីផ្សព្វផ្សាយ ពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន នៅឃុំប៉ាក់ខ្លង ក្រោមអធិបតីភាពលោក កៅ ខុនដារ៉ា អនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។ នៅក្នុងកម្មវិធីនេះ ក៏មានការចូលរួមមកពីតំណាង ការិយាល័យក្រុមប្រឹក្សា ត្រួតពិនិត្យគ្រឿងញៀនថៃតំបន់២ តំណាងក្រសួងមហាផ្ទៃ អប់រំ យុវជន និងកីឡា សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សុខាភិបាលតំណាង អគ្គស្នងការនគរបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គពន្ធនាគារ គណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀនខេត្តកោះកុង តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកោះកុងផងដែរ។
ក្នុងឱកាសនោះលោក កៅ ខុនដារ៉ា បានជម្រាបជូនពីសភាពការណ៍គ្រឿងញៀនថ្មីៗ ការឆ្លើយតបរបស់រាជរដ្ឋាភិបាលចំពោះបញ្ហាគ្រឿងញៀន ទាំងអស់នោះ រាជរដ្ឋាភិបាលបានធ្វើ វិសោធនកម្មច្បាប់ ការបង្កើតលិខិតបទដ្ឋានគតិយុត្តផ្សេៗ និងជាពិសេសបទបញ្ជា០១ បបដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ចុងក្រោយលោក កៅ ខុនដារ៉ា បានធ្វើការអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន និងមានសេចក្តីក្លាហានក្នងការដោះស្រាយបញ្ហាផ្សេងៗ សមាជិកគ្រួសារធ្លាក់ចូល ទៅក្នុងអន្ទាក់នៃគ្រឿងញៀនត្រូវបញ្ជូនពួកគេ ទៅយកសេវាព្យាបាល។
កងកំលាំងប្រដាប់អាវុធអនុវត្តន៍ច្បាប់ត្រូវខិតខំពង្រឹង និងអនុវត្តន៍បទបញ្ជាលេខ០១ ស្តីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន៕