(ភ្នំពេញ)៖ សម្ដេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស់ កាលពីល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានចេញសេចក្ដីថ្លែងការណ៍មួយ ជុំវិញព័ត៌មានព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ដាក់សំណើរទិញក្លិបបាល់ទាត់ AS Saint-Etienne នៃក្របខណ្ឌលីគកំពូលបារាំង (Ligue 1) ដោយព្រះអង្គ បានអះអាងថា ធុរកិច្ចរបស់បុត្រទី៨ នេះ គឺជាការវិនិយោគលក្ខណៈឯកជនសុទ្ធសាធ ។

សម្ដេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស់ បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ថា «ធុរកិច្ចរបស់ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ គឺជាការវិនិយោគលក្ខណៈឯកជនសុទ្ធសាធ ហើយមិនមានអ្វីពាក់ព័ន្ធនឹងបុគ្គល ឬស្ថាប័នណាមួយនៅក្នុងប្រទេសកម្ពុជាទេ ក្រៅពីព្រះអង្គម្ចាស់ផ្ទាល់»

លើសពីនេះ សម្ដេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស់ ក៏បានឆ្លើយតបទៅនឹងការចុះផ្សព្វផ្សាយព័ត៌មានខុសឆ្គង ក្នុងសារព័ត៌មានអន្ដរជាតិនាពេលកន្លងមក បន្ថែមលើសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង ដែលបានប្រតិកម្មទៅនឹងការប្រើប្រាស់គោរម្យងារថា «ព្រះរជ្ជទាយាទ» ចំពោះបុត្រទី៨ របស់ព្រះអង្គទៀតផង ។

សម្ដេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស់ បន្ដថា «យោងតាមរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា គឺជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដែលព្រះមហាក្សត្រ ត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារាជសម្បត្ដិ ។ គោរម្យងារដែលគេហៅថា «ព្រះរជ្ជទាយាទ» មិនមាន ហើយមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា»

«បុត្រាខ្ញុំ ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ជាកូនទី៨ របស់ខ្ញុំ និងជាព្រះអង្គម្ចាស់មួយអង្គក្នុងចំណោមព្រះអង្គម្ចាស់ខ្មែរជាច្រើនព្រះអង្គទៀតក្នុងរាជវង្សានុវង្ស។ គ្មានព្រះអង្គម្ចាស់កម្ពុជាណា ដែលត្រូវបានតែងតាំងជាព្រះអង្គម្ចាស់គ្រប់គ្រងរាជសម្បត្តិបន្ត ឬទទួលគោរមងារ ព្រះរជ្ជទាយាទ ដែលមិនធ្លាប់មាននៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ»

គួរដឹងថា មុនសេចក្ដីថ្លែងការណ៍ខាងលើ ១ថ្ងៃ ពោលគឺការពីថ្ងៃទី២០ ខែកញ្ញា ក្រសួងព្រះបរមរាជវាំង បានប្រតិកម្មនឹងកាសែតបរទេសមួយចំនួន ដែលបានប្រើប្រាស់ពាក្យ «រជ្ជទាយាទ» នៃព្រះមហាក្សត្រកម្ពុជា នៅក្នុងអត្ថបទរបស់ខ្លួន ដែលពាក់ព័ន្ធនឹងសែស្រឡាយ រាជវង្សមួយអង្គស្នើទិញក្លិបបាល់ទាត់ AS Saint-Etienne នៅលីគកំពូលរបស់បារាំង ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង បានបញ្ជាក់ថា «យោងតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រុមប្រឹក្សារាជសម្បត្តិ នៃព្រះរាជាណាចក្រកម្ពុជា មិនមានចែងអំពីការចាត់តាំង ព្រះរជ្ជទាយាទ “Prince Héritier” ហើយក៏ពុំមានចែងអំពីស្ថាប័ន ឬបុគ្គលណាមួយមានសិទ្ធិអំណាចចាត់តាំងពីរជ្ជទាយាទឡើយ»

ការភាន់ច្រឡំថា «រជ្ជទាយាទ» នៃព្រះមហាក្សត្រកម្ពុជា កើតឡើងដោយសារព័ត៌មានបរទេស ចុះផ្សាយអំពី ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ បានដាក់សំណើចំនួន ១០០ លានអឺរ៉ូ កាលពីថ្ងៃសុក្រ ដល់ធនាគារ KPMG បញ្ជាក់ពីបំណងធ្វើជាម្ចាស់ក្លិប AS Saint-Etienne ។ សារព័ត៌មានទាំងនោះ បានប្រើប្រាស់នូវពាក្យថា «រជ្ជទាយាទ» ដោយសំដៅលើព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ៕