(បាងកក, ថៃ)៖ លោកបណ្ឌិតសាស្រ្តាចារ្យ Pornpetch Wichitcholchai ប្រធានព្រឹទ្ធសភាថៃ បានលើកឡើងថា កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អរវាងកម្ពុជា និងថៃ បានផ្តល់ផ្លែផ្កាជាប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ ដើម្បីរក្សាបាននូវឧត្តមប្រយោជន៍ទាំងនេះ ប្រធានព្រឹទ្ធសភាថៃ បានសន្យាថា នឹងបន្តប្រឹងប្រែងជំរុញនូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងកម្ពុជា-ថៃ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

ការគូសរំលេចរបស់ប្រធានព្រឹទ្ធសភាថៃ បានធ្វើឡើងក្នុងពេលរូបលោកអនុញ្ញាតឱ្យលោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារមួយចំនួនកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ។ លោកបណ្ឌិត សុខ សុក្រឹត្យា ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅក្នុងប្រទេសថៃ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំស្ថាប័នសភា ក៏ដូចជាអ្នកនយោបាយថៃ។

ដំណើរចូលជួបសម្តែងការគួរសមជាមួយប្រធានព្រឹទ្ធសភាថៃនេះ លោកបណ្ឌិត សុខ សុក្រឹត្យា ទទួលបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត។ ក្នុងជំនួបក្រោមបរិយាកាសដ៏ស្និទ្ធស្នាល និងរីករាយនោះ លោកបណ្ឌិត សុខ សុក្រឹត្យា និងប្រធានព្រឹទ្ធសភាថៃ បានជជែកគ្នាជាច្រើនលើកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងកម្ពុជា-ថៃ។ ជំនួបនោះ បានសង្កត់ធ្ងន់ថា តាមរយៈទំនាក់ទំនងដ៏ល្អប្រសើរនេះ បានធ្វើឱ្យការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែធំធាត់ពីមួយឆ្នាំទៅមួយឆ្នាំ។

បន្ថែមពីលើនោះទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ក៏កាន់តែស្និទ្ធស្នាលផងដែរ។ នៅចំពោះមុខនៃភាពល្អប្រសើរនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនេះ លោក Pornpetch Wichitcholchai សន្យាប្រឹងប្រែងជំរុញនូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅថែមទៀតជាមួយកម្ពុជា។

ប្រធានព្រឹទ្ធសភាថៃ ក៏បានគូសបញ្ជាក់ដែរថា នឹងជំរុញឱ្យមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងអ្នកនយោបាយវ័យក្មេងរវាងប្រទេសទាំងពីរ ដែលជាអ្នកបន្តវេនក្នុងការរក្សានូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។

នៅក្នុងជំនួបនេះ លោកបណ្ឌិត សុខ សុក្រឹត្យា បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចវិបុលសេនា សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជូនប្រធានព្រឹទ្ធសភាថៃ។

លោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានជម្រាបប្រធានព្រឹទ្ធសភាពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាពិសេសភាពជោគជ័យលើការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ដែលសម្រេចបានជាង ៩៨ភាគរយសម្រាប់អ្នកអាយុ ១៨ឆ្នាំឡើង, ជិត ៩០ភាគរយ សម្រាប់អ្នកមានអាយុ ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ និងសម្រេចបានជិត ៥០ភាគរយ សម្រាប់ក្មេងអាយុ ៦ឆ្នាំ ទៅក្រោម ១២ឆ្នាំ។

លោក សុខ សុក្រឹត្យា បានលើកឡើងពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន លើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលកំពុងទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ និងឈានទៅការបើកដំណើរការសេដ្ឋកិច្ច សាលារៀន ជាបណ្តើរៗឡើងវិញ ជាមួយវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

ភាពជោគជ័យរបស់កម្ពុជាលើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនេះ ធ្វើឱ្យប្រធានព្រឹទ្ធសភាថៃ កោតសរសើរជាខ្លាំងចំពោះភាពប៉ិនប្រសប់ និងការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន។

ចុងក្រោយនៃជំនួបប្រធានព្រឹទ្ធសភាថៃ បានផ្តាំផ្ញើតាមលោក សុខ សុក្រឹត្យា សួរសុខទុក្ខសម្តេចប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា និងសម្តេចតេជោនាយករដ្ឋមន្ត្រី៕